រឿងភាគប្រវត្តិសាស្ត្រខ្មែរដំបូងបង្អស់ «អប្សរាមហាអង្គរ» ចាប់ដំណើរការថតហើយ ក្រោយរៀបចំពិធីក្រុងពាលីចេញថតយ៉ាងអធិកអធមកាលពីពេលថ្មីៗនេះ។ ក្នុងនោះ តារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកស្រី អម្ពរ ទេវី ក៏នឹងត្រូវហោះពីសហរដ្ឋអាមេរិកមកកម្ពុជា ដើម្បីថតរឿងភាគបុរាណនេះផងដែរ ដោយអ្នកស្រីនឹងត្រូវសម្តែងប៉ះដៃគូចាស់ គឺលោក ទេព រិន្ទដារ៉ូ និង អ្នកនាង នារីរ័ត្ន គន្ធា ដែលជាមិត្តរួមអាជីពចាស់ម្នាក់ទៀត ដែលបែកគ្នាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
តាមការបង្ហើបឱ្យដឹងរបស់លោក ហ្វៃ សំអាង ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ អ្នកស្រី អម្ពរ ទេវី នឹងមកដល់កម្ពុជានៅអំឡុងខែតុលាខាងមុខនេះ ព្រោះនៅពេលនោះប្លង់ដែលអ្នកស្រីត្រូវសម្តែងនឹងមកដល់។ ក្នុងនោះ អ្នកស្រីត្រូវថតសម្រុកមែនទែន ដោយប្រើពេលជាង១ ខែទើបចប់។ ទោះសម្រុកខ្លាំងយ៉ាងណា ក៏ត្រូវធ្វើទៅតាមលំដាប់លំដោយនៃផ្ទៃរឿងទាំងមូលដដែល។
គេនៅចាំបានថា កាលអំឡុងឆ្នាំ ២០១៧ តារាសម្តែងស្រីវ័យ ៥០ ផ្លាយរូបនេះ ធ្លាប់ចុះមកកម្ពុជាថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» របស់អ្នកស្រី ពាន់ ភួងបុប្ផា និងរឿង «ឆន្ទា» របស់ផលិតកម្ម LD Entertainment ដោយស្នាដៃរឿងទាំងពីរនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន។
គេជឿជាក់ថា វត្តមានតារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សន៍ឆ្នាំ ៨០-៩០ ក្នុងរឿងភាគប្រវត្តិសាស្ត្រខ្មែរ «អប្សរាមហាអង្គរ» នឹងជួយឱ្យសាច់រឿងនេះកាន់តែទាក់ទាញថែមមួយកម្រិតទៀត ពិសេស គឺអ្នកស្រីត្រូវទ្រង់គ្រឿងសម្លៀកបំពាក់បុរាណខ្មែរនាសម័យនោះ និងឈុតឆាកស្នេហាផ្អែមល្ហែមរវាងអ្នកស្រី និងដៃគូចាស់ លោក ទេព រិន្ទដារ៉ូ តែម្តង ព្រោះក្នុងថ្ងៃក្រុងពាលី អ្នកដឹកនាំរឿង លោក ហ្វៃ សំអាង បានប្រកាសហើយថា តារាសម្តែងជើងចាស់ទាំងពីរនឹងត្រូវប៉ះគ្នាជាថ្មី ក្នុងឈុតឆាកស្នេហាផ្អែមល្ហែមខ្លាំងជាងពីមុនទៅទៀត។
យ៉ាងណាមិញ មកទល់ពេលនេះមិនទាន់មានប្រភពណាមួយទម្លាយឱ្យដឹងពីតម្លៃខ្លួនរបស់អ្នកស្រី អម្ពរ ទេវី ដែលចុះមកស្រុកខ្មែរថតរឿងនេះនៅឡើយ។ ប៉ុន្តែកន្លងមកអតីតស្វាមីអ្នកស្រី អម្ពរ ទេវី គឺលោក ពេជ្រ ភិរុណ ដែលជាអ្នករ៉ាប់រងការរៀបចំសម្លៀកបំពាក់ជូនអតីតភរិយាគ្រប់ពេលមកថតរឿងនៅស្រុកខ្មែរ ធ្លាប់ប្រាប់ឱ្យអ្នកសារព័តមានក្នុងស្រុកដឹងថា អ្នកស្រី អម្ពរ ទេវី ទទួលបានតម្លៃខ្លួន១ ម៉ឺនដុល្លារ ក្នុងការថតរឿង១ ចំណែក តម្លៃសំបុត្រយន្ដហោះទៅមក និងការស្នាក់នៅសណ្ឋាគារ ជាបន្ទុករបស់ផលិតករ៕























Account
Security
Favourite Content