Chow Yun-Fat តារាជើងចាស់ហុងកុងប្រើជីវិតរស់នៅសាមញ្ញ គ្រោងបរិច្ចាគទ្រព្យសម្បត្ដិទាំងអស់ពេលអស់ជីវិត

Chow Yun-Fat ជាតារាសម្ដែងហុងកុងដ៏ល្បីម្នាក់នាជំនាន់ទស្សវត្សន៍ឆ្នាំ ៨០ និងត្រូវបានគេចាត់ទុកថាជាតារាប្រុសដ៏មានឥទ្ធិពលម្នាក់នៅហុងកុងផងដែរ។ ក្រៅពីអាជីពជាតារាសម្ដែង លោកក៏ជាតារាចម្រៀង និងអ្នកថតរូបដ៏ឆ្នើមម្នាក់ផងដែរ។ មែនទែនទៅ ទស្សនិកជនទូទាំងអាស៊ីបានស្គាល់រូបលោកតាមរយៈខ្សែភាពយន្តជាច្រើនដូចជា Heroic Identity, The Monkey King, Once a Thief and Hard Boiled, A Better Tomorrow, Crouching Tiger & Hidden Dragon,  God Of Gamblers និង The Killer ជាដើម។  សម្រាប់ស្នាដៃចុងក្រោយរបស់លោកមុនឈប់សម្ដែងគឺរឿង Project Gutenberg ក្នុងឆ្នាំ ២០១៨។

លោក Chow Yun-Fat មានឈ្មោះហៅក្រៅថា Donald Chow  ឬ Fat-Gor ។ លោកកើតនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៩៥៥ នៅកោះ Lamma ហុងកុង។ លោកធំធាត់ឡើងក្នុងគ្រួសារកសិករនៅលើកោះ Lamma ខណៈជីវភាពរបស់លោកមិនសូវធូរធារឡើយ។ ផ្ទះរបស់លោកគឺគ្មានភ្លើងអគ្គីសនីប្រើប្រាស់ និងរស់នៅបែបសាមញ្ញបំផុត ដោយលោកតែងក្រោកពីព្រលឹមដើរលក់ ចាហួយខ្មៅ និងបង្អែមជាមួយម្ដាយរបស់ខ្លួន។ នៅអាយុ ១០ ឆ្នាំ ក្រុមគ្រួសាររបស់លោកក៏ផ្លាស់ទីលំនៅមករស់នៅតំបន់ Kowloon វិញ។

ជាមួយគ្នា ដោយសារតែមានជីវភាពមិនសូវល្អ លោកបានសម្រេចចិត្តឈប់រៀននៅអាយុ ១៧ ឆ្នាំ និងដើររកការងារធ្វើដើម្បីជួយសម្រាលបន្ទុកគ្រួសារ។ មុនមានឱកាសក្លាយជាតារាសម្ដែង លោកធ្លាប់ធ្វើជាអ្នកលើកវ៉ាលី ឬឥវ៉ាន់ តាមសណ្ឋាគារ អ្នករត់សំបុត្រ និងអ្នករត់តាក់ស៊ី។ ជីវិតរបស់លោកចាប់ផ្ដើមមានការប្រែប្រួលក្រោយលោកត្រូវបានទៅដាក់ពាក្យធ្វើជាអ្នកហ្វឹកហាត់ផ្នែកសម្ដែង និងត្រូវបានស្ថានីយន៍ទូរទស្សន៍ TVB ជ្រើសរើស។ លោក Chow Yun-Fat បានចុះកុងត្រារយៈពេល ៣ ឆ្នាំ និងចាប់ផ្ដើមចេញសម្ដែងរឿងភាគដំបូងបំផុតក្នុងឆ្នាំ ១៩៧៦។ ក្នុងឆ្នាំ ១៩៨០ លោកបានបង្ហាញខ្លួនក្នុងរឿង “The Bund” របស់ TVB និងធ្វើឱ្យលោកមានភាពល្បីល្បាញខ្លាំងជុំវិញប្រទេសក្នុងតំបន់អាស៊ី។

ថ្វីបើទទួលបានជោគជ័យខ្លាំង តែបំណងប្រាថ្នារបស់តារាប្រុស Chow Yun-Fat គឺចង់ក្លាយជាតារាសម្ដែងក្នុងរឿងភាពយន្ដកុនដ៏ឆ្នើមម្នាក់។ លោកបានសាកល្បងជ្រៀតចូលសម្ដែងក្នុងភាពយន្ដកុនមួយចំនួនប៉ុន្ដែហាក់មិនទទួលបានគាំទ្រខ្លាំងដូចការរំពឹងទុកឡើយ។ កន្លងផុតអស់រយៈពេល ៦ ឆ្នាំ គឺក្នុងឆ្នាំ ១៩៨៦ លោកក៏ទទួលបានឱកាសសម្ដែងក្នុងរឿង “A Better Tomorrow” ដែលដឹកនាំសម្ដែងដោយលោក John Woo។ រឿងនេះដែរ បានក្លាយជាភាពយន្ដកុនហុងកុងបែបអ្នកលេងដល់ល្បីមួយក្នុងទស្សវត្សន៍ឆ្នាំ ៨០ ផងដែរ និងរកបានចំណូលយ៉ាងច្រើនក្រាស់ក្រែលផងដែរ។ វត្ដមានរបស់លោក Chow Yun-Fat ក្នុងរឿង “A Better Tomorrow” បានធ្វើឱ្យលោកមានឱកាសឈ្នះពានរង្វាន់តារាសម្ដែងប្រុសឆ្នើមក្នុងកម្មវិធីពានរង្វាន់ Hongkong film awards ដែលនេះពិតជាជោគជ័យអស្ចារ្យមួយ។ បន្ទាប់ពីនោះ លោកក៏ជ្រើសសម្ដែងតែក្នុងខ្សែភាពយន្ដកុនប៉ុណ្ណោះ និងបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា Heroic Bloodshed, Prison on Fire, Prison on Fire II, The Killer, Hard Boiled, City on Fire, Quentn។ ក្នុងចំណោមភាពយន្ដកុនលោកធ្លាប់សម្ដែង រឿងស្ដេចល្បែងហុងកុង ឬ God Of Gamblers សម្ដែងរួមគ្នាជាមួយលោក លី តាវហួរ និងទិន ហ្វី ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតា។ ក្នុងអាជីពជាតារាសម្ដែង លោកបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ដកុនប្រមាណ ៩៥ រឿង និងរឿងភាគចំនួន ២៥ រឿង។

ក្រឡេកមកមើលពានរង្វាន់វិញ លោកក៏បានឈ្នះពានរង្វាន់ធំជាច្រើនដូចជា តារាសម្ដែងប្រុសឆ្នើមក្នុងឆ្នាំ ១៩៨៧,១៩៨៨, ១៩៩០ សម្រាប់ពានរង្វាន់កម្មវិធី HongKong Film Awards។ លោកបានឈ្នះពានរង្វាន់ តារាសម្ដែងប្រុសឆ្នើមក្នុងឆ្នាំ ១៩៨៥,១៩៨៧ សម្រាប់ពានរង្វាន់កម្មវិធី Golden Horse Awards។ ក្រៅពីនេះលោកក៏បានឈ្នះពានរង្វាន់ តួឯកប្រុសឆ្នើមខ្លាំង និងតួអង្គដែលគ្រប់គ្នាមិនអាចបំភ្លេចបាន សម្រាប់ពានរង្វាន់កម្មវិធី TVB Anniversary Awards។

ភាពជោគជ័យរបស់លោកមួយផ្នែកធំបានមកពីការខិតខំតស៊ូប្រឹងប្រែង និងមិនខា្លចថតឈុតឆាកគ្រោះថ្នាក់។ លោក Chow Yun-Fat មិនធ្លាប់ហាត់ក្បាច់គុនឡើយមុនចូលសម្ដែង និងក៏មិនបានហ្វឹកហាត់ច្រើនដូចគ្នារាល់ពេលសម្ដែងម្ដងៗ ដូច្នេះលោកតែងជួបបញ្ហាលំបាកមួយចំនួនពេលសម្ដែង។ ជាក់ស្ដែងមានម្ដងលោកធ្លាប់បែកក្បាលដេរអស់ ៥ ថ្នេរកំឡុងពេលសម្ដែងជាមួយតារាប្រុស Kenny Wong ប៉ុន្ដែលោកខិតខំប្រឹងសម្ដែងទាំងមិននឿយហត់រហូតដល់ចប់។ ក្នុងឆ្នាំ ១៩៩២ កំឡុងពេលថតរឿងលោកប៊ិះនឹងភ្លើងឆេះខ្លួនក្រោយថតខុសបច្ចេកទេស ប៉ុន្ដែជាសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត។ នៅអាយុ ៦០ ឆ្នាំលោកក៏ធ្លាប់ថតឈុតគ្រោះថ្នាក់ដោយខ្លួនឯងមិនមានតួជំនួសឡើយក្នុងរឿង From Vegas to Macau 3។

បើនិយាយដល់ជីវិតគ្រួសាររបស់លោក Chow Yun-Fat លោកបានរៀបការចំនួន ២ ដង។ លើកទី ១ លោកបានរៀបការជាមួយតារាស្រី Candice Yu ក្នុងឆ្នាំ ១៩៨៣ ប៉ុន្ដែអ្នកទាំងពីររៀបការបានមួយឆ្នាំក៏បានសម្រេចលែងលះគ្នាក្នុងឆ្នាំ ១៩៨៤។ លោកក៏បានរៀបការភរិយាទី ២ គឺលោកស្រី Jasmine Tan ក្នុងឆ្នាំ ១៩៨៦ រហូតមកដល់បច្ចុប្បន្ន។ អ្នកទាំងពីរធ្លាប់មានកូនស្រីម្នាក់ ប៉ុន្ដែគួរឱ្យសោកស្ដាយអ្នកកូននោះក៏បានស្លាប់ក្នុងផ្ទៃមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង ដោយសារតែរឿងឈឺចាប់នេះអ្នកទាំងពីរសម្រេចចិត្តមិនយកកូនទៀតឡើយសុខចិត្តយកប្រាក់ជួយដល់ក្មេងៗ កំព្រាក្នុងសង្គមវិញ។ យោងតាមប្រភពព័ត៌មាន South China Morning Post គិតត្រឹមឆ្នាំ ២០២២ តារាសម្ដែងប្រុសវ័យ ៦៨​ ឆ្នាំរូបនេះមានទ្រព្យសម្បត្ដិដល់ទៅ ២០០ លានដុល្លារអាមេរិកឯណោះ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះមានទ្រព្យសម្បត្ដិរាប់រយលានដុល្លារអាមេរិក តារាប្រុស Chow Yun-Fat បែរជាជ្រើសយកជីវិតរស់នៅយ៉ាងសាមញ្ញស្ទើរមិនគួរឱ្យជឿទៅវិញ។ ខណៈពេលខ្លះលោកចំណាយប្រាក់អស់តែ ៦០ ដុល្លារអាមេរិកក្នុងការចាយវាយប្រចាំថ្ងៃក្នុង ១ ខែ ប៉ុណ្ណោះ។ ចូលវ័យកាន់តែចាស់ តារាប្រុស Chow Yun-Fat កាន់តែប្រើជីវិតចុងក្រោយរបស់លោកយ៉ាងមានន័យជាមួយភរិយា និងធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។

ជាប្រចាំថ្ងៃរាល់ពេលធ្វើដំណើរទៅណាមកណា លោកតែងតែជ្រើសជិះឡានក្រុងធម្មតា ឬជិះកង់ ប្រសិនបើទីកន្លែងដែលនៅជិត។ បើក្រឡេកទៅមើលទូរសព្ទវិញ លោកធ្លាប់បានប្រើទូរសព្ទ Nokia ស៊េរីចាស់អស់រយៈពេល ១៧ ឆ្នាំ ហើយចំពោះមូលហេតុលោកផ្លាស់ប្ដូរទូរសព្ទដោយសារតែទូរសព្ទចាស់ខូចប៉ុណ្ណោះ។ លោកធ្លាប់ត្រូវបានគេប្រទះឃើញដើរផ្សារទិញសម្លៀកបំពាក់នៅហាងដែលបញ្ចុះតម្លៃ។ លោកធ្លាប់បានលើកឡើងថា៖ លោកមិនបានស្លៀកពាក់ឱ្យអ្នកដទៃមើលឡើយ ដូច្នេះសម្រាប់លោកស្លៀកអ្វីដែលធ្វើឱ្យលោកសប្បាយចិត្តគឺគ្រប់គ្រាន់។

ពេលទំនេរលោកបានចំណាយពេលជិះកង់ដើរកម្សាន្ដ ឡើងភ្នំ រៀនជ្រមុជទឹក និងបានរៀនពីការម៉ាស្សាផងដែរ។ លោកក៏ផ្ដោតលើការហូបចុកគឺការហូបបន្លែផ្លែឈើ និងធ្វើលំហាត់ប្រាណជាដើម។ លោកតែងចូលសម្រាកពីព្រលប់ និងក្រោកពីព្រលឹមដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ។

តារាប្រុស Chow Yun-Fat ធ្លាប់បាននិយាយពាក្យមួយឃ្លាថា៖ លោកមានបំណងប្រាថ្នាមួយគឺចង់ក្លាយជាមនុស្សដែលសប្បាយរីករាយ និងរស់នៅដោយសាមញ្ញបំផុត។ សម្រាប់លោករឿងដែលស្មុគស្មាញបំផុតក្នុងជីវិតមិនមែនជាការរកប្រាក់ឡើយ ប៉ុន្ដែការរក្សាចិត្តឱ្យស្ងប់សុខ រស់នៅដោយសាមញ្ញ និងគ្មានការព្រួយបារម្ភពីអ្វីទាំងអស់។

ក្រៅពីរស់នៅយ៉ាងសាមញ្ញ តារាប្រុស Chow Yun-Fat និងភរិយាក៏មានគម្រោងចង់បរិច្ចាគប្រាក់ដែលខ្លួនមានទាំងអស់ដើម្បីជួយអ្នកខ្វះខាត ឬត្រូវការជំនួយនៅពេលដែលអស់ជីវិត។ ដោយសារមានមនុស្សជាច្រើនកំពុងត្រូវការជំនួយទាំងនោះដើម្បីរស់រានមានជីវិត សិក្សាបន្ដ ឬព្យាបាលជំងឺជាដើម។ លោកក៏ធ្លាប់បានបរិច្ចាគប្រាក់ជាច្រើនរួចមកហើយដើម្បីជួយដល់អ្នកខ្វះខាត។ បន្ថែមពីនេះ តារាប្រុស Chow Yun-Fat ក៏បានប្រាប់ពីមូលហេតុដែលធ្វើឱ្យលោកមានគំនិតចង់បរិច្ចាគប្រាក់របស់ខ្លួនថា  ប្រាក់ដែលលោករកបានវាមិនមែនជារបស់លោកឡើយ វាគ្រាន់តែនៅជាមួយលោកមួយរយៈពេលប៉ុណ្ណោះ។ ប្រាក់ទាំងនោះវាគួរតែទៅដល់ដៃអ្នកដែលពិតជាត្រូវការវាពិតប្រាកដដើម្បីរស់នៅ។

ការចំណាយពេលវេលារស់នៅយ៉ាងសាមញ្ញ និងទឹកចិត្តដ៏ល្អប្រពៃរបស់តារាប្រុស Chow Yun-Fat បានធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានក្ដីរំភើបខ្លាំង បើប្រៀបធៀបទៅអ្នកដទៃគេច្បាស់ជាចំណាយប្រាក់រស់នៅបែបអភិជន និងចំណាយលើរបស់ថ្លៃៗជាមិនខាន។ តែផ្ទុយទៅវិញ ដើម្បីជួយអ្នកដទៃលោកបានបរិច្ចាគប្រាក់ជាច្រើនដើម្បីជួយដល់សង្គម វាពិតជារឿងល្អដែលមិនអាចកាត់ថ្លៃបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី