កាលពីថ្ងៃ ២០ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ FIFTY FIFTY បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានសម្រាប់ការបញ្ចេញអាល់ប៊ុមទី ២ “Love Tune” ព្រមជាមួយសមាជិកថ្មីៗជាច្រើនរូបទៀត។

FIFTY FIFTY ដែលប្រឡូកក្នុងវិថីសិល្បៈក្នុងនាមជាក្រុមចម្រៀងនារី K-pop ជាមួយនឹងសមាជិក ៤ នាក់ Keena, Saena, Sio និង Aran តាំងពីកាលខែវិច្ឆិកា ឆ្នាំ២០២២ មកនោះ មានការប្រែប្រួលជាច្រើនបានកើតឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយហេតុថាសមាជិក៣ ក្នុងចំណោម៤នាក់ បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ATTRAKT កាលពីឆ្នាំមុន។ បច្ចុប្បន្ននេះ ក្រុមចម្រៀងកូរ៉េខាងត្បូងមួយនេះមានសមាជិកសរុប ៥រូប ដោយមានតែ Keena ម្នាក់ប៉ុណ្ណោះដែលជាសមាជិកដើម ជាមួយនឹង Chanelle, Yewon, Hana និង Athena ដែលជាសមាជិកថ្មីៗ។

ក្នុងអំឡុងពេលសន្និសីទកាសែតនៃការត្រឡប់មកវិញរបស់ក្រុមមួយនេះ Keena បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះការចាប់ផ្ដើមម្ដងទៀតជាមួយនឹងសមាជិកថ្មី ថា៖ “ខ្ញុំបានចំណាយពេលជាច្រើនទៅលើការពិចារណា និងទទួលបានអារម្មណ៍ផ្សេងៗគ្នា។ ខ្ញុំពិតជាចង់អរគុណដល់កម្លាំងចិត្តនានា ដែលផ្តល់ឱកាសមួយនេះជាថ្មីម្ដងទៀតសម្រាប់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំអាចឈរនៅលើឆាកជាមួយនឹងសមាជិករួមក្រុមថ្មីៗនៅថ្ងៃនេះ“។
Keena បាននិយាយបន្ថែមថា “ខ្ញុំមិនអាចកុហកបានទេថា ខ្ញុំពិតជាមានសម្ពោធ ប៉ុន្តែខ្ញុំបានប្រាប់សមាជិកថា យើងទាំង ៥នាក់គួរតែរួមគ្នាជាក្រុមមួយដ៏ខ្លាំង។ ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើតចម្រៀងដែលចេញពីក្រអៅបេះដូងរបស់យើង”។


ដោយឡែកសម្រាប់សមាជិកក្រោយ ២ រូប បានរំឭកពីអតីតដែលខ្លួនធ្លាប់បាត់បង់ឱកាសក្លាយជាសិល្បករម្ដងរួចទៅហើយនៅពេលប្រកួតក្នុងកម្មវិធី R U NEXT? ជាមួយនឹងភាពរីករាយក្រោយពីសុបិនបានក្លាយជាការពិត ដោយ Chanelle បាននិយាយថា៖ “វាជាក្តីស្រមៃរបស់ខ្ញុំក្នុងការក្លាយជាអ្នកចម្រៀងមួយរូប។ ខ្ញុំបានព្យាយាមហ្វឹកហាត់ច្រើន ហើយវាជាកិត្តិយសណាស់ក្នុងការបំពេញក្តីស្រមៃរបស់ខ្ញុំ តាមរយៈការក្លាយជាសមាជិកក្រុម FIFTY FIFTY“។ ដូចគ្នាដែរ Yewon បានចែករំលែកថា៖ “ខ្ញុំសប្បាយចិត្តណាស់ ក្រោយខ្ញុំអាចបំពេញបំណងដែលចិត្តខ្ញុំប៉ងយូរមកហើយ។ ពួកយើងនឹងបង្ហាញខ្លួននៅចំពោះមុខអ្នកជាមួយនឹងបទចម្រៀងដែលមានគុណភាពចាប់ពីពេលនេះតទៅ“។
Love Tune ដែលជាអាល់ប៊ុមតូចទី 2 របស់ FIFTY FIFTY ជាលទ្ធផលនៃការរួមបញ្ចូលបទចម្រៀងរវាងភាសាកូរ៉េ និងអង់គ្លេសដូចជាបទ SOS និងបទ Starry Night ជាមួយគ្នានឹង b-side track ដូចជាបទ Push Your Love និង Gravity ផងដែរ៕























































Account
Security
Favourite Content