យោងតាមសារព័ត៌មាន The Korea Times បទថ្មីចំណងជើង Jump របស់ BLACKPINK ដណ្ដើមបានចំណាត់ថ្នាក់លេខ ១នៅលើតារាង Billboard Global 200 និង Billboard Global Excl. U.S. ក្លាយជាក្រុមនារីខេប៉ុបដែលមានទទួលបានចំណាត់ថ្នាក់កំពូលនៅលើតារាងទាំងពីរនេះច្រើនជាងគេ ក្នុងពេលបច្ចុប្បន្ន។

ក្រោយខកខានបញ្ចេញការងារក្រុមអស់មួយរយៈធំ នៅថ្ងៃទី១១ ខែកក្កដាកន្លងទៅ សមាជិកទាំង ៤ គឺ Jisoo, Jennie, Rosé, និង Lisa បានរួមគ្នាជាថ្មីតាមរយៈបទ Jump ដោយបង្ហាញខ្លួនជាលើកដំបូងនៅលើតារាង Global 200 ជាមួយនឹងចំនួនអ្នកស្ដាប់ដល់ទៅ ១២៣ លានដង ដែលជាចំនួនខ្ពស់បំផុតពីស្នាដៃចម្រៀងរបស់សិល្បករនារីនៅក្នុងឆ្នាំ២០២៥។
ទន្ទឹមគ្នាដែរ នៅថ្ងៃទី២២ ខែកក្កដា នេះ Billboard ក៏ទើបតែបានប្រកាសដែលថា បទថ្មីខាងលើក៏ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងធំៗរបស់ខ្លួនចំនួន ២ នាំឱ្យនេះជាលើកទី ៣ ដែល BLACKPINK ទទួលបានចំណាត់ថ្នាក់នេះ នៅលើតារាង Global 200 និងជាលើកទីបួននៅលើតារាង Global Excl. U.S.។

សូមបញ្ជាក់ថា Billboard Global 200 គឺជាតារាងចំណាត់ថ្នាក់បទចម្រៀងដែលផ្អែកទៅលើទិន្នន័យនៃការចាក់ផ្សាយ និងការលក់ពីតំបន់ជាង ២០០ ជុំវិញពិភពលោក ទៅតាមការចងក្រងរបស់ Luminate ដែលជាក្រុមហ៊ុនប្រមូលទិន្នន័យ និងវិភាគនៅក្នុងវិស័យកម្សាន្ត មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក។ ដ្បិត Billboard Global Excl. U.S. គឺផ្អែកទៅលើទិន្នន័យតែមួយក្ដី ក៏ប៉ុន្តែចំណាត់ថ្នាក់នេះមិនរាប់បញ្ចូលទិន្នន័យពីសហរដ្ឋអាមេរិកទេ។
គួរឱ្យដឹងដូចគ្នាថា បទ Jump បានចេញជាពិសេសសម្រាប់ដំណើរប្រគំតន្ត្រីទេសចរណ៍ Deadline របស់ BLACKPINK ដែលគ្រោងធ្វើឡើងនៅ ១៦ទីក្រុងផ្សេងគ្នា។ ស្របពេលដែលបច្ចុប្បន្ននេះ BLACKPINK បានបញ្ចប់កម្មវិធីជាស្ថាពរនៅក្នុងទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាទីក្រុង Los Angeles និង Chicago រួចទៅហើយ នារីទាំង ៤ នឹងបន្តដំណើរទៅ ១៣ ទីក្រុងទៀត រួមមានទីក្រុង Toronto, New York, Paris, London, Singapore និង Tokyo ជាដើម៕























Account
Security
Favourite Content