កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េខាងត្បូងកំពុងតែទទួលបានការពេញនិយមក្នុងចំណោមទស្សនិកជន ស្របពេលដែលវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង បាននាំយកជំនឿអរូបិយមកធ្វើជាកម្មវិធីកម្សាន្តជាបន្តបន្ទាប់ នាំឱ្យមានការបញ្ចេញមតិផ្សេងគ្នា។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times នៅថ្ងៃទី៤ ខែមីនា នេះ។

ចាប់តាំងពីខែកុម្ភៈមក កម្មវិធី Battle of Fates បានប្រមូលផ្ដុំគ្រូទាយចំនួន ៤៩នាក់មិនថាជា អ្នកទាយបៀ Tarot គ្រូទាយបាតជើង និងគ្រូអូមអាមតាមបែបជំនឿរបស់កូរ៉េ ឱ្យមកចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាប្លែកៗ ដើម្បីបង្ហាញពីឫទ្ធិអំណាចរបស់ខ្លួន។
ក្នុងវគ្គនីមួយៗ បេក្ខភាពត្រូវប្រកួតប្រជែងគ្នាតាមរយៈវិញ្ញាសាដូចជា ទាយពីមូលហេតុនៃការស្លាប់របស់បុគ្គលដែលស្លាប់ទៅហើយតាមរយៈឈ្មោះ និងថ្ងៃខែឆ្នាំកំណើត ទស្សន៍ទាយស្វែងរកមនុស្សដែលមានសំណាងធ្លាប់ឈ្នះឆ្នោត និងការទស្សន៍ទាយពីឆាកជីវិតបច្ចុប្បន្ន តាមរយៈរូបភាពពីកុមាររបស់មនុស្សម្នាក់ជាដើម។
សារព័ត៌មាន The Korea Times បានសរសេរថា សន្ទុះនៃការនាំយកអបិយជំនឿមកធ្វើជាកម្មវិធីកម្សាន្តនេះ គឺកើតឡើងក្រោយពីភាពជោគជ័យនៃភាពយន្តរឿង Exhuma ក៏ដូចជាគំនូរជីវចល KPop Demon Hunters។ បច្ចប្បន្ន កម្មវិធីកម្សាន្តប្រភេទតែមួយ ដូចជា Fortune Tellers’ Love, Shinpal Talk Show: A Strange Story និងរឿងភាគ The Haunted Palace កំពុងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់វ័យ។

ពីជំនឿនៅទីជនបទ បច្ចុប្បន្ននេះ ការទស្សន៍ទាយគឺជាការកម្សាន្តមួយ ដែលជនជាតិកូរ៉េមិនគ្រាន់តែចំណាយប្រាក់ដើម្បីមើលជោគវាសនាប៉ុណ្ណោះទេ តែថែមទាំងតាមដានវីដេអូ Vlogs ពីជីវិតប្រចាំថ្ងៃរបស់គ្រូអូមអាម និងគ្រូទាយ រហូតធ្វើឱ្យគ្រូទាំងនោះបានក្លាយជា បុគ្គលមានឥទ្ធិពល ឬ Influencer ទៀតផង។
អ្នកវិភាគវប្បធម៌ លោក Jung Duk-hyun បានកត់សម្គាល់ថា រូបភាពចាស់ៗនៃគ្រូអូមអាមដែលមើលទៅគួរឱ្យខ្លាច និងអាថ៌កំបាំង ត្រូវបានជំនួសដោយគ្រូអូមអាមជំនាន់ Millennials និងជំនាន់ Z ដែលមានទំនោរអាចផ្ដល់ភាពកក់ក្ដៅ និងស្និទ្ធស្នាលបាន។
លោកយល់ថា មូលហេតុដែលធ្វើឱ្យជនជាតិកូរ៉េខាងត្បូងនិយមស្វែងរកការទស្សន៍ទាយ កើតចេញពីការដែលបច្ចុប្បន្នមនុស្សបានរស់នៅក្នុងពិភពដែលពោរពេញដោយ AI និងបច្ចេកវិទ្យាឆ្លាតវៃ តែខ្វះការយល់ចិត្ត។ ដូច្នេះ គ្រូទាយ ឬគ្រូអូមអាមទាំងនេះ គឺជាជម្រើសមួយដើម្បីជួយដោះសា្រយភាពឈឺចាប់ ការសោកស្តាយ និងទុក្ខសោកជាដើម។


ដោយឡែក លោក Baek Kwang-hun នាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ បានព្រមានថា ការយកជំនឿអរូបិយមកធ្វើជាការកម្សាន្តមានហានិភ័យខ្ពស់ ខណៈអាចនាំឱ្យមនុស្សងាយជឿ ដោយខ្វះការពិចារណា។
លោកពន្យល់ថា៖ “និន្នាការនេះអាចធ្វើឱ្យមនុស្សបាត់បង់ការប្រុងប្រយ័ត្នចំពោះជំនឿអរូបិយ អាចជំរុញឱ្យមានការចំណាយលុយកាក់ ហើយក៏អាចជះឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកដែលជឿជំនឿទាំងនេះផងដែរ។ យើងត្រូវការការយល់ដឹង និងការត្រិះរិះពិចារណាឱ្យបានច្បាស់លាស់ ដើម្បីការពារកុំឱ្យវាក្លាយជាការជឿស៊ប់ ឬងប់ងុលខ្លាំងពេក”៕

























Account
Security
Favourite Content