រឿងភាគចិនបែប Bromance មានចំណងជើងថា “Justice in the Dark” បានចេញផ្សាយជាផ្លូវការ ខណៈមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពីសំណាក់ក្រុមអ្នកគាំទ្រ មិនថាតែក្នុងស្រុក ឬក្រៅស្រុកឡើយ។ ពិតណាស់ កាន់តែមានភាពល្បីល្បាញកាន់តែត្រូវប្រុងប្រយ័ត្ន ព្រោះប្រសិនបើមានបញ្ហាអ្វីមួយនឹងត្រូវគេរិះគន់យ៉ាងចាស់ដៃជាមិនខាន។
មែនទែនទៅ ចាក់ផ្សាយមិនទាន់បានប៉ុន្មានផងរឿងភាគមួយនេះក៏ត្រូវបានគេរិះគន់ដូចព្យុះ ក្រោយពួកគេបានយករូបភាពរបស់ ROSÉ សមាជិកក្រុម BLACKPINK យកទៅប្រើប្រាស់ក្នុងរឿង។ មានឈុតមួយក្នុងរឿងបង្ហាញឱ្យឃើញមនុស្សប្រុសពីរនាក់បានចូលទៅក្លឹបកម្សាន្ដ និងរកនារីមកបម្រើសេវាកម្មផ្លូវភេទ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះរូបភាពរបស់ ROSÉ បែរជាស្ថិតក្នុងបញ្ជីនារីដែលបម្រើសេវាកម្មផ្លូវភេទទៅវិញ។ ថ្វីបើក្រុមការងារព្យាយាមកែរូបភាពនោះខ្លះក៏ដោយ តែក្រុមអ្នកគាំទ្រ និងមហាជននៅតែមើលស្គាល់ថាជារូបភាពរបស់ ROSÉ។
បន្ទាប់ពីត្រូវបានគេរិះគន់ពាសពេញបណ្ដាញសង្គម និងទាមទារឱ្យមានការបកស្រាយ ក្រុមការងាររឿងភាគ “Justice in the Dark” ក៏បានចេញមកសុំទោសជាសាធារណៈ និងលើកឡើងថាខ្លួនគ្មានបំណងធ្វើដូច្នេះឡើយ វាជាការធ្វេសប្រហែសមួយពេលប៉ុណ្ណោះ។
បន្ថែមពីនេះ ក្រុមការងាររឿងមួយនេះក៏បានលើកឡើងថា កំពុងតែបានព្យាយាមទាក់ទងទៅកាន់ផលិតកម្ម YG ដើម្បីសុំទោស និងដោះស្រាយបញ្ហាឱ្យល្អប្រសើរជាងនេះ។
តែទោះជាយ៉ាងណាក្ដី មហាជន និងអ្នកគាំទ្រនៅតែបន្ដរិះគន់មិនប្រណីឡើយ ព្រោះដើមឡើយក្រុមរឿងភាគ “Justice in the Dark” គ្មានបំណងសុំទោសឡើយ គ្រាន់តែលុបចោលនូវវគ្គនោះចេញប៉ុណ្ណោះ និងព្យាយាមមិនចេញបកស្រាយអ្វីទាំងអស់។ រហូតដល់ត្រូវគេរិះគន់ខ្លាំងពេកទើបចេញមកសុំទោស វាពិតជារឿងមួយដែលធ្វើឱ្យក្រុមអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ។
គួរបញ្ជាក់ រូបភាពដែលត្រូវបានប្រើប្រាស់ក្នុងរឿងត្រូវបានបង្ហោះដោយ ROSÉ ផ្ទាល់ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាងកាលពីប៉ុន្មានឆ្នាំមុន៕























Account
Security
Favourite Content