អាវធំបានក្លាយជា Style នៃការស្លៀកពាក់មួយដែលធ្វើឱ្យយើងមើលទៅផ្លូវការ ឬ professional មានភាពថ្លៃថ្នូរ ទាន់សម័យ និងចាស់ទុំជាងមុន។ ប៉ុន្តែការជ្រើសរើសតុបតែងខ្លួនជាមួយអាវធំនេះគួរតែប្រយ័ត្ននូវកំហុសទាំង ៤ ខាងក្រោមនេះ បើមិនដូច្នោះទេនឹងធ្វើឱ្យកាន់តែឆ្គង និងអាក្រក់មើលជាមិនខាន៖
១. ពាក់អាវយឺតមានរូបច្រើនពីក្នុង
យើងអាចលេងស្ទាយអាវធំជាមួយអាវយឺតដើម្បីឱ្យមើលទៅកាន់តែស្អាត និងទាន់សម័យថែមទៀត។ ប៉ុន្តែការជ្រើសរើសអាវយឺតក៏ត្រូវប្រយ័ត្នដែរ មានន័យថាយើងមិនគួរពាក់អាវណាដែលមានរូបច្រើននោះទេ។ វាអាចនឹងធ្វើឱ្យបាត់បង់ភាពស្រស់ស្អាត ហើយមើលទៅដូចជារញ៉េរញ៉ៃមែនទែន។
២. ការជ្រើសរើសពណ៌
ការជ្រើសរើសពណ៌អាវធំក៏ជារឿងដែលមិនគួររំលងដែរ។ វានឹងរឹតតែប្រសើរ បើសិនយើងអាចជ្រើសរើសនូវអាវធំដែលមានពណ៌ស្រគត់ស្រគំ ពណ៌ខ្ចីស្រាល និងក្រឡាការ៉ូជាដើម។ អាវធំប្រភេទទាំងនេះអាចជួយបង្កើនសម្រស់យើងឱ្យមានភាពស្រស់ស្អាត និងថ្លៃថ្នូរមួយកម្រិតទៀតផងដែរ។
៣. ការជ្រើសរើសម៉ូដឈុត
ការតុបតែងខ្លួនជាមួយឈុតអាវធំដែលមើលទៅដូចជាផ្លូវការពេក ពេលខ្លះអាចនឹងធ្វើឱ្យសម្រស់យើងរាងចំណាស់បន្តិច។ ប៉ុន្តែប្រសិនបើសាកផ្លាស់ប្ដូរមកជាការពាក់អាវធំជាមួយខោជើងធំ ខោខូវប៊យ ឬសំពត់ជាដើមអាចនឹងជួយលើកសម្រស់ និងបង្កើនភាពស៊ីវីល័យផងដែរ។ លើសពីនេះ យើងក៏អាចជ្រើសរើសនូវអាវធំដែលរាងខើចឡើងលើបន្តិចក៏បាន។
៤. កិបឡេវចង្កេះ
ប្រសិនបើយើងកិបឡេវពេលពាក់អាវធំអាចនឹងមើលទៅហួសសម័យ ថែមទាំងធ្វើឱ្យចាស់ជាងអាយុផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់យោបល់ឱ្យតុបតែងខ្លួនដោយពាក់អាវធំជាមួយអាវយឺត ខោជើងវែង សំពត់វែង និងស្បែកកែងបន្តិច ដើម្បីឱ្យមើលកាន់តែស្រស់ស្អាត និងទាន់សម័យ៕


















































Account
Security
Favourite Content