ក្រុមចម្រៀងខេប៉ុប Seventeen បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមសិល្បករដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនជាងគេលើពិភពលោកនៅក្នុងតារាងពាក់កណ្ដាលឆ្នាំ២០២៦ របស់ទស្សនាវដ្ដីតន្ត្រីអាមេរិក Billboard។

ក្រុមហ៊ុន Pledis Entertainment កាលពីថ្ងៃទី១ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ដោយយោងតាមរបាយការណ៍របស់ Billboard ថា ក្រុម Seventeen អាចរកចំណូលបាន ៨៨.១ លានដុល្លារអាមេរិក និងបានទាក់ទាញអ្នកចូលរួមទស្សនាការប្រគំតន្ត្រីប្រហែល ៥៧៤ ០០០ នាក់ តាមរយៈការប្រគំតន្ត្រីចំនួន ២៥ លើក សម្រាប់រយៈពេល ៦ ខែគិតត្រឹមថ្ងៃទី ៣១ ខែមីនា។
ក្រុមចម្រៀង K-pop មួយនេះ បានចាប់ផ្ដើមដំណើរទេសចរណ៍ពិភពលោករបស់ខ្លួនមានចំណងជើងថា “NEW_” នៅក្នុងខែកញ្ញាឆ្នាំមុន ហើយបានបញ្ចប់ការសម្តែងដែលអូសបន្លាយពេលជាច្រើនខែរបស់ខ្លួន ជាមួយនឹងការប្រគំតន្ត្រីធំ នៅក្នុងទីក្រុង Incheon ភាគខាងលិចទីក្រុងសេអ៊ូល កាលពីខែមេសាកន្លងទៅ។
ទន្ទឹមនឹងនោះ ក្រុមចម្រៀង K-pop ដទៃទៀតដែលបានជាប់ក្នុងបញ្ជីនេះដែរមានដូចជា ក្រុម TWICE បានជាប់ចំណាត់ថ្នាក់លេខ ១២ ជាមួយចំណូល ៥៨.៣ លានដុល្លារ និងក្រុម Tomorrow X Together (TXT) បានជាប់ចំណាត់ថ្នាក់លេខ ១៥ ជាមួយចំណូល ៥៣ លានដុល្លារ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា កំពូលតារាចម្រៀងអាមេរិក Lady Gaga បានឈរនៅលំដាប់កំពូលគេនៃបញ្ជីប្រចាំពាក់កណ្ដាលឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូល ២៣៦.២ លានដុល្លារអាមេរិក ពីការសម្ដែងចំនួន ៥២ ឆាក ស្របពេលចំណាត់ថ្នាក់លេខ២ គឺកំពូលតារាចម្រៀងព័រតូរីកូ Bad Bunny អាចរកបាន ២៣០.៣ លានដុល្លារអាមេរិក ពីការសម្ដែងចំនួន ២៧ ឆាក ៕


















































Account
Security
Favourite Content