មិននឹកស្មាន ក្នុងខេត្តសៀមរាបដែលល្បីតជំនាន់ជាខេត្តសម្បូរប្រាង្គប្រាសាទបុរាណច្រើនរាប់មិនអស់ ប៉ុន្តែក៏ជាតំបន់ទេសចរណ៍ដែលប្រមូលផ្ដុំទៅដោយសត្វព្រៃចម្រុះជាច្រើនប្រភេទដែលកំពុងរស់នៅស្នាក់អាស្រ័យលើទឹកដីអច្ឆរិយមួយនេះ។

ទេសចរដែលបានទៅកម្សាន្តនៅទឹកដីអង្គរ-សៀមរាប ប្រាកដជាប្រទះឃើញសត្វព្រៃមួយចំនួននៅតាមឧទ្យានអង្គរ ព្រមទាំងតំបន់ប្រាសាទជាច្រើនទៀត។ សត្វព្រៃដែលកំពុងមានវត្តមានលើទឹកដីបុរាណមួយនេះបានប្រមូលផ្ដុំរស់នៅជាសហគមន៍មួយដែលចម្រុះទៅដោយសត្វច្រើនប្រភេទ និងបានក្លាយជាចំណីចក្ខុរបស់ភ្ញៀវជាតិ-អន្តរជាតិ បន្ថែមពីលើការទស្សនាប្រាង្គប្រាសាទបុរាណ។








ខាងក្រោមជារបាយការណ៍ត្រួសៗដែលអាជ្ញាធរជាតិអប្សរាបានធ្វើបច្ចុប្បន្នភាពនូវចំនួនសត្វព្រៃក្នុងតំបន់អង្គរខេត្តសៀមរាប៖ ចាប់តាំងពីឆ្នាំ ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា៖
– សត្វទោចមកុដ (Pileated Gibbon) ចំនួន១៧ក្បាល(កើតកូនបានចំនួន៩ក្បាល)
– សត្វឈ្លូស (Red Muntjac) ចំនួន៧ក្បាល
– សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម (Silvered Langurs) ចំនួន ១២ ក្បាល (កេីតកូនបាន១៨ក្បាល)
– សត្វសំពោចក្រអូប (Common palm Civets) ចំនួន៧ក្បាល
– សត្វភេខ្លួនរលោង (Smooth-coated Otter) ចំនួន ១៥ ក្បាល(កើតកូនបានចំនួន១២ក្បាល)
– សត្វឆ្មាដាវ (Leopard Cat) ចំនួន៣ក្បាល
– សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន ៩ ក្បាល
– សត្វកេងកងធំ (Great Hornbill) ចំនួន ៦ ក្បាល
– សត្វភូវាំង (Wreathed Hornbill) ចំនួន ៧ ក្បាល
– សត្វក្ងោក (Peafowl) ចំនួន ៩ ក្បាល
– សត្វអន្សង (Common Water Monitor) ចំនួន២ ក្បាល
– សត្វពង្រូល (Sunda Pangolin) ចំនួន ២ ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ។
ជាក់ស្ដែង ថ្មីៗនេះ សត្វកាំប្រមា ២ ក្បាល ដែលមានប្រភពមកពីតំបន់អូរស្មាច់ ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលឱ្យរស់នៅក្នុងខេត្តសៀមរាប នៃតំបន់អង្គរ ជាមួយសត្វព្រៃចម្រុះប្រភេទផ្សេងទៀត។ ដោយឡែក អ្នកជំនាញត្រូវផ្សាំងសត្វទាំងពីរឱ្យស៊ាំនឹងបរិស្ថានជាមុនសិន មុនពេលដោះលែងសត្វទាំងពីរឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិដោយខ្លួនឯង៕
រូបភាព ៖ អាជ្ញាធរអប្សរា


















































Account
Security
Favourite Content