ពាក្យខ្មែរបុរាណតែងពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ពិតជាមិនខុសមែន ដូចពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បាននាំកូនស្រីច្បងទៅបង្ហាញថ្វីមាត់ ធ្វើជាពិធីការិនីរួមគ្នាលើឆាកតែមួយ។ កញ្ញា សាល ភាពពិនាលី ហៅ នីម៉ូ ពិតជាមិនធ្វើឲ្យម្ដាយខកបំណងឡើយ អាចបញ្ចេញសូរសព្ទសូរសៀងយ៉ាងចំណាប់ ស័ក្តិសមជាកូនស្រីពិធីការិនីឈរជើងលើវិថីសិល្បៈ ២០ ឆ្នាំ។

កាលពីថ្ងៃ ៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នីម៉ូ គឺជាពិធីការិនីផ្នែកភាសាអង់គ្លេសក្នុងកម្មវិធីមង្គលការដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ត្បិតជាលើកដំបូងរបស់ នីម៉ូ តែកូនស្រីតារាជើងចាស់អ្នកនាង គង់ សុជាតិ ពិតជាមិនធ្វើឲ្យអ្នកមានគុណបាក់មុខឡើយ នារីវ័យ ២០ ឆ្នាំរូបនេះ មានទេពកោសល្យ បូករួមការខិតខំប្រឹងប្រែង ពាក្យសម្ដីមួយឃ្លាៗនិយាយចេញមកបានយ៉ាងល្អ ប្រកបដោយទឹកដមសំឡេងទន់ភ្លន់។
សាល ភាពពិនាលី ហៅ នីម៉ូ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតស៊ីគ្នាជាមួយ concert នៃកម្មវិធីមង្គលជ័យ ដោយជ្រើសរ៉ូបពណ៌ផ្កាឈូកស្រទន់ និងការ make-up ស្រាលៗ មើលទៅស្អាត ថ្លៃថ្នូរ។ អ្នកគាំទ្រ គ្រាន់តែឃើញពិធីការិនីកាន់ឆ្នាំ គង់ សុជាតិ នាំកូនស្រីទៅធ្វើជាដៃគូរួមគ្នា ម្នាក់ៗសាទរ និងសរសើរពីការបណ្ដុះបណ្ដាលរបស់ម្ដាយរូបនេះ នាំឲ្យកូនដើរតាមគន្លងធម៌ ហើយក៏ជាអ្នកស្នងមុខរបរបន្ត។


អ្នកនាង គង់ សុជាតិ បានបង្ហាញអារម្មណ៍សប្បាយ ជាមួយសមិទ្ធផលរបស់កូនស្រី ដែលទើបទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបថ្មីៗនេះថា “មោទនភាព និងរំភើបចំពោះកូនស្រី ដែលអាចបញ្ចេញនូវស្នាដៃ និងសមត្ថភាពដ៏ប៉ិនប្រសព្វ ក្នុងការងារជាពិធីការិនីជាភាសាបរទេសក្នុងកម្មវិធីមង្គលដ៏ធំ ជាមួយនាងខ្ញុំជាម្ដាយលើកដំបូង ដោយរលូន និងជោគជ័យ”។ ក្រឡេកទៅពិធីករប្រុស ជា វិបុល ក៏ញញឹមមិនឈប់ ពេលឃើញកូនស្រីចាប់យកអាជីពនេះបន្តពីឪពុកម្ដាយ ហើយគ្រាន់តែជំហានដំបូង នីម៉ូ អាចបញ្ចប់ភារកិច្ចបានយ៉ាងល្អ។
សាល ភាពពិនាលី បើទោះជាទើបឡើងឆាកជាពិធីករក៏ពិតមែន តែកញ្ញាគឺជាពិធីករក្នុងកម្មវិធី «ផ្ទះបាយ Neolact» យូរមកហើយ។ នីម៉ូ ក៏ជាសិស្សពូកែម្នាក់ផងដែរក្នុងសាលារៀន ធ្លាប់ចេញប្រកួតនៅកូរ៉េកម្មវិធី WSC Seoul Global Round ២០២៣ ឈ្នះមេដាយ ៩ នាំយកមកស្រុកវិញឯណោះ ហើយកាលពីឆ្នាំ ២០១៩ នីម៉ូ បានចេញទៅប្រកួត «World’s Scholar’s Cup» នៅប្រទេសអូស្ត្រាលី បានឈ្នះមេដាយមាស-ប្រាក់ ៤ ព្រមទាំងធ្លាប់បានឈ្នះការប្រកួតផ្សេងៗជាច្រើនទៀតផងដែរ ធ្វើឲ្យគ្រួសារមានមោទនភាពខ្លាំងចំពោះរូបនាង។ គួរបញ្ជាក់ថា សាល ភាពពិនាលី គឺជាកូនស្រីតារាសាច់ចាំមិនព្រមចាស់ គង់ សុជាតិ និងស្វាមីមុនគឺលោក ម៉ៅ សាលភាព៕





រូបភាព៖ Kong Socheat























Account
Security
Favourite Content