មិនយូរទៀតនោះទេ តារាសម្ដែងដ៏ល្បីឈ្មោះលោក កុំកុំ នឹងបង្ហាញខ្លួនក្នុងភាពយន្ដកុនហូលីវូដ “John Wick: Chapter 4” ខណៈអ្នកគាំទ្រជាច្រើនពិតជាមិនអាចរង់ចាំ និងចង់ឃើញថាតារាប្រុសវ័យ ៦០ ឆ្នាំរូបនេះនឹងនាំអ្វីថ្មីប្លែកមកជូនអ្នកទស្សនា ជាពិសេសក្បាច់គុនវាយគ្នាតែម្ដង។

ក្នុងរឿងនេះដែរ លោកនឹងដើរតួជាឃាតករស៊ីឈ្នូលដ៏ជំនាញម្នាក់ អ្វីដែលសំខាន់នោះតួអង្គដែលលោកសម្ដែងមានទំនាក់ទំនងស្អិតល្មួតជាមួយតួអង្គឯកប្រុសដែលសម្ដែងដោយតារាប្រុស Keanu Reeves។ ភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់តារាប្រុសទាំងពីរបូកបញ្ចូលគ្នាកាន់តែធ្វើឱ្យគ្រប់គ្នាចង់ទស្សនាថែមមួយកម្រិតទៀត។
តែយ៉ាងណាមិញ តារាប្រុស កុំកុំ បែរជាទម្លាយរឿងមួយដែលខ្លួនខកចិត្តកំឡុងពេលអានស្គ្រីបរឿងដំបូងរបស់ “John Wick: Chapter 4”។ នេះបើតាមបទសម្ភាសន៍របស់លោក ជាមួយខាងទស្សនាវដ្ដី GQ Magazine កាលពីថ្មីៗ។
លោកបានលើកឡើងថា៖ រឿងដែលលោកមិនពេញចិត្តនោះគឺការដាក់ឈ្មោះតួអង្គ ការដាក់ឈ្មោះតួអង្គដែលលោកសម្ដែងធ្វើឱ្យលោកមានអារម្មណ៍ថាវានៅតែមានការរើសអើង។ ថ្វីបើលោកជាជនជាតិចិន និងសម្ដែងតំណាងជាតួអង្គជនជាតិអាស៊ីតែមិនបានមានន័យថាលោកត្រូវតែប្រើប្រាស់ឈ្មោះបែបចិនឡើយ។
លោកបន្ដថា៖ តួអង្គក្នុងរឿងគឺជាការបង្កើតដោយការស្រមើស្រមៃរបស់អ្នកនិពន្ធ ដូច្នេះគួរតែជ្រើសដាក់ឈ្មោះឱ្យសមទៅនឹងអត្ដចរិត ទីកន្លែង ពេលវេលា និងសាច់រឿង។ ពេលខ្លះតួអង្គជាជនជាតិចិន មិនប្រាកដថាត្រូវតែដាក់ឈ្មោះចិនឡើយ ជាក់ស្ដែងគឺត្រូវគិតថាធ្វើណាឱ្យមើលទៅសម។ ការធ្វើបែបនេះ ធ្វើឱ្យលោកមានអារម្មណ៍ថា តួអង្គដែលជាជនជាតិចិន ឬអាស៊ី មិនអាចមានឈ្មោះជាភាសាអង់គ្លេសដូចតួអង្គបរទេសឡើយ វាពិតជាទំនៀមទំលាប់របស់អ្នកនិពន្ធជាច្រើនមែន។ ជាលទ្ធផលឈ្មោះតួអង្គដែលលោកសម្ដែងក៏ត្រូវប្ដូរពី Shang ទៅជា Caine វិញ។
លោកបានបន្ដទៀតថា៖ ក្រៅពីបញ្ហាមួយនេះ លោកមិនមានបញ្ហាអ្វីនោះទេ ជាពិសេសគ្រប់គ្នានៅកន្លែងថតពិតជាងាយស្រួលចុះសម្រុង ហើយលោកក៏រីករាយក្នុងការថតរឿងមួយនេះដែរ។
គួរបញ្ជាក់ថា “John Wick: Chapter 4” នឹងត្រៀមចាក់ផ្សាយជាផ្លូវការក្នុងរោងភាពយន្ដនានាក្នុងប្រទេសអាមេរិកនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខនេះ៕

























Account
Security
Favourite Content