តារាសម្ដែងកូរ៉េ Jun Ji Hyun ថ្មីៗនេះត្រូវបានអ្នកជំនាញវាយតម្លៃថាអាចចំណេញប្រហែល ៥ ពាន់លានវ៉ុន (ប្រហែល ៣,៤ លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគអចលនទ្រព្យដ៏ឆ្លាតវៃរបស់នាង។

យោងតាមសារព័ត៌មាន News1 ចុះផ្សាយកាលពីថ្ងៃទី២ ខែមីនាបង្ហាញថា តារាស្រីវ័យ ៤៣ឆ្នាំរូបនេះបានទិញអគារកម្ពស់ ៣ ជាន់នៅជិតផ្លូវប្រសប់ការិយាល័យ Gangso-gu តាមបណ្ដោយផ្លូវអាកាសយានដ្ឋាន Airport Road ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមឈ្មោះរបស់នាងផ្ទាល់ក្នុងតម្លៃ ៥០,៥ ពាន់លានវ៉ុន (៣៥ លានដុល្លារអាមេរិក)។ អគារដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៩ នោះ ស្ថិតនៅលើផ្ទៃដី ២៨៣៩ ម៉ែត្រការ៉េ ហើយបច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៥៥,២ ពាន់លានវ៉ុន។
Jun Ji Hyun មិនបានធ្វើការសាងសង់អ្វីបន្ថែមទៀតទេ ចាប់តាំងពីទទួលបានអគារដែលបច្ចុប្បន្នត្រូវបានជួលសម្រាប់ហាងគ្រឿងអេឡិចត្រូនិក LG Best Shop។ LG Best Shop ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យាជួលរយៈពេលវែងរយៈពេល ១០ ឆ្នាំ នៅពេលដែលអគារនេះត្រូវបានសាងសង់ថ្មី ជាមួយនឹងប្រាក់កក់ ៦០០ លានវ៉ុន (៤១ ម៉ឺនដុល្លារអាមេរិក) និងថ្លៃជួលប្រចាំខែចំនួន ១៦០ លានវ៉ុន។ ដោយផ្អែកលើតម្លៃទិញ គេឃើញថាអត្រាប្រាក់ចំណេញត្រឡប់មកវិញប្រចាំឆ្នាំជាមធ្យមគឺ 3.9% ។


យ៉ាងណាក៏ដោយ ថ្មីៗនេះដែរ តួឯកស្រីរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” បានក្លាយជាប្រធានបទចម្រូងចម្រាសបន្ទាប់ពីមានព័ត៌មានលេចធ្លាយថានាងបានឆ្លងកាត់ការធ្វើសវនកម្មពន្ធដោយសេវាពន្ធដារជាតិ និងត្រូវបង់ពន្ធបន្ថែមប្រហែល ២០ លានវ៉ុន (ប្រហែល ១៣៧០០ ដុល្លារ) ។
ពាក់ព័ន្ធបញ្ហានេះ ទីភ្នាក់ងាររបស់នាងគឺ IEUM HASHTAG បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ដោយសារមតិខុសគ្នាចំពោះចំណុចមួយចំនួនដែលមានការបកស្រាយផ្សេងគ្នារវាងគណនេយ្យករពន្ធដារ និងសេវាពន្ធដារជាតិទាក់ទងនឹងវិធីសាស្ត្រដំណើរការចំណាយ ទើបធ្វើឱ្យ Jun Ji Hyun ត្រូវបង់ពន្ធបន្ថែមប្រហែល ២០ លានវ៉ុន”។
បញ្ហានេះត្រូវបានគេមើលឃើញថាអាចទាក់ទងទៅនឹងការទទួលបានប្រាក់ចំណេញពីការទិញ និងលក់អចលនទ្រព្យរបស់នាង រួមមានផ្ទះមួយនៅ Samsung-dong និងអចលនទ្រព្យពាណិជ្ជកម្មនៅ Nonhyeon-dong នៅក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូលផងដែរ ៕
























Account
Security
Favourite Content