កញ្ញា វ៉ាន់ ប៊ី ជាបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១&២០២២ ដែលបានកំពុងត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International Queen 2023 នៅថៃ អំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
រៀបរាប់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្បៈមួយកាលពីពេលថ្មីៗ វ៉ាន់ ប៊ី ថា ពេលនេះនាងកំពុងត្រៀមខ្លួនបណ្តើរហើយ ទាក់ទងឈុតសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏កំពុងហ្វឹកហាត់លើ Q&A និងការដើរក៏កំពុងហ្វឹកហាត់ដូចគ្នាដែរ។ ប៉ុន្តែដោយសារបច្ចុប្បន្នកម្មវិធីប្រកួតប្រជែងសម្រស់ក្នុងស្រុកមានកំណើនខ្ពស់ ធ្វើឱ្យពិបាករកអ្នកឧបត្ថម្ភបន្តិច តែនេះហាក់មិនមែនជាបញ្ហាទេ ព្រោះនាងកំពុងធ្វើរឿងនេះបណ្តើរៗហើយ។
ជិតដល់ថ្ងៃប្រកួតនៅអន្តរជាតិហើយ បវរកញ្ញាភេទទី៣កម្ពុជារូបនេះ ទើបធ្លោយមាត់ទម្លាយឱ្យដឹងថា កញ្ញា រឿន ណាត បវរកញ្ញាចក្កវាឡកម្ពុជា ២០១៨ គឺជានិមិត្តរូបក្នុងចិត្តនាង ហើយនាងស្រលាញ់ចូលចិត្ត រឿន ណាត យូរណាស់មកហើយ។ ហេតុផលនោះ គឺដោយសារ រឿន ណាត ជាបេក្ខភាពមួយរូបដែលបញ្ជូនទៅក្រៅប្រទេស ធ្វើឱ្យពិភពលោកចាប់អារម្មណ៍នៅពេលកញ្ញាបានដើរបង្ហាញនៅលើឆាក Miss Universe 2018 នៅថៃ ចាប់ពីឆ្នាំនោះហើយដែល វ៉ាន់ ប៊ី ចាប់ផ្តើមស្រលាញ់ចូលចិត្ត ណាត។ លុះពេលបានស្គាល់នៅខាងក្រៅបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ រូបនោះ ជាមនុស្សរួសរាយ ហើយតែងតែចែករំលែកបទពិសោធន៍ល្អៗទៅកាន់មនុស្សវិញខ្លួន។
លើកឡើងពីការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក គេនៅចាំបានថា ក្រោយចប់ការប្រកួតពីឆាកអន្តរជាតិភ្លាមៗសៃហ្វុន Miss Queen Cambodia 2020 ដែលជារៀមច្បងចេញទៅប្រកួតនៅឆាកអន្តរជាតិមុន បានផ្តាំទៅ វ៉ាន់ប៊ី ថា ត្រូវបង្កើតស្មារតីឱ្យខ្លាំង ការតស៊ូ និងកំណត់គោលដៅក្នុងវេទិកាមួយនេះឱ្យបានច្បាស់លាស់ ដោយសារយើងមិនមែនទៅប្រកួតតំណាងឱ្យខ្លួនឯងម្នាក់នោះទេ ប៉ុន្តែយើងតំណាងឱ្យកម្ពុជា និងក្រុម LGBTQ ទាំងអស់ដែលនៅកម្ពុជា។ ដូច្នេះ ត្រូវតែយកចិត្តទុកដាក់ការប្រកួតជាធំ ហើយត្រូវដឹងថាកម្មវិធីគេចង់បានអ្វីខ្លះ ដើម្បីយើងបានត្រៀមខ្លួនឱ្យគ្រប់គ្រាន់ មិនថាសកម្មភាពនិងការរៀបចំផ្សេងៗនោះទេ ត្រូវតែត្រៀមឱ្យព្រមជាស្រេច លុះដល់ពេលប្រកួតយើងមិនសូវភ័យនោះទេ។
យោងតាមបទពិសោធន៍ដែលរៀមច្បងបានចែករំលែក បូករួមការត្រៀមខ្លួនយ៉ាងល្អរបស់ វ៉ាន់ ប៊ី គេជឿជាក់ថា បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១&២០២២ អាចនឹងធ្វើបានល្អលើឆាកប្រកួតអន្តរជាតិ នាអំឡុងខែមិថុនា ខាងមុខនេះ។
ក្រឡេកទៅមើលរូបសម្រស់វិញ វ៉ាន់ប៊ី មើលទៅកាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ គួបផ្សំការកែកុនចំណុចខ្វះខាតបន្ថែមថ្មីៗនេះផង ធ្វើឱ្យនាងមើលទៅរឹតតែស្រស់ផូរផង់ និងទាក់ទាញជាងមុនទៅទៀត ស្មើលទៅសឹងតែដូចស្រ្តីភេទពិតៗទៅហើយ។ ជិតដល់ថ្ងៃប្រកួតនៅអន្តរជាតិ វ៉ាន់ ប៊ី កាន់តែមមាញឹកការងារសិល្បៈ ដោយជារឿយៗគេរមែងឃើញនាងបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈតូច-ធំជាញឹកញាប់៕























Account
Security
Favourite Content