នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ Jennie សមាជិកក្រុម BLACKPINK បានចេញដំណើរពីប្រទេសកូរ៉េ ទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំងដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូតល្បី Paris Fashion Week របស់ប្រេន Chanel នៅល្ងាចថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៣។
មែនទែនទៅ Jennie ធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានការព្រួយបារម្ភដោយសារតែនាងកំពុងមានរបួសស្នាមនៅលើផ្ទៃមុខ ខណៈគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ដើម្បីព្យាបាល និងត្រូវធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ BLACKPINK ជាបន្ដបន្ទាប់។ ឥឡូវរូបនាងថែមទាំងត្រូវហោះទៅប្រទេសបារាំងជាច្រើនម៉ោងទៀត។
តែទោះជាមានរបួសលើផ្ទៃមុខ និងមានការនឿយហត់យ៉ាងណា នាងនៅតែមិនភ្លេចញញឹមរាក់ទាក់ជាមួយក្រុមអ្នកគាំទ្រ និងក្រុមអ្នកកាសែត ថែមទាំងបង្ហាញនូវកាយវិការយ៉ាងទន់ភ្លន់ដើរចេញមកធ្វើឱ្យគ្រប់គ្នាឃើញហើយមិនសរសើរមិនបាន។
ជាមួយគ្នានេះ បើតាមការបញ្ជាក់ផ្ទាល់របស់ Jennie នៅលើ Weverse របួសលើផ្ទៃមុខក្រោមភ្នែករបស់នាងគឺដោយសារតែនាងរអិលកំឡុងពេលហាត់ប្រាណ និងធ្វើឱ្យមានរបួសស្នាមតែម្ដង។ បច្ចុប្បន្ន នាងត្រូវបិតបង់នៅលើផ្ទៃមុខមួយរយៈទម្រាំរបួសជាសះស្បើយ ដូច្នេះនាងក៏មិនអាចទាន់បង្ហោះរូបនានារបស់ខ្លួនលើបណ្ដាញសង្គមទៀតផងដែរ៕























Account
Security
Favourite Content