Kongō Gumi ក្រុមហ៊ុនសំណង់សញ្ជាតិជប៉ុន គឺជាក្រុមហ៊ុនដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក បើកដំណើរការតាំងតែពីឆ្នាំ ៥៧៨ មកទល់នឹងពេលបច្ចុប្បន្ន ក្រោមការគ្រប់គ្រងរបស់គ្រួសារត្រកូល Kongō ៤០ជំនាន់រួចមកហើយ។

Kongō Gumi គឺជាក្រុមហ៊ុនសំណង់ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន មានជំនាញនៅក្នុងការកសាង និងជួលជុលស្ថាបត្យកម្មបែបសាសនា ជាពិសេសក្លោងទ្វារបែបព្រះពុទ្ធសាសនា Shinto និងទីអារាម Zen របស់ជប៉ុនជាដើម។
ក្រុមហ៊ុនដែលមានអាយុមិនក្រោម ១៤០០ឆ្នាំនេះ បានបង្កើតឡើងដោយលោក Kongō Shigemitsu ដែលជាជាងឈើមកពីអាណាចក្ររបស់កូរ៉េមានឈ្មោះថា Baekje ដោយលោកបានមកកាន់ទឹកដីប្រទេសជប៉ុន តាមរយៈការអញ្ជើញរបស់អធិរាជជប៉ុនឱ្យមកជួយកសាងប្រាសាទ Shitennō-ji ឯទីក្រុង Osaka ដោយប្រាសាទ Shitennō-ji នៅតែមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ ក្លាយជាទីតាំងរបស់ព្រះពុទ្ធសាសនាដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេសជប៉ុន។

មូលហេតុដែលធ្វើឱ្យ Kongō Gumi នៅតែអាចឈរជើងមកទល់នឹងពេលសព្វថ្ងៃ ក៏ព្រោះតែក្រុមហ៊ុនមួយនេះ គឺជាអ្នកជំនាញលើការកសាង និងជួសជុលសំណង់បុរាណរបស់ជប៉ុន ស្របពេលដែលក្រុមហ៊ុនក៏បានធ្វើការសម្របខ្លួននឹងបច្ចេកវិទ្យាថ្មីៗ និងផ្ដល់សេវាកម្មទៅឱ្យក្រុមអតិថិជនដែលទូលាយជាងមុនផងដែរ។
បើទោះបីជាជួបនឹងផលលំបាក បន្ទាប់ពីសង្គ្រាមលោកលើកទី ២ និងវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុនកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ក្ដី ក៏ Kongō Gumi នៅតែអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ លុះនៅក្នុងឆ្នាំ ២០០៦ នៅពេលដែលក្រុមហ៊ុនប្រឈមមុខនឹងការក្ស័យធន ទើបក្រុមហ៊ុននេះ បានសម្រេចលក់ចេញទៅឱ្យក្រុមហ៊ុនមេ Takamatsu Construction Group តែនៅរក្សាឈ្មោះដើមរបស់ខ្លួនជា Kongō Gumi នៅឡើយ។
គួរឱ្យដឹងផងដែរថា Kongō Gumi គឺជាកេរដំណែលដែលនៅមានជីវិត និងកំពុងតែបន្តបេសកម្មរបស់ខ្លួនក្នុងការជួសជុលប្រាសាទ និងទីសក្ការបូជា នៅទូទាំងប្រទេសជប៉ុន៕





















































Account
Security
Favourite Content