និយាយពីតារាថៃល្បីៗដែលទើបឆ្លងខួបកំណើតគម្រប់អាយុ ៣០ឆ្នាំកាលពីឆ្នាំ២០២២កន្លងទៅមានដូចជា Mai Davika, Baifern Pimchanok និង Kimmy Kimberly ជាដើម។
ដោយឡែកក្នុងឆ្នាំ២០២៣នេះ ក៏មានតារាល្បីៗជាច្រើនទៀតដែរដែលត្រៀមឈានចូលវ័យខ្ទង់សាម។ ខាងក្រោមនេះ AMS នឹងបង្ហាញពីតារាថៃល្បីៗ ៥រូបដែលកើតឆ្នាំ១៩៩៣ និងភាពជោគជ័យធំៗរបស់ពួកគេមុនឈានដល់វ័យ ៣០ឆ្នាំ៖
១. Yaya Urassaya
អ្នកទីមួយក្នុងបញ្ជីនេះគឺគ្មាននរណាក្រៅពីតារាកូនកាត់ដ៏មានទេពកោសល្យ Yaya Urassaya នោះទេ។ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក នាងត្រូវបានអ្នកគាំទ្រជាច្រើនទទួលស្គាល់ថាមានរូបសម្រស់ស្រស់ស្អាតជាមួយទម្រង់មុខដែលមនុស្សស្រីស្ទើរគ្រប់គ្នាប្រាថ្នាចង់បាន។

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការសម្ដែងតារាកូនកាត់ថៃ-ន័រវេសរូបនេះ ត្រូវបានអ្នកជំនាញ និងអ្នកគាំទ្រកោតសរសើរជារឿយៗ។ ចាប់តាំងពីចូលប្រឡូកក្នុងអាជីពមកទល់នឹងពេលនេះ នាងមានឱកាសបង្ហាញសមត្ថភាពសម្តែងក្នុងភាពយន្តជាង២០ចំណងជើង ទាំងរឿងភាគទូរទស្សន៍ និងភាពយន្តខ្នាតធំ។

មិត្តស្រីរបស់តារាប្រុស Nadech Kugimiya បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសា និងវប្បធម៌ មហាវិទ្យាល័យសិល្បៈ នៅ Chulalongkorn ដែលជាសាកលវិទ្យាល័យលំដាប់កំពូល និងល្បីល្បាញបំផុតក្នុងប្រទេសថៃ។
២. James Jirayu
កំលោះញញឹមស្រស់ James Jirayu ធ្លាប់ជាតារាប្រុសល្បីបំផុតមួយដួងក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដោយសាររូបរាងល្អឥតខ្ចោះដូចផុសចេញពីប្រលោមលោក។
តារាកម្ពស់ 184cm រូបនេះបានចាប់ដៃគូជាមួយតារាស្រីជួរមុខរបស់ប៉ុស្តិ៍លេខ៣ស្ទើរគ្រប់គ្នាក្នុងរឿងភាគទូរទស្សន៍។ ថ្វីត្បិតតែការសម្ដែងមិនសូវទទួលបានការសរសើរក៏ដោយ ក៏តារាកើតឆ្នាំ ១៩៩៣ រូបនេះតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីឱ្យពេញលេញបំផុត។ ស្នាដៃដែលធ្វើឲ្យឈ្មោះ James Jirayu ត្រូវបានស្គាល់សម្រាប់ទស្សនិកជនទូទាំងអាស៊ីមានដូចជារឿង៖ ឧត្តមភរិយា, ក្អែកស្លាបហង្ស និងល្បែងស្នេហា ជាដើម។
និយាយពីការសិក្សា ក្នុងឆ្នាំ ២០១១ James បានប្រឡងចូលនាយកដ្ឋានភាពយន្តនៃសាកលវិទ្យាល័យ Rang Srit ដោយទទួលបានអាហារូបករណ៍ពេញ។ នេះជាសាកលវិទ្យាល័យស្តង់ដារបង្រៀនអន្តរជាតិឈានមុខគេក្នុងប្រទេសថៃ ហើយត្រូវបានទទួលស្គាល់ដោយគណៈកម្មការរដ្ឋាភិបាលឧត្តមសិក្សា នៃក្រសួងអប់រំប្រទេសថៃ។ មិនឈប់ត្រឹមនេះ គេក៏បានចុះឈ្មោះចូលរៀនផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យដដែល ហើយស្នាដៃរបស់គេតែងតែជាប់ចំណាត់ថ្នាក់កំពូល។

៣. Peach Pachara
តារាបន្ទាប់គឺ Peach Pachara Chirathivat ដែលអ្នកចូលចិត្តទស្សនាភាពយន្តខ្នាតធំថៃប្រាកដជាស្គាល់គ្រប់គ្នា។ មិនត្រឹមតែមានរូបរាងសង្ហា និងកម្ពស់ខ្ពស់ស្រឡះ ប៉ុន្តែតារារូបនេះក៏មានប្រវត្តិគ្រួសារមិនធម្មតាដែរ។

Peach បានកើតក្នុងគ្រួសារមានបំផុតលំដាប់ទី៣នៅប្រទេសថៃ។ គ្រួសាររបស់គេមានសិទ្ធិគ្រប់គ្រងក្រុមហ៊ុន Central Group និងប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យផ្សេងៗជាច្រើនដូចជាអចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន។ ដូច្នេះហើយ Peach តែងត្រូវបានគេប្រដូចថាជារាជបុត្រក្នុងរឿងព្រេងដែលនារីគ្រប់រូបប៉ងប្រាថ្នា។
បើទោះជាមានខ្នងគ្រួសារធំពិតមែន ប៉ុន្តែ Peach Pachara តែងតែខិតខំសាងកេរ្តិ៍ឈ្មោះដោយប្រើទេពកោសល្យរបស់ខ្លួន។ ជាក់ស្ដែងក្នុងឆ្នាំ ២០១១ រូបគេបានក្លាយជាតារាល្បីយ៉ាងឆាប់រហ័សបន្ទាប់ពីបានសម្ដែងក្នុងភាពយន្តកំប្លែង Suckseed ។ ២ឆ្នាំក្រោយមកឈ្មោះ Peach Pachara បានល្បីពេញទ្វីបអាស៊ីបន្ទាប់ពីសម្តែងជាតួសិស្សទំនើងក្នុងរឿង “Hormones”។ លើសពីនេះ អ្នកគាំទ្រក៏ចាប់អារម្មណ៍នឹងភាពចាស់ទុំរបស់ Peach ពេលដែលរូបគេក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតក្នុងកម្មវិធី The Face Men។


Peach បានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ Chulalongkorn មហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ។
៤. James Ma
និយាយពីតួឯកប្រុសថៃដែលឈានចូលវ័យ ៣០នៅឆ្នាំនេះ គឺមិនអាចរំលងឈ្មោះ James Ma បានឡើយ។ មានរហស្សនាមថា “ស្វាមីប្រចាំប្រទេស” និងជាតារាប្រុសលេចធ្លោនៅប៉ុស្តិ៍លេខ៣ ប៉ុន្តែការពិតតារារូបនេះគឺជាសេដ្ឋីតាំងពីកំណើតដោយឪពុករបស់លោកជាម្ចាស់អាជីវកម្មនាំចូល-នាំចេញ និងក្រុមហ៊ុនអចលនទ្រព្យ ហើយម្តាយក៏ជាម្ចាស់ក្រុមហ៊ុនដេញថ្លៃដ៏ល្បីមួយនៅហុងកុង។


និយាយពីការសិក្សាវិញតួឯកប្រុសដែលល្បីខ្លាំងក្នុងរឿង “ស្អប់ព្រោះស្រលាញ់” និង “ក្លិនផ្កាអង្គារបុស្ស” រូបនេះ មានឱកាសបានទៅសិក្សានៅសាលាអន្តរជាតិថ្លៃៗទាំងក្នុងប្រទេសថៃ និងហុងកុងតាំងពីក្មេង។ ក្រោយមក លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេសសម្រាប់ធុរកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងទេសចរណ៍ នៅសាកលវិទ្យាល័យ Assumption ទាំងពីរ។

៥. Mint Chalida
តារាដ៏ល្បីចុងក្រោយដែលនឹងឈានចូលវ័យ៣០ឆ្នាំនេះគឺ Mint Chalida Wijitwongtong។ ជាកូនកាត់បីសាសន៍ចិន ឥណ្ឌា និងថៃ តារាស្រីរូបនេះបានក្លាយជាទីចាប់អារម្មណ៍ខ្លាំងភ្លាមៗពេលចូលប្រឡូកក្នុងវិស័យសិល្បៈ។
តាមរយៈសមត្ថភាពសម្ដែងដែលមិនដែលស្រកស្រុត បូករួមនឹងទម្រង់មុខដ៏ទន់ភ្លន់ និងស្រស់ស្អាត Mint Chalida បច្ចុប្បន្នគឺជាតារាស្រីមួយរូបដែលគួរឲ្យកត់សម្គាល់បំផុតនៅលើកញ្ចក់ទូរទស្សន៍ ដោយបានសម្ដែងក្នុងរឿងភាគប៉ុស្តិ៍លេខ ៣ចំនួន ២៣រឿងចាប់ពីឆ្នាំ២០០៦មក។
បើនិយាយពីការសិក្សាវិញ Mint Chalida ក៏មិនអន់ជាងអ្នកណាដែរ ដោយនាងបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Stamford International ៕



























Account
Security
Favourite Content