ក្រុមហ៊ុន Netflix បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបចំពោះព័ត៌មានមួយដែលអះអាងថារឿងភាគ “Squid Game” រដូវកាលទី ២ រកប្រាក់ចំណូលបាន ១ ពាន់លានដុល្លារ ខណៈដែលរឿងនេះបន្តបំបែកកំណត់ត្រាការទស្សនាច្រើនលើសលប់ចាប់តាំងពីសប្តាហ៍ដំបូង។

កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េ K EnterTech Hub បានចេញរបាយការណ៍ព្យាករថាក្រុមហ៊ុន Netflix អាចរកចំណូលបានយ៉ាងហោចណាស់ ១ ពាន់លានដុល្លារពីរឿងភាគ “Squid Game” រដូវកាលថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែធ្នូឆ្នាំ២០២៤។
ក្នុងការវិភាគលើភាពជោគជ័យទាំងរដូវកាលទី១និងរដូវកាលទី២នៃភាពយន្តល្បែងមរណៈមួយនេះ K EnterTech Hub បាននិយាយថា រដូវកាលទី ១ ចំណាយប្រាក់ប្រហែល ១៧ លានដុល្លារដើម្បីផលិត និងបង្កើតប្រាក់ចំណូលប្រហែល ៦៨១ លានដុល្លារ ឬប្រហែល ៤០ ដងនៃថ្លៃដើមផលិតកម្ម។ សម្រាប់រដូវកាលទី ២ ជាមួយនឹងការចំណាយលើការផលិតប្រហែល ៦៨ លានដុល្លារអាមេរិក ដែលលើសរដូវកាលមុន ៤ ដង ការព្យាករបានបង្ហាញនូវប្រាក់ចំណូលយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ។
ជាការឆ្លើយតប ក្រុមហ៊ុន Streaming ខ្នាតយក្សរបស់អាមេរិក Netflix បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១ ខែមករា ពន្យល់ថាក្នុងនាមជាសេវាកម្មដែលរកចំណូលពីការបង់សមាជិកប្រចាំខែ ពួកគេមិនអាចគណនាប្រាក់ចំណូលដោយផ្អែកលើចំនួនទស្សនា ឬរយៈពេលទស្សនាតាមមាតិកាមួយៗនោះទេ។
ក្រុមហ៊ុន Netflix បន្ថែមថា វិធីសាស្ត្រប៉ាន់ស្មានខាងលើនេះគឺអាចប្រើបានសម្រាប់ការវិភាគចំណូលភាពយន្តដោយផ្អែកលើការលក់សំបុត្រកុន ឬសម្រាប់ App ដែលផ្ដល់សេវកម្មបង់ប្រាក់ម្ដងដើម្បីចូលទស្សនារឿងមួយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភាពយន្តភាគ “Squid Game” រដូវកាលទី ២ ទទួលបានចំណាត់ថ្នាក់កំពូលក្នុងប្រទេសចំនួន ៩៣ បន្ទាប់ពីចេញផ្សាយបាន ២ថ្ងៃ និងបានបង្កើតកំណត់ត្រាការចូលទស្សនាសរុបរហូតដល់ ៤៨០ លានម៉ោងក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ ៕

























































Account
Security
Favourite Content