រឿងភាគថ្មីរបស់ទូរទស្សន៍កូរ៉េ KBS2 មានចំណងជើងថា “The First Night With the Duke” ដែលមាន Taecyeon ក្រុម 2PM និង Seohyun ក្រុម Girls’ Generation សម្ដែងជាតួឯក ទើបតែបង្ហាញរូបភាពផ្សព្វផ្សាយផ្លូវការដំបូងកាលពីពេលថ្មីៗនេះ។


“The First Night With the Duke” គឺជាប្រភេទរឿងបែបមនោសញ្ចេតនាអភិនីហារនិយាយពីរឿងរ៉ាវរបស់និស្សិតមហាវិទ្យាល័យសាមញ្ញម្នាក់ដែលព្រលឹងរបស់នាងបានប្រែក្លាយជាតួអង្គតូចមួយក្នុងប្រលោមលោកស្នេហា ហើយក៏បានចំណាយពេលមួយយប់ជាមួយតួឯកប្រុសដែលខ្លួនឈ្លក់វង្វេង។
តួឯកស្រីដែល Seohyun សម្ដែងមានឈ្មោះថា Cha Sun Chaek ។ ថ្វីត្បិតតែ Cha Sun Chaek ជាតួអង្គតូចតាចដែលមិនមានតួនាទីសំខាន់ក្នុងរឿងប្រលោមលោក ក៏ប៉ុន្តែនាងកើតចេញពីគ្រួសារដែលមានឋានៈ និងអំណាចដ៏អស្ចារ្យ។ ក្តីស្រមៃរបស់នាងគឺចង់រស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ និងសុខស្រួល ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរ 180 ដឺក្រេ នៅពេលដែលព្រលឹងនិស្សិតមហាវិទ្យាល័យបានចូលក្នុងខ្លួនរបស់នាង និងបានចំណាយពេលមួយយប់ដោយអចេតនាជាមួយតួឯកប្រុស។
ចំណែក Taecyeon ដើរតួជាតួឯកប្រុសឈ្មោះ Yi Beon ជាសមាជិករាជវង្សដែលព្រះមហាក្សត្រពេញចិត្ត។ មិនត្រឹមតែមានរូបរាងសង្ហាប៉ុន្តែតួឯកប្រុសរូបនេះក៏ចេះក្បាច់គុនយ៉ាងស្ទាត់ជំនាញដែរ។ យ៉ាងណាមិញ Yi Beon បានលាក់ស្លាកស្នាមដ៏ឈឺចាប់ពីអតីតកាលរបស់ខ្លួនដែលបង្កឡើងដោយពាក្យចចាមអារ៉ាមចម្លែកៗជាច្រើន។ ទោះបីមានចរិតសោះកក្រោះ ប៉ុន្តែរូបគេមានចិត្តស្មោះត្រង់ និងហ៊ានលះបង់គ្រប់យ៉ាងចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់។

ក្រៅពីតួឯកទាំងពីរ រឿងភាគថ្មីនេះក៏មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនទៀតដូចជាតារាស្រី Kwon Han Sol ដែលសម្ដែងជាតួឯកស្រីដើមក្នុងប្រលោមលោក តារាប្រុស Seo Bum June សម្ដែងជាតួរងប្រុស និងតារាស្រី Ji Hye Won សម្ដែងជាតួចិត្តអាក្រក់។
ចង់ដឹងថាស្នាដៃថ្មីនេះនឹងល្អមើលបែបណានោះ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ដោយរឿងភាគ “The First Night With the Duke” នឹងចាប់ផ្ដើមចាក់ផ្សាយផ្លូវការនៅថ្ងៃទី ១១ ខែមិថុនាខាងមុខនេះហើយ ៕























Account
Security
Favourite Content