រដ្ឋាភិបាលតៃវ៉ាន់គ្រោងនឹងចែកអាំងប៉ាវដល់ពលរដ្ឋគ្រប់រូបនៅលើកោះមួយនេះក្នុងម្នាក់ចំនួន ៦ពាន់ដុល្លារតៃវ៉ាន់ ឬជិត ២០០ដុល្លារសហរដ្ឋអាមេរិក។ ដំណឹងដ៏គួរឲ្យត្រេកអរនេះត្រូវបានប្រកាសដោយថ្នាក់ដឹកនាំកំពូលតៃវ៉ាន់កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣នេះ។ លោក Su Tseng-chang មេដឹកនាំស្ថាប័នអនុវត្តច្បាប់បាននិយាយថា «សេដ្ឋកិច្ចប្រទេសរីកចម្រើនដូច្នេះយើងនឹងចែករំលែកជូនពលរដ្ឋគ្រប់គ្នា»។

តៃវ៉ាន់ជាតំបន់ដែលពឹងផ្អែកលើការនាំចេញទាំងស្រុង ដែលដែនកោះមួយនេះជារោងចក្រផលិតបន្ទះឈីប និងផលិតផលបច្ចេកវិទ្យាដ៏សំខាន់សម្រាប់ពិភពលោក។ ក្នុងឆ្នាំ ២០២១ សេដ្ឋកិច្ចតៃវ៉ាន់កើនរហូតដល់ ៦.៤៥ភាគរយ ជាកំណើតសេដ្ឋកិច្ចដែលកើនលឿនបំផុតក្នុង ១សតវត្សចុងក្រោយ។
លោក Su បាននិយាយថាទឹកប្រាក់ ១៤០លានដុល្លារតៃវ៉ាន់ ដែលជាប្រាក់ចំណេញបានមកពីការប្រមូលពន្ធនឹងត្រូវដកចេញជាលុយសុទ្ធចែកជាអាំងប៉ាវជូនដល់ពលរដ្ឋគ្រប់រូបក្នុងម្នាក់ស្មើនឹង ១៩៥ដុល្លារអាមេរិក។
មន្ត្រីជាន់ខ្ពស់នៃកោះតៃវ៉ាន់រូបនេះបន្តថា «សមិទ្ធផលសេដ្ឋកិច្ចនឹងត្រូវបានចែកជូនប្រជាជនគ្រប់រូប មិនថាក្មេង ឬចាស់ទេ ហើយយើងខ្ញុំសូមជូនពរគ្រប់រូបជួបតែសំណាងល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ»។
សូមជម្រាបថា តៃវ៉ាន់ជាកូនកោះតូចមួយតែផលិតផលិតផលបច្ចេកវិទ្យាគ្រប់យ៉ាងរាប់ចាប់តាំងពីទូរស័ព្ទដៃរហូតដល់រថយន្តទំនើប និងបន្ទះឈីប។ បើទោះបីពេលសេដ្ឋកិច្ចពិភពលោកដុនដាបដូចអំឡុង ការរីករាតត្បាតខ្លាំងនៃជំងឺកូវីត១៩ក៏ដោយ ក៏សេដ្ឋកិច្ចកោះមួយនេះមានលំនឹងបំផុត ដោយសារតម្រូវការបន្ទះឈីបត្រូវការខ្លាំងឡើងដោយសារមនុស្សធ្វើការនៅផ្ទះ។
គួរបញ្ជាក់ដែរថា តៃវ៉ាន់មានប្រជាជនសរុបជាង ២៣លាននាក់គិតត្រឹមឆ្នាំ២០២២។ ចំណែកសេដ្ឋកិច្ចរបស់តៃវ៉ាន់ក្នុងឆ្នាំ ២០២៣ ត្រូវបានធនាគារកណ្ដាលរបស់ខ្លួនរំពឹងថានឹងកើនបន្ថែមបាន ២,៣ភាគរយបន្ថែមទៀត៕






















































Account
Security
Favourite Content