ថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានលំដាប់ពិភពលោក រ៉យទ័រ និង GLOBAL TIME បានធ្វើការចុះផ្សាយពិធីប្រណាំងរទេះសាឡីគោលឿន ក្នុងខេត្តកំពង់ស្ពឺ ដែលជាទំនៀមទម្លាប់តាំងពីបុរាណកាលរបស់ប្រទេសកម្ពុជា ទាំងនៅលើវេបសាយ និងផេកផ្លូវការ។

កាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២៦ នៅកម្ពុជាមានការរៀបចំពិធីប្រណាំងរទេះគោលឿន ដែលនេះជាប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណរបស់អ្នកខេត្តកំពង់ស្ពឺ។ ពិធីបុណ្យបុរាណមួយនេះតែងបានរៀបចំឡើងមុនពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ដោយមានការចូលរួមពីសំណាក់អ្នកភូមិស្រុកដែលមានរទេះសំឡី និងគោដែលអាចនឹមជាគូបាន។
តួយ៉ាងនៅក្នុងឆ្នាំ ២០២៦ មានការចូលរួមយ៉ាងច្រើនកុះករពីពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ ដោយមាននឹមតូច (រទេះសំឡីតូច) ៥០ និងនឹមធំ ៣០ ខណៈឆ្នាំមុននឹមតូចមានត្រឹម ៣០ រីឯនឹមធំមាន ២០ ប៉ុណ្ណោះ។ លើសពីការផ្សារភ្ជាប់ប្រពៃណីបុរាណ ការបន្តឱ្យមានពិធីបុណ្យមួយនេះជារៀងរាល់ឆ្នាំ គឺជាបន្តថែរក្សា ការពារ ក៏ដូចជាផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ដ៏យូរលង់របស់កម្ពុជា។
ជាមួយគ្នា ក្រៅអំពីការផ្សព្វផ្សាយនៅក្នុងស្រុក ពិធីបុណ្យបុរាណដ៏ល្អស្អាតរបស់កម្ពុជាមួយនេះ ក៏ត្រូវបានទីភ្នាក់ងារសារព័ត៌មានល្បីធំៗចំនួន២ ដែលមានដូចជា រ៉យទ័រ និង GLOBAL TIME បានធ្វើការចុះផ្សាយ ភ្ជាប់ដោយរូបភាព និងវីដេអូ ទាំងនៅលើវេបសាយ និងផេកផ្លូវការផងដែរ។








គួរបញ្ជាក់ឱ្យដឹងដែរថា លក្ខណៈពិសេសនៃពិធីប្រណាំងរទេះសាឡីគោលឿន នៃខេត្តកំពង់ស្ពឺ គឺចូលរួមបានសម្រាប់តែរទេះសំឡីប៉ុណ្ណោះ (រទេះសំឡី ជារទេះបុរាណ ប្រើសម្រាប់ដាក់បណ្ដាការ ឬផ្លែឈើ ឬដឹកចាស់ៗដែលពុំអាចធ្វើដំណើរផ្លូវឆ្ងាយបាន) ។ មួយទៀត គោ១គូដែលយកមកនឹម មានតួនាទី២ផ្សេងៗគ្នា ដោយមួយខាងស្ដាំជាជាអ្នករត់ ហើយគេខាងឆ្វេងជាអ្នកដើរ។ ជាលទ្ធផល ប្រសិនគោទាំងពីរបង្កើតភាពស៊ីមេទ្រី ដែលដឹកនាំរទេះសំឡីទៅមុខបានយ៉ាងល្អ នឹងក្លាយជាគោឯកក្នុងកម្មវិធី៕

























Account
Security
Favourite Content