Avatar វគ្គ ២ ឬ Avatar:The Way Of Water ជាខ្សែភាពយន្ដកុនកំពុងល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន និងជាភាពយន្ដកុនដែលអាចរកចំណូលបានយ៉ាងច្រើនក្រាស់ក្រែលត្រឹមរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី២៥ ខែធ្នូ អាចរកចំណូលសរុបបានប្រមាណ ៨៥៥ លានដុល្លារអាមេរិក។
យោងតាមប្រភពព័ត៌មាន The Hollywood Report បានឱ្យដឹងថា ចំណូល ៨៥៥ លានដុល្លារអាមេរិកបានធ្វើឱ្យ Avatar:The Way Of Water ក្លាយជាភាពយន្ដកុនលំដាប់ទី ៥ ដែលអាចរកបានចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២២។ មិនយូរទេ បើតាមការរំពឹងទុកប្រហែលត្រឹម ៣ ទៅ ៤ ថ្ងៃទៀតនឹងអាចវ៉ាដាច់រឿង Doctor Strange: In the multiverse of madness ដែលរឿងនេះរកចំណូលសរុបបាន ៩៥៥ លានដុល្លារអាមេរិក។
ស្របពេលជាមួយគ្នា រឿងនេះក៏ត្រូវបានគេរំពឹងទុកថានឹងអាចរកបានចំណូល ១ ពាន់លានដុល្លារអាមេរិកមុនចូលឆ្នាំសកល និងអាចរកចំណូលបានខ្ពស់បំផុតជិត ២ ពាន់លានដុល្លារអាមេរិក។ បើតាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា រឿង Avatar:The Way Of Water ជាកុនខ្នាតធំមួយក្នុងឆ្នាំ ២០២២ ដែលចំណាយដើមទុនផលិតប្រមាណជាង ៣៥០ លានដុល្លារអាមេរិក ទាំងនេះមិនទាន់រាប់បញ្ចូលថ្លៃផ្សព្វផ្សាយប្រម៉ូតនានាជុំវិញពិភពឡើយ៕























Account
Security
Favourite Content