យោងតាម Hanteo Chart អាល់ប៊ុម No Genre របស់ក្រុមចម្រៀងខេប៉ុបបុរស BOYNEXTDOOR អាចលក់ចេញបានជាង ១លានច្បាប់ក្នុងពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ ភាពជោគជ័យនេះ បង្ហាញពីការកើនឡើងនៃប្រជាប្រិយភាពរបស់ក្រុមទាំងមូល ក្រោយប្រឡូកលើវិថីខេប៉ុបបានជាង ២ឆ្នាំ។

ក្នុងតួលេខជាក់លាក់ គិតចាប់ពីថ្ងៃដាក់លក់ដំបូង គឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែឧសភា អាល់ប៊ុមខ្នាតតូចដែលមានសរុប ៣បែបផ្សេងគ្នានេះ បានលក់ចេញសរុបចំនួន ១ ០៧៤ ៣១៦ ច្បាប់រួចបាត់ទៅហើយ។
ជាក់ស្ដែង តួលេខនេះជាភស្តុតាងនៃការកើនប្រជាប្រិយភាពរបស់ BOYNEXTDOOR ព្រោះអាល់ប៊ុមដំបូងបង្អស់របស់តារាខេប៉ុបជំនាន់ទី ៥នេះ អាចលក់ចេញត្រឹមតែ ១១ម៉ឺនច្បាប់ប៉ុណ្ណោះ ស្របពេលដែលអាល់ប៊ុមចុងក្រោយបង្អស់បន្ទាប់ពី No Genre គឺ 19.99 បានចំណាយពេលរហូតដល់ទៅ ៦សប្ដាហ៍ដើម្បីក្លាយជាអាល់ប៊ុមទី ១របស់ក្រុម ដែលអាចលក់ចេញដល់ទៅ ១លានច្បាប់។

ក្រៅពីប្រទេសកំណើត ស្នាដៃថ្មីនេះ ក៏ទទួលបានការគាំទ្រពីអ្នកគាំទ្រក្រៅស្រុកផងដែរ។ តួយ៉ាង នៅក្នុងប្រទេសជប៉ុន No Genre បានឈរឈ្មោះលើតំណែងកំពូលរបស់ Oricon Daily Album Ranking នៅថ្ងៃទី ១៤ និងថ្ងៃទី១៥ ខែឧសភា ស្របពេលដែលនៅប្រទេសចិន បទចម្រៀងពីអាល់ប៊ុមនេះ ក៏មានឈ្មោះនៅលើតារាង Soaring Chart របស់កម្មវិធីស្ដាប់ចម្រៀង QQ Music ផងដែរ។
គួរឱ្យដឹងដូចគ្នាថា ចាប់តាំងពីប្រឡូកក្នុងវិស័យខេប៉ុបមក BOYNEXTDOOR តែងតែចូលរួមនិពន្ធបទចម្រៀងសម្រាប់ក្រុមខ្លួនជារឿយៗ។ ក្រៅពីការងារចម្រៀង សមាជិកទាំង ៦ គឺ Sungho, Riwoo, Jaehyun, Taesan, Leehan និង Woonhak ក៏តែងលេចវត្តមានជាប្រចាំនៅលើកម្មវិធីផ្ទាល់ខ្លួនផងដែរ រួមមានកម្មវិធី What? Door! និង With BOYNEXRDOOR៕
























Account
Security
Favourite Content