សណ្ឋាគារចំណាស់ជាងគេបំផុតរបស់ពិភពលោកគឺស្ថិតនៅក្នុងខេត្ត Yamanashi ប្រទេសជប៉ុន។ សណ្ឋាគារដែលមានឈ្មោះថា Nishiyama Onsen Keiunkan បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវអស់រយៈពេលជាង ១ពាន់ ៣រយឆ្នាំមកហើយ (បង្កើតឡើងឆ្នាំ ៧០៥ នៃគ.ស.)។

អ្វីដែលអស្ចារ្យបំផុតពីសណ្ឋាគារមួយនេះ គឺវាជាអាជីវកម្មមួយដែលគ្រប់គ្រងដោយគ្រួសារតែមួយតគ្នាអស់រយៈពេល ៥២ជំនាន់មកហើយ។ សណ្ឋាគារមួយនេះត្រូវបានកំណត់ត្រាពិភពលោក World’s Guinness Records ទទួលស្គាល់ថាវាជាសណ្ឋាគារចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១១។
សណ្ឋាគារ Nishiyama Onsen Keiunka មានបន្ទប់ចំនួន ៣៧បន្ទប់ និងមានទីតាំងនៅកែកជើងភ្នំ Akaishi ដែលត្រូវបានគេស្គាល់ថាជាភ្នំអាល់ភាគខាងត្បូងនៃប្រទេសជប៉ុន ហើយវាមានចំងាយប្រហែល ៨៧ ម៉ាយ ឬ ១៤០គីឡូម៉ែត្រពីភ្នំ Fuji។ ទោះបីជា សណ្ឋាគារមួយនេះទទួលបានការធ្វើទំនើបកម្ម និងការថែទាំខ្លះប៉ុន្មានឆ្នាំមកនេះក៏ដោយ ក៏លក្ខណៈពិសេសដ៏ទាក់ទាញសំខាន់ៗនៅដូចដើមគឺ អាងទឹកក្តៅធម្មជាតិដែលហូរមកពីភ្នំ និងបរិវេនជុំវិញនោះ រួមទិដ្ឋភាពដ៏ស្រស់ស្អាតនៅតែជាចំណុចដ៏ទាក់ទាញនៃសណ្ឋាគារមួយនេះ។
គួរបញ្ជាក់ថា សណ្ឋាគារមួយនេះមានរចនាបថបែប Minimalist និងការតុបតែងតាមបែបប្រពៃណីជប៉ុន។ ចំណែកឯតម្លៃវិញមានចាប់ផ្តើមពី ៤០៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយយប់៕





























Account
Security
Favourite Content