កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសហុងកុងល្បី Benjamin Yeun បានប្រកាសដំណឹងល្អជូនដល់មហាជន និងអ្នកគាំទ្រ ដោយខ្លួន និងភរិយា Bowie Cheung ទទួលចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់។ ស្របពេលជាមួយគ្នា លោកក៏បានជប់លៀងគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ៣ ឆ្នាំ ជាមួយភរិយាយ៉ាងផ្អែមល្ហែម។



តារាប្រុស Benjamin Yeun និងភរិយា Bowie Cheung បានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០២០ ក្រោយពីសេពគប់គ្នាបានរយៈពេល ៣ ឆ្នាំ។ មង្គលការរបស់អ្នកទាំងពីរត្រូវបានរាយការណ៍ថា មានការចូលរួមតែពីក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធប៉ុណ្ណោះ។ បើទោះជាមានពាក្យចចាមអារ៉ាមមិនល្អជាច្រើនជុំវិញចំណងស្នេហាអ្នកទាំងពីរ ប៉ុន្ដែគូស្វាមីភរិយាមួយគូនេះ នៅតែកាន់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល។
មួយភ្លែតសោះ កូនប្រុសរបស់អ្នកទាំងពីរមានអាយុ ១ ខែទៅហើយ។ បើតាមការបញ្ជាក់ពីឪពុកម្ដាយគឺកូនតូចមានសុខភាពល្អ មាំទាំ។ លើសពីនេះ អ្នកទាំងពីរក៏បានចែករំលែករូបថតគួរឲ្យស្រឡាញ់របស់កូនសម្លាញ់របស់ខ្លួន មើលទៅគួរឲ្យខ្នាញ់ខ្លាំង។ កូនប្រុសរបស់អ្នកទាំងពីរត្រូវបានរាយការណ៍ថាមានឈ្មោះ Yuan Gulu។ មិនត្រឹមតែបង្ហោះរូបភាព អ្នកទាំងពីរក៏បានជូនពរកូនប្រុសឲ្យមានសុខភាពល្អ និងធំធាត់ឲ្យឆាប់ ជាពិសេស សូមឲ្យមានសំណាងល្អ និងសុភមង្គល។






គួរបញ្ជាក់ថា បើទោះជារវល់ក្នុងការថតរឿងភាគថ្មីរបស់ខ្លួនយ៉ាងណាក៏តារាប្រុស Benjamin Yeun នៅតែឆ្លៀតពេលនៅកំដរភរិយា និងកូនប្រុស។ លោកសុខចិត្ដហោះហើរទៅមកឆ្លងប្រទេសពីទីក្រុង Shen Zhen ទៅហុងកុង ដើម្បីជួបជុំគ្រួសារ។ តារាប្រុស Benjamin Yeun និងភរិយា Bowie Cheung ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយនៅវិស័យសិល្បៈហុងកុង ផងដែរ៕




























Account
Security
Favourite Content