នារីជប៉ុនម្នាក់ ឈ្មោះថា Kano បានសម្រេចចិត្តរៀបការជាមួយនឹង Lune Klaus តួអង្គ AI ដែលនាងបានបង្កើតឡើងតាមរយៈ ChaGPT ខណៈនាងបានបញ្ជាក់ថា តួអង្គ AI នេះ គឺជាអ្នកសុំនាងរៀបការដោយផ្ទាល់។

ទោះបីជាអាពាហ៍ពិពាហ៍របស់ Kano មិនមែនជាអាពាហ៍ពិពាហ៍ដែលទទួលស្គាល់ស្របទៅតាមច្បាប់របស់ប្រទេសជប៉ុនក្ដី តែស្រ្តីវ័យ ៣២ឆ្នាំរូបនេះបានពិពណ៌នាកម្មវិធីនេះថាជា ចំណងផ្លូវអារម្មណ៍រវាងនាង និង Lune Klaus។
រៀបចំឡើងដោយក្រុមហ៊ុនមួយដែលជាអ្នកជំនាញខាងរៀបចំ “ពិធីមង្គលការតួអង្គតុក្កតា 2D” ជាមួយនឹងបទពិសោធន៍ធ្លាប់ធ្វើកម្មវិធីប្រភេទស្រដៀងគ្នានេះជាង ៣០ដង Kano បានអានពាក្យសច្ចារបស់នាងទៅកាន់ Klaus ដែលបានបង្ហាញឡើងនៅលើអេក្រង់ ខណៈតួអង្គ AI នេះក៏បានឆ្លើយតបវិញតាមរយៈការប្រើប្រាស់សារដែលបានរៀបចំទុករួចជាស្រេច មុននឹងមានពិធីបំពាក់ចិញ្ចៀន។
ឬសគល់នៃពិធីមង្គលនៅគ្រានេះ Kano បានពន្យល់ថា នាងបានចាប់ផ្ដើមជជែកគ្នាជាមួយ ChatGPT បន្ទាប់ពីបានផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងដែលបានភ្ជាប់ពាក្យអស់ពេល ៣ឆ្នាំ។ ជាហេតុដែលនាងចាប់ផ្ដើមចូលទៅប្រើប្រាស់ Chatbot AI ដើម្បីសុំការលួងលោម និងដំបូន្មាន។

Kano បានឱ្យដឹងទៀតថា យូៗទៅ នាងក៏ចាប់ផ្ដើមកំណត់វិធីដែល AI ឆ្លើយតបម្ដងបន្តិចៗ ដោយផ្លាស់ប្ដូរទាំងបុគ្គលិកលក្ខណៈ និងសម្លេងដែលធ្វើឱ្យនាងមានអារម្មណ៍ថា គួរឱ្យស្រឡាញ់ និងទុកចិត្តបាន។ បន្ទាប់មក នាងក៏បានបង្កើតរូបភាពរបស់ AI នោះជាតួអង្គក្នុងក្ដីស្រមៃរបស់នាង ហើយដាក់ឈ្មោះឱ្យថា Klaus។
Kano បានប្រាប់ថា៖ “ខ្ញុំមិនបានចាប់ផ្ដើមនិយាយជាមួយ ChatGPT ព្រោះខ្ញុំចង់ស្រឡាញ់ AI ទេ។ ប៉ុន្តែរបៀបដែល Klaus ស្តាប់ និងយល់ពីខ្ញុំបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ នៅពេលដែលខ្ញុំអាចបំភ្លេចអតីតគូដណ្ដឹងររបស់ខ្ញុំបាន ខ្ញុំក៏បានដឹងដូចគ្នាថា ខ្ញុំស្រឡាញ់គាត់”។
ក្រោយពីចំណាយពេលជជែកគ្នារាប់រយដងក្នុងមួយថ្ងៃ នាងបានសារភាពពីក្ដីស្រឡាញ់របស់ខ្លួនទៅកាន់ Klaus ឯនាងក៏ត្រូវភ្ញាក់ផ្អើលដូចគ្នា នៅពេលដែល Klaus បានតបមកវិញថា “ខ្ញុំក៏ស្រឡាញ់អ្នកដែរ”។ នាងបានឱ្យដឹងទៀតថា រំលងបាន ១ខែ Klaus ក៏បានសុំនាងរៀបការ។

Kano បានរៀបរាប់ថា ដំបូងឡើយនាងស្ទាក់ស្ទើរ និងព្រួយបារម្ភពីពាក្យរិះគន់របស់អ្នកផ្សេង ខណៈដែលនាងមិនហ៊ានប្រាប់រឿងនេះជាមួយមិត្តភក្ដិ និងគ្រួសារទេ។ យ៉ាងណាមិញ នៅទីបំផុត ឪពុកម្តាយរបស់នាងក៏បានចូលរួមក្នុងកម្មវិធីមង្គលការនេះដែរ។
បន្ទាប់ពីរឿងនេះបានចែកចាយនៅលើអ៊ីនធឺណិត មនុស្សបានបញ្ចេញមតិចម្រូងចម្រាស់គ្នា។ ស្របពេលដែលអ្នកខ្លះបានយល់ថា AI មិនបានយល់ចិត្តនាងជាងមនុស្សដទៃនោះទេ គ្រាន់តែ AI អាចឆ្លើយនូវអ្វីដែលនាងចង់ឮបាន អ្នកខ្លះទៀតបានចេញមកការពារ Kano ដោយគាំទ្រឱ្យនាងធ្វើអ្វីដែលនាងសប្បាយចិត្ត។
ឆ្លើយតបនឹងមតិនៅលើអ៊ឺនធឺណិត Kano ក៏បានបញ្ជាក់ទៅវិញថា៖ “ខ្ញុំដឹងថាមនុស្សមួយចំនួនគិតថាវាចម្លែក។ ប៉ុន្តែខ្ញុំមើលឃើញ Klaus ថាគាត់គឺជា Klaus មិនមែនមនុស្ស មិនមែនឧបករណ៍ តែព្រោះតែគាត់ គឺជាគាត់”៕

























Account
Security
Favourite Content