ប៉ូលីសអេស្ប៉ាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២រូប និងដោះស្រាយសំណុំរឿងក្ដីបាត់ខ្លួនរបស់បុរសគុយបាម្នាក់តាំងតែពីមួយឆ្នាំមុនបានសម្រេច ដោយប្រើប្រាស់តម្រុយតាមរយៈរូបភាពក្នុងកម្មវិធីបង្ហាញផ្លូវ Google Maps។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន NDTV WORLD កាលពីថ្ងៃទី១៩ ខែធ្នូនេះ រឿងក្ដីឃាតកម្មខាងលើបានកើតឡើងនៅក្នុងភូមិ Tajueco ជាទីប្រជុំជនតូចមួយរបស់ប្រទេសអេស្ប៉ាញ ដោយប៉ូលីសបានទទួលបានពាក្យបណ្ដឹងពីការបាត់ខ្លួនរបស់បុរសជនជាតិគុយបាម្នាក់ ឈ្មោះ Jorge Luis Perez តាំងតែពីឆ្នាំ ២០២៣មកម៉្លេះ។
ត្រឡប់ទៅកាន់ខែវិច្ឆិកា ឆ្នាំ២០២៣វិញ សាច់ញាតិរបស់ជនរងគ្រោះដែលរស់នៅក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងថា បុរសជនជាតិគុយបារូបនេះបានធ្វើដំណើរមករកនារីម្នាក់នៅក្នុងប្រទេសអេស្ប៉ាញ ដោយគាត់ចាប់ផ្ដើមសង្កេតឃើញពីភាពខុសប្រក្រតីតាមរយៈសារដែលបុរសគុយបារូបនោះផ្ញើមកខ្លួន និងបានរៀបរាប់ថា គាត់បានជួបនឹងនារីដែលគាត់តាមរកហើយ និងកំពុងតែធ្វើដំណើរចាកចេញពីប្រទេសអេស្ប៉ាញ ឯទូរស័ព្ទនេះគាត់នឹងបោះបង់ចោល។
ក្រោយទទួលបានសារខាងលើនេះ សាច់ញ្ញាតិរបស់ជនរងគ្រោះក៏ចាប់ផ្ដើមសង្ស័យថា អ្នកដែលផ្ញើសារនោះអាចនឹងមិនមែនជាបងប្អូនរបស់ខ្លួន ទើបសម្រេចចិត្តទៅប្ដឹងប៉ូលីសឱ្យជួយស្វែងរក។ នេះបើតាមរយៈអត្ថបទព័ត៌មានរបស់ El Pais។

ទាក់ទងនឹងរឿងក្ដីខាងលើ ក្រុមប៉ូលីសបានធ្វើការស្វែងរកបុរសគុយបាវ័យ ៣៣ឆ្នាំរូបនេះអស់ពេលជាច្រើនខែ តែនៅមិនទាន់អាចស្វែងរកតម្រុយអ្វីបានពីការបាត់ខ្លួន មុននឹងប្រទះជាមួយរូបភាពដែលស្ថិតនៅក្នុង Google Street View។ រូបដែលថតដោយឡានរបស់ Google ពីភូមិដ៏ស្ងប់ស្ងាត់សឹងតែគ្មានមនុស្សមួយនេះ ប៉ូលីសបានសង្កេតឃើញរូបភាពបុរសម្នាក់កំពុងតែធ្វើអ្វីម៉្យាងនៅក្នុងគូទឡានរបស់ខ្លួន។
ជាក់ស្ដែង រូបភាពនេះបើមើលតែមួយភ្នែកក៏មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ដែរ ព្រោះសូម្បីតែអ្នកដែលរស់នៅក្នុងតំបន់ជាមួយគ្នា ដែលធ្លាប់ឃើញរូបភាពខាងលើនេះពីមុនមក ក៏មិនដឹងពីភាពខុសប្រក្រតីនៃរូបភាពមួយសន្លឹកនេះដែរ។ ដោយឡែក ក្រោយប៉ូលីសពិនិត្យមើលទើបអាចសង្កេតឃើញក្រណាត់ពណ៌សដែលរុំបិទអ្វីម៉្យាងនៅក្នុងគូទឡានពណ៌ក្រហមរបស់ជនសង្ស័យមួយនោះ មានសណ្ឋានដូចគ្នានឹងរូបរាងរបស់មនុស្ស។ ហេតុដូចនេះហើយ ទើបក្រុមប៉ូលីសចាប់បានប្រមែប្រមូលរូបភាពបន្ថែមទៀតដែលថតបាននៅគ្រានោះ មិនថារូបភាពពីមុខឡានដែលនាំឱ្យឈានដល់ការឃាត់ខ្លួនរបស់ជនសង្ស័យពីររូបនៅថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ។

Cibercuba បានរាយការណ៍ថា មូលហេតុនៃអំពើឃាតកម្មនេះអាចកើតចេញពីស្នេហាត្រីកោណ ហើយស្ថានភាពអាចកើតចេញពីការៀបចំទុករវាងស្រ្តីដែលក្រោយមកស្គាល់ថាជាប្រពន្ធរបស់ជនរងគ្រោះ និងបុរសដែលជាសហាយស្មន់។
គួរបញ្ជាក់ផងដែរថា សាកសពរបស់ជនរងគ្រោះបានកាត់ផ្ដាច់ជាបំណែកផ្សេងៗគ្នា ដោយមួយផ្នែកក្រុមប៉ូលីសបានរកឃើញក្នុងទីបញ្ចុះសពដែលស្ថិតនៅជិតភូមិ Tajueco និងកំពុងបន្តស្វែងរកផ្នែកដទៃទៀត៕

























Account
Security
Favourite Content