Lee SungJong ទទួលបានយុត្តិធម៌ ក្រោយដាក់ពាក្យបណ្ដឹងទៅលើអតីតភ្នាក់ងារ SPK Entertainment អស់ពេលជាង ១ឆ្នាំ ដោយតុលារបានទាមទារឱ្យក្រុមហ៊ុនធ្វើការសងប្រាក់ និងគិតការប្រាក់លើការខាតបង់កន្លងមក។

ដើមហេតុនៃបញ្ហាប្ដឹងផ្ដល់នេះ គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០២២ នៅពេលដែលតារាប្រុសវ័យ ៣៦ឆ្នាំរូបនេះ បានចុះហេត្ថលេខាផ្ដាច់មុខជាមួយនឹង SPK Entertainment។ យ៉ាងណាមិញ លោកមិនទទួលបានប្រាក់កម្រៃពីការចេញមុខលើប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីជួបជុំអ្នកគាំទ្រ និងការចេញអាល់ប៊ុមថ្មីនោះទេ។ នេះបើយោងតាម Allkpop។
ប្រភពដដែលបានឱ្យដឹងទៀតថា បើទោះបីជា Sungjong ធ្លាប់ផ្ញើលិខិតឱ្យក្រុមហ៊ុនដោះស្រាយរឿងនេះរួចទៅហើយក្ដី តែ SPK Entertainment មិនបានឆ្លើយតបមកវិញទេ ។ ហេតុដូចនេះហើយ ទើបសិល្បកររូបនេះ បានជូនដំណឹងទៅក្រុមហ៊ុនស្នើសុំការបញ្ចប់កិច្ចសន្យាកាលពីឆ្នាំទៅ មុននឹងមានដីកាបណ្ដោះអាសន្នឱ្យផ្អាកកិច្ចសន្យាផ្ដាច់មុខមួយនេះ និងអនុញ្ញាតឱ្យ Sungjong អាចបន្តសកម្មភាពឯករាជ្យរបស់ខ្លួន។
ខណៈពេលនោះ ម្ចាស់បទ My heart is beating ក៏បានដាក់ពាក្យបណ្ដឹងទាមទារប្រាក់ចំណូលដែលខ្លួនគួរទទួលបាននៅពេលដែលរួមការងារ ជាមួយនឹងក្រុម INFINITE ការចូលរួមក្នុងវីដេអូនៅលើ YouTube និងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះផងដែរ។

ជាលទ្ធផល នៅថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ តុលាការបានសម្រេចកាត់ក្ដីឱ្យ ដើមបណ្ដឹងគឺ Sungjong ជាភាគីឈ្នះ និងទាមទារឱ្យចុងចោទត្រូវបង់ទឹកប្រាក់ដែលនៅសេសសល់ទាំងអស់ទៅឱ្យសិល្បកររូបនេះ ជាមួយនឹង ការប្រាក់ប្រចាំឆ្នាំ ៦ភាគរយ គិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មកទល់នឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ទឹកលុយដែលនៅសេសសល់ និងមិនអាចទូទាត់អស់បន្ទាប់ពីការបរិច្ឆេទខាងលើនេះ ក្រុមហ៊ុន SPK Entertainment នឹងត្រូវបង់ការប្រាក់ចំនួន ១២ភាគរយរហូតដល់អស់ទឹកប្រាក់។
គួរឱ្យដឹងផងដែរថា ក្រៅពីភាពជោគជ័យខាងលើ កាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ INFINITE ក៏ទើបតែបានចេញអាល់ប៊ុមខ្នាតតូចថ្មី ដែលមានចំណងជើងថា LIKE INFINITE ផងដែរ។ ទន្ទឹមគ្នានេះ ក្រុមចម្រៀងបុរសខាងលើ ក៏គ្រោងនឹងអបអរសាទរខួប ១៥ឆ្នាំរបស់ខ្លួន ជាមួយនឹងអ្នកគាំទ្រ តាមរយៈកម្មវិធីប្រគំតន្ត្រី LIMITED EDITION នៅថ្ងៃទី១២ និង ១៣ ខែមេសា ឯ Inspire Arena ទីក្រុង Incheon៕
























Account
Security
Favourite Content