អស់រយៈពេលជាងជិត ៨ ឆ្នាំមកហើយ ដែលក្រុម 2NE1 បានប្រកាសបំបែកជាផ្លូវការដែលធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនស្ដាយស្រណោះយ៉ាងខ្លាំង។ ជាពិសេស គ្រប់គ្នានៅតែទន្ទឹងរង់ចាំ និងសង្ឃឹមថាសមាជិកទាំង ៤ អាចបញ្ចេញចម្រៀងរួមគ្នាសាជាថ្មីម្ដងទៀត។

មែនទែនទៅ បើទោះជាក្រុមរំសាយហើយក្ដី តែចំណងមិត្ដភាពរបស់សមាជិកទាំង ៤ រួមមាន CL, Sandara Park, Park Bom និង Minzy នៅតែមានភាពស្អិតល្មួតមិនប្រែប្រួល។ ជារឿយៗ អ្នកទាំង ៤ តែងណាត់គ្នាចេញដើរកម្សាន្ដ ឬញ៉ាំអាហារជួបជុំគ្នា។ ប៉ុន្មានម៉ោងនេះ តារាស្រី CL និង Sandara Park ក៏បានបង្ហោះរូបញ៉ាំអាហារជួបជុំគ្នាសាជាថ្មីម្ដងទៀតដែលធ្វើឲ្យអ្នកគាំទ្រពិតជារំភើបចិត្ដខ្លាំង និងបញ្ចេញមតិនឹករលឹកជាហូរហែរ។


ការបង្ហោះរូបជុំគ្នាលើកនេះ ធ្វើឲ្យអ្នកគាំទ្រទ្រាំមិនបានលួចសង្ឃឹមថា សមាជិក 2NE1 អាចនឹងមានអ្វីពិសេសមកជូនដល់អ្នកគាំទ្រ ដោយសារខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខត្រូវជាគម្រប់ខួប ១៥ ឆ្នាំ ដែល 2NE1 បានចេញជាផ្លូវការ។ ក្រៅពីនេះ សមាជិកទាំង ៤ តែងតែគាំទ្រគ្នាទៅវិញទៅមក រាល់ពេលសមាជិកម្នាក់ណាបញ្ចេញចម្រៀង ឬមានសកម្មភាពណាមួយ ធ្វើឲ្យមនុស្សជាច្រើនសរសើរពីចំណងមិត្ដភាពរបស់ក្រុម 2NE1 យ៉ាងខ្លាំង។


គួរបញ្ជាក់ថា ក្រុមចម្រៀង 2NE1 បានបញ្ចេញមុខជាផ្លូវការក្នុងឆ្នាំ ២០០៩ ជាមួយបទចម្រៀងដ៏មានគុណភាព អមជាមួយទេពកោសល្យរបស់សមាជិកទាំង ៤ ធ្វើឲ្យក្រុមចម្រៀងនេះមានភាពលេចធ្លោខ្លាំងក្នុងកំឡុងឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣។ 2NE1 ត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងនារីខេប៉ុបជំនាន់ទី ២ ដ៏ជោគជ័យមួយ និងសាងកេរ្ដិ៍ឈ្មោះជាច្រើនក្នុងវិស័យខេប៉ុប។ អ្វីដែលគួរឲ្យសោកស្ដាយ YG បានប្រកាសរំសាយក្រុមនារីដ៏ឆ្នើមមួយនេះក្នុងឆ្នាំ ២០១៦ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយខ្លាំងសម្រាប់វិស័យខេប៉ុបទាំងមូល ៕
























Account
Security
Favourite Content