កាលពីថ្ងៃច័ន្ទ ទី៣០ មករា ស្ទូឌីយោ Lionsgate ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តជីវប្រវត្តិចុងក្រោយអំពីស្តេចតារាចម្រៀង Pop លោក Michael Jackson បានប្រកាសថាតួអង្គ Michael Jackson នឹងត្រូវសម្ដែងដោយក្មួយប្រុសបង្កើតរបស់គាត់អាយុ ២៦ ឆ្នាំដែលមានឈ្មោះថា Jaafar។

Jaafar គឺជាកូនប្រុសរបស់ Jermaine Jackson ហើយសាមីខ្លួនគេក៏បានបញ្ជាក់នៅលើ Twitter ផងដែរតាមរយៈការបង្ហោះមួយរបស់ខ្លួនថា “បន្ទាបខ្លួន និងមានកិត្តិយស” ដែលបាននាំយករឿងរ៉ាវពូបង្កើតរបស់ខ្លួនមកកាន់ជីវិតពិត។
ខ្សែភាពយន្តមួយនេះមានចំណងជើងថា «Michael» ត្រូវបានផលិតឡើងក្រោមការសហការពីក្រុមគ្រួសារ រួមជាមួយការផ្ដល់ទីតាំងថតពិតៗពីគ្រួសាររបស់ Jackson។ «ដើម្បីឲ្យទស្សនិកជនដឹងពី ភាពស៊ីជម្រៅនៃបុរសមួយរូបនេះ និងជាបងប្អូនរបស់ពួកយើងដែលបានក្លាយជាស្ដេចចម្រៀងប៉ុប»។ សេចក្ដីថ្លែងការណ៍របស់គ្រួសារ Jackson បានបញ្ជាក់។
ជុំវិញការផលិត ខ្សែភាពយន្តមួយនេះនឹងត្រូវដឹកនាំសម្ដែងដោយលោក Antoine Fuqua ខណៈសាច់រឿងត្រូវបានផលិតដោយផលិតករ Graham King និងអ្នកនិពន្ធដែលធ្លាប់ឈ្នះពានរង្វាន់អូស្ការ ៣សម័យលោក John Logan។

មុនជ្រើសរើស Jaafar ធ្វើជាតួអង្គឯក លោក Graham King បាននិយាយថាខ្លួនស្រាវជ្រាវខ្នាតធំស្ទើរពេញពិភពលោកតែម្ដងដើម្បីរកអ្នកដើរតួមួយនេះ។ តែគាត់បានភ្ញាក់ផ្អើលពេលដែលដឹងពីបុគ្គលិកលក្ខណៈរបស់ និងថាមពលរបស់ Jaafar ដែលស្ទើរតែដូចពូរបស់គេ Michael។
បន្ថែមពីលើនេះក្រុមគ្រួសារ រួមទាំងកូនប្រុសរបស់ Michael Jackson បានសម្ដែងការគាំទ្ររបស់ពួកគេចំពោះការជ្រើសរើសនេះរបស់ក្រុមការងារផលិតកម្ម ហើយកូនប្រុសរបស់ Michael ថែមទាំងបាននិយាយថា Jaafar មានបុគ្គលិកលក្ខណៈដូចទៅនឹងឪពុករបស់គាត់ច្រើន និងមានទំនុកចិត្តទៅលើ Jaafar នឹងសម្ដែងបានល្អ៕




















































Account
Security
Favourite Content