មុននេះបន្តិច ក្រុមការងារក្រុមហ៊ុន CIM និងអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅជូនដំណើរបវរកញ្ញាកម្ពុជា ២ រូប រួមមាន រតនា សុខាវត្តី Miss ECO International Cambodia 2022 និង សួន ពិសី Miss Asian Global Cambodia 2023 ឆ្ពោះទៅកាន់ការប្រកួតអន្តរជាតិនាពេលដ៏ខ្លីខាងមុខ។
ក្នុងនោះ រតនា សុខាវត្តី Miss ECO International Cambodia 2022 នឹងតំណាងកម្ពុជាទៅប្រកួតប្រជែងកម្មវិធី Miss ECO International 2023 នៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៣។ ចំណែក សួន ពិសី Miss Asian Global Cambodia 2023 នឹងទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss Asian Global 2023 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
កន្លងមក រតនា សុខាវត្តី ធ្លាប់ប្រាប់ឱ្យដឹងថា នាងបានត្រៀមខ្លួនជាស្រេចហើយ សម្រាប់ការប្រកួតអន្តរជាតិដ៏ធំនេះ។ ជាក់ស្តែង នាងបានសិក្សារៀនសូត្រលម្អិតពីកម្មវិធី និងប្រពៃណី ទម្លាប់ការរស់នៅរបស់ប្រជាជនប្រទេសអេហ្ស៊ី និងការបានហាត់រៀនដើរបង្ហាញម៉ូដ ហ្វឹកហាត់ផ្នែកសំណួរចម្លើយជាដើម។ នាងមានក្តីរំពឹងខ្ពស់ចំពោះការប្រកួតនេះ និងសង្ឃឹមថាអាចដណ្តើមជយលាភីណាមួយពីឆាកអន្តរជាតិមកជូនជាតិកម្ពុជាជាក់ជាមិនខាន។
រីឯ បវរកញ្ញាសម្បុរស្រអែមស្រស់ សួន ពិសី វិញក៏មិនខុសគ្នាប៉ុន្មានដែល នាងបានសិក្សាស្វែងយល់លម្អិតពីកម្មវិធី និងអ្វីដែលគេចង់បាន រួមទាំងវប្បធម៌ការរស់នៅផ្សេងៗ និងតិចនិកប្រកួតមួយចំនួនពីរៀមច្បង ដើ់ម្បីជាប្រយោជន៍ដល់ការប្រកួតរបស់ខ្លួនឯង។ បវរកញ្ញាមានប្រភពមកពីខេត្តព្រៃវែងនេះ មានក្តីរំពឹងខ្ពស់ដល់ ៩០% ក្នុងការប្រកួតប្រជែងកម្មវិធីអន្តរជាតិដ៏ធំនេះ។
ក្រឡេកមកមើ់លបរិវេនព្រលានយន្តហោះអន្តរជាតិមុននេះបន្តិច បវរកញ្ញាកម្ពុជាទាំង ២ រូប មើលទៅពិតជាស្រស់ស្អាត និងមានភាពជឿជាក់ខ្លាំងណាស់ សម្រាប់ការចាកចេញទៅប្រកួតលើឆាកអន្តរជាតិ ទោះបីជាអ្នកទាំងពីរចេញទៅប្រកួតកម្មវិធីផ្សេងគ្នាក៏ដោយ។ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់បវរកញ្ញាកម្ពុជាទាំង ២ រូប ដើម្បីជាកម្លាំងចិត្តដល់អ្នកទាំងពីរដែលត្រៀមតំណាងជាតិកម្ពុជាលើឆាកប្រកួតអន្តរជាតិនាពេលឆាប់ៗ៕

























Account
Security
Favourite Content