បន្ទាប់ពី G-Dragon មិនបានបន្តកុងត្រាជាមួយ YG Entertainment និងបានចូលរួមជាមួយទីភ្នាក់ងារថ្មី Galaxy Corporation ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មក ថ្មីៗនេះក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Galaxy បានផ្តល់ឱ្យតារារ៉េបរូបនេះនូវប្រាក់បំណាច់កិច្ចសន្យាចំនួន ២០ ពាន់លានវ៉ុន ឬប្រហែល ១៤,៥ លានដុល្លារ នៅពេលដែលលោកបានចុះកុងត្រាជាមួយក្រុមហ៊ុន។ ក្នុងចំណោមនោះ ប្រាក់ ១០ ពាន់លានវ៉ុនត្រូវបានផ្តល់ឱ្យក្នុងទម្រង់ជាជម្រើសភាគហ៊ុន។

ប្រភពពីស្ថាប័នហិរញ្ញវត្ថុមួយបានបង្ហាញថា G-Dragon បានជ្រើសរើសទទួលប្រាក់បំណាច់មួយផ្នែកក្នុងទម្រង់ជា Stock Option ឬសិទ្ធិទិញភាគហ៊ុនពី Galaxy Corporation ដោយមានការជឿជាក់ថាក្រុមហ៊ុននឹងរីកចម្រើនទៅជាអាជីវកម្មដែលមានតម្លៃខ្ទង់ពាន់លានដុល្លារនាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុន Galaxy កំពុងរៀបចំដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូងនៅលើផ្សារហ៊ុនកូរ៉េខាងត្បូង KOSDAQ Market ដោយជ្រើសរើស Shinhan Securities និង Daishin Security ជាអ្នកធានាទិញ។ ហើយបន្ទាប់ពីការលក់ភាគហ៊ុន ក្រុមហ៊ុន Galaxy ត្រូវបានគេរំពឹងថានឹងមានតម្លៃ ៧២០ លានដុល្លារ ។
គួររំឭកថា នៅពេលដែល G-Dragon បានចុះហត្ថលេខាជាមួយ Galaxy ក្រុមហ៊ុននេះមានតម្លៃ ៣៣៨ លានដុល្លារ។ ក្នុងនោះភាគហ៊ុនរបស់ G-Dragon ត្រូវបានវាយតម្លៃថាមានប្រមាណ ២% ខណៈដែលម្ចាស់ភាគហ៊ុនធំជាងគេគឺនាយកប្រតិបត្តិ Choi Yong Ho ដែលកាន់ភាគហ៊ុនជិត ២២%។ វិនិយោគិនហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងក្រុមហ៊ុនរួមមាន Shinhan Financial Group, KB Financial Group, T-investment, Korea Investment Partners និង CRIT Ventures ។
ក្រុមហ៊ុន Galaxy Corporation ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៩ ដោយផ្តោតលើការរួមបញ្ចូលបច្ចេកវិទ្យា AI និង Metaverse ទៅក្នុងឧស្សាហកម្មកម្សាន្ត ដោយបានបង្កើតឧបករណ៍ AI ផ្ទាល់ខ្លួន និងបច្ចេកវិទ្យា Virtual Environment ផងដែរ។ សម្រាប់ G-Dragon គឺតែងតែចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ ដោយក្នុងពេលកន្លងទៅលោកត្រូវបានតែងតាំងជាសាស្រ្តាចារ្យកិត្តិយសនៅវិទ្យាស្ថានវិទ្យាសាស្ត្រក្នុងនាយកដ្ឋានវិស្វកម្មមេកានិក និងបានបង្កើតវីដេអូ Media Art ដែលត្រូវបានបង្ហាញនៅមជ្ឈមណ្ឌលសិល្បៈ Sphere ក្នុងទីក្រុង Las Vegas ព្រមទាំងធ្លាប់បានធ្វើការជាមួយ Microsoft ដើម្បីបង្កើតវីដេអូចម្រៀងដោយប្រើ OpenAI ថែមទៀត ៕




























Account
Security
Favourite Content