បើនិយាយដល់ពន្ធនាគារវិញ យើងទាំងអស់គ្នាច្បាស់ជាអាចស្រមៃឃើញថាជាកន្លែងដែលមានចម្រឹងដែក ក្លិនមិនល្អ កខ្វក់ និងគ្មានអនាម័យជាដើម។ ប៉ុន្តែបើងាកមកមើលកន្លែងទាំង ១០ នេះវិញគឺជាពន្ធនាគារដែលប្រណីតបំផុតក្នុងពិភពលោកទៅវិញ៖
១. ពន្ធនាគារ Bastoy ប្រទេសន័រវេស

ពន្ធនាគារមួយនេះស្ថិតនៅលើកោះ Oslofjord នៃប្រទេសន័រវេសដែលអាចផ្ទុកជនល្មើសបានជាង ១០០ នាក់។ នៅទីនោះអ្នកទោសអាចរីករាយជាមួយនឹងកីឡាវាយកូនបាល់ ជិះសេះ ស្ទូចត្រី និងហាលថ្ងៃក្នុងបរិវេណពន្ធធនាគារបានផងដែរ។ ជាមួយនឹងបន្ទប់ដ៏ប្រណីត និងទេសភាពខៀវស្រងាត់ធ្វើឱ្យពេលខ្លះពួកគេភ្លេចថាខ្លួនកំពុងនៅក្នុងពន្ធនាគារទៅហើយ។
២. ពន្ធនាគារ HMP Addiewell ប្រទេសស្កុតឡេន

ពន្ធនាគារមួយនេះមានទីតាំងនៅភាគខាងត្បូងនៃប្រទេសស្កុតឡេនដែលអាចផ្ទុកជនល្មើសបានជាង ៧០០ នាក់។ អ្នកទោសទាំងអស់នឹងត្រូវបានគេបែងចែកម៉ោងឱ្យរៀនជំនាញផ្សេងៗក្នុងមួយសប្ដាហ៍ ៤០ ម៉ោង។ ជាមួយគ្នាដែរ ពន្ធនាគារនេះនឹងផ្ដោតជាពិសេសទៅលើការជួយជនល្មើសឱ្យផ្លាស់ប្ដូរមករស់នៅក្នុងជីវិតថ្មីដែលមានជំនាញពិតប្រាកដក្រោយពេលរួចទោស។
៣. ពន្ធនាគារ Otago Corrections Facility ប្រទេសនូវែលសេឡង់

Otago Corrections Facility នឹងផ្ដល់បន្ទប់ស្នាក់នៅដែលល្អប្រណីតសម្រាប់អ្នកទោសនៅទីនោះ។ ជាពិសេសពន្ធនាគារផ្ដោតខ្ពស់ទៅលើការអភិវឌ្ឍជំនាញក្នុងគោលបំណងស្ដារនីតិសម្បទាឡើងវិញ។ ដូច្នេះក្នុងពន្ធនាគារមួយនេះបានផ្ដល់ជូនថ្នាក់វិស្វកម្មពន្លឺ ការចិញ្ចឹមគោយកទឹកដោះ និងការធ្វើម្ហូបជាដើម។
៤. ពន្ធនាគារ Justice Center Leoben ប្រទេសអូទ្រីស

ការរចនាពន្ធនាគារមួយនេះបែបជាផ្ទះអឺរ៉ុបសម្រាប់ជនល្មើសអហិង្សា។ នៅទីនោះគេបានផ្ដល់ជូនអ្នកទោសនូវបន្ទប់ដាច់ដោយឡែកមួយមានបន្ទប់ទឹក ផ្ទះបាយ និងទូរទស្សន៍ក្នុងនោះផងដែរ។ មិនតែប៉ុណ្ណោះ ក្នុង Justice Center Leoben ក៏មានកន្លែងហាត់ប្រាណ តារាងបាល់បោះ និងកន្លែងកម្សាន្តផ្សេងទៀតដែលអាចឱ្យអ្នកទោសរីករាយទៀតផង។
៥. ពន្ធនាគារ Aranjuez ប្រទេសអេស្ប៉ាញ

ពន្ធនាគារ Aranjuez មានលក្ខខណ្ឌពិសេសដែលអនុញ្ញាឱ្យឪពុកម្ដាយបានរស់នៅជាមួយកូនតូចរបស់ពួកគេក្នុងអាយុ ១ ខួបដំបូង។ នៅក្នុងបន្ទប់មានបំពាក់ដោយគ្រែគេងជាមួយការតុបតែងតួអង្គ Disney នៅលើជញ្ជាំងផងដែរ។ ក្រៅពីនេះក៏មានកន្លែងសម្រាប់ក្មេងលេងដែលទាំងនេះអាចផ្ដល់ឱកាសឱ្យឪពុកម្ដាយកំពុងជាប់ឃុំទទួលបានបទពិសោធន៍ និងបាននៅជិតកូន។ ការធ្វើបែបនេះគឺដើម្បីជៀសវាងការប៉ះពាល់ផ្លូវចិត្តរបស់ក្មេង។
៦. ពន្ធនាគារ Champ-Dollon ប្រទេសស្វីស
ក្រោយការជួសជុលថ្មី Champ-Dollon បានរៀបចំបន្ទប់យ៉ាងប្រណិតសម្រាប់ដែលអ្នកទោសអាចស្នាក់នៅបាន ៣ នាក់ និងបន្ទប់មួយក្នុងនោះផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងពន្ធធនាគារមួយនេះក៏បានជាមួយនឹងបរិក្ខារទំនើបៗរបៀបសាកលវិទ្យាល័យដែលធ្វើឱ្យអ្នកជាប់ឃុំមិនសូវមានសម្ពាធថាខ្លួនស្ពាយឈ្មោះជាទណ្ឌិត តែជានិស្សិតដែលខិតខំដើម្បីសម្រេចគោលដៅជាមួយមិត្តរួមថ្នាក់។
៧. ពន្ធនាគារ JVA Fuhlsbuettel ប្រទេសអាល្លឺម៉ង់
JVA Fuhlsbuettel អាចត្រូវបានចាត់ជាផ្ទះសម្រាប់អ្នកដែលជាប់ទោសក្នុងរយៈពេលយូរ។ គេនឹងផ្ដល់ជូននូវបន្ទប់ដាច់ដោយឡែកដែលមានបន្ទប់ទឹក និងបង្គន់ព្រមជាមួយពន្លឺធម្មជាតិផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងពន្ធនាគារនេះក៏អនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់នូវម៉ាស៊ីនបោកគក់ ការចូលក្នុងបន្ទប់សន្និសីទ និងកន្លែងកម្សាន្តផ្សេងៗទៀត។
៨. ពន្ធនាគារ Pondok Bambu ប្រទេសឥណ្ឌូនេស៊ី
ពន្ធនាគារ Pondok Bambu គឺត្រូវបានកសាងឡើងសម្រាប់តែមនុស្សស្រីប៉ុណ្ណោះ។ នៅក្នុងនោះមានដូចជាម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនខារ៉ាអូខេ កន្លែងធ្វើក្រចក និងកន្លែងរក្សាសម្ផស្សផងដែរ។ លើសពីនេះ អ្នកជាប់ឃុំក៏អាចចេញមកបន្ធូរអារម្មណ៍នៅសួនច្បារខាងក្រៅដែលនៅក្នុងបរិវេណពន្ធនាគារបានដែរ។
៩. ពន្ធនាគារ Sollentuna ប្រទេសស៊ុយអ៊ែត

ពន្ធនាគារមួយនេះនឹងដាក់អ្នកទោសឱ្យនៅក្នុងបន្ទប់ផ្ទាល់ខ្លួនដែលមានគ្រែផាសុកភាព និងបន្ទប់ទឹកមួយផងដែរ។ លើសពីនេះ នៅទីនោះក៏អនុញ្ញាតឱ្យអ្នកទោសប្រើប្រាស់បន្ទប់ហាត់ប្រាណ ផ្ទះបាយ ក៏ដូចជាបន្ទប់កម្សាន្តដែលមានសាឡុង និងទូរទស្សន៍ទៀតផង។
១០. ពន្ធនាគារ Halden ប្រទេសន័រវេស
នៅក្នុងពន្ធនាគារ Halden បានផ្ដល់ជូនទណ្ឌិតនូវថ្នាក់បណ្ដុះបណ្ដាលជំនាញ បន្ទប់សម្រាកដែលមានកម្មវិធីទូរទស្សន៍ ភាពយន្ត និងវីដេអូហ្គេមផងដែរ។ មិនតែប៉ុណ្ណោះ ទីនោះក៏មានកន្លែងហាត់ប្រាណ និងស្ទូឌីយ៉ូថតបទចម្រៀងថែមទៀតផង។ ជាមួយទេសភាពពណ៌បៃតង និងពន្លឺធម្មជាតិថែមទៀតនោះ ពន្ធនាគារ Halden ត្រូវបានអ្នកទោសរយៈពេលវែងចាត់ជាផ្ទះទីពីររបស់ខ្លួនតែម្ដង។
ប្រណិតភាពនៃការរចនាពន្ធនាគារទាំងអស់នេះមានគោលបំណងមួយរួមគ្នាគឺគ្រាន់តែចង់កែប្រែទណ្ឌិតឱ្យរស់នៅក្នុងជីវិតថ្មីដែលមានជំនាញច្បាស់លាស់ក្រោយរួចទោស និងយល់ដឹងពីកំហុសរបស់ខ្លួនដោយមិនមានសម្ពាធទាំងផ្លូវកាយ ផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងពេក៕



















































Account
Security
Favourite Content