មែនទែនទៅធ្វើជាតារាពិតជាមិនស្រួលឡើយ រាប់តាំងពីការរៀបចំខ្លួន អត្ដចរិត ជាពិសេសបើហ៊ានជ្រុលខ្លួនប្រព្រឹត្តខុស ច្បាស់ជាអស់អនាគតត្រូវជាប់ក្នុងបញ្ជីខ្មៅលែងមានការងារធ្វើជាមិនខាន។ ថ្មីៗនេះដែរ អតីតសមាជិកក្រុមចម្រៀង U-kiss លោក Alexander បានចូលរួមក្នុង Podcast មួយរបស់តារាយូធូប ZULA និងបានជជែកកម្សាន្ដពីប្រធានបទនានា ទាក់ទិននឹងអាជីពជាតារា។ ក្នុងឱកាសនោះលោកក៏បានលើកយកនូវរឿងអាស្រូវធំៗ ៣ ក្នុងប្រទេសកូរ៉េខាងត្បូងប្រសិនបើតារាណាផុងខ្លួនប្រព្រឹត្តខុសច្បាស់ជាចប់តែម្ដង៖

១.ការសេពគ្រឿងស្រវឹង

លោកបានលើកឡើងថា បើគ្រាន់តែសេពគ្រឿងស្រវឹងវាមិនជាបញ្ហាឡើយ តែបញ្ហានោះបើសេពហើយទៅបើកបរ និងមានគ្រោះថ្នាក់វាពិតជារឿងអាស្រូវដ៏ធំ។ មិនត្រឹមតែផាកពិន័យប្រាក់ទេ ថែមទាំងត្រូវមហាជនរិះគន់ចាស់ដៃរហូតដល់អស់ការងារជាមិនខាន។ មួយវិញទៀត ស្រវឹងស្រាវាយតបគ្នា ឬបំផ្លាញរបស់របរសាធារណៈ សុទ្ធតែជារឿងអាស្រូវធំ។
២.ការប្រើប្រាស់កញ្ឆា

លោកបានបន្ដថា៖ សម្រាប់ប្រទេសមួយចំនួន កញ្ឆាអាចនឹងប្រើប្រាស់បាន ប្រសិនវាត្រូវបានយកមកផ្សំធ្វើជាថ្នាំសម្រាប់ព្យាបាល។ ប៉ុន្ដែនៅកូរ៉េខាងត្បូងពិតជាតឹងរ៉ឹងទៅលើសារធាតុញៀន ដូចជាកញ្ឆា បើទោះជាប្រើប្រាស់ក្នុងរូបភាពបែបណានៅតែអាចប្រឈមជាមួយផ្លូវច្បាប់ខ្ពស់។ អ៊ីចឹងហើយ តារាណាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវប្រើប្រាស់កញ្ឆាក៏អស់អនាគតដូចគ្នា។
៣.ការបំពានផ្លូវភេទ

លោកបន្ថែមថា វាក៏ជារឿងអាស្រូវមួយដែលទាញតារាណាម្នាក់ឱ្យធ្លាក់ពីទីខ្ពស់ក្នុងតែមួយយប់ដូចគ្នា។ ការរំលោភបំពាន ការបន្លំលូកស្ទាប ឬទិញសេវាបម្រើផ្លូវភេទខុសច្បាប់សុទ្ធតែប្រឈមនឹងច្បាប់ និងត្រូវមហាជនស្អប់ខ្ពើមទៀត។
ជាចុងក្រោយ លោកបញ្ជាក់ប្រាប់ថា បើមិនចង់ឱ្យអនាគតខ្លួនឯងធ្លាក់ដល់បាតទេ គួរតែកុំភ្លេចខ្លួនប្រព្រឹត្តនូវរឿងទាំងអស់នេះ ព្រោះមិនងាយស្ដារកេរ្ដិ៍ឈ្មោះឡើងមកវិញឡើយ៕





















































Account
Security
Favourite Content