កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីអាមេរិក Taylor Swift នេះបានបរិច្ចាគប្រាក់ចំនួន ៥ លានដុល្លារ ដើម្បីជួយសម្រួលការលំបាកដល់ជនរងគ្រោះដោយសារខ្យល់ព្យុះកំបុត្រត្បូងដ៏ខ្លាំងក្លានៅរដ្ឋ Florida។

តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានទទួលការសរសើរខ្លាំងចំពោះការបរិច្ចាគប្រាក់ដើម្បីជួយអ្នករងផលប៉ះពាល់ដោយព្យុះកំបុតត្បូងនៅរដ្ឋ Florida ខណៈដែលនាងកំពុងត្រៀមវិលទៅប្រគំតន្ត្រីទេសចរណ៍ Eras ក្នុងរដ្ឋមួយនេះនៅសប្តាហ៍ក្រោយ។
អង្គការមិនរកប្រាក់ចំណេញ Feeding America បានបង្ហោះនៅលើគណនី Instagram ដើម្បីថ្លែងអំណរគុណដល់ Taylor Swift ដោយបញ្ជាក់ថាការបរិច្ចាគនេះនឹងជួយដល់សហគមន៍ តាមរយៈការផ្តល់ស្បៀងអាហារ ទឹកស្អាត និងការផ្គត់ផ្គង់សំខាន់ៗដល់អ្នកដែលរងផលប៉ះពាល់ដោយព្យុះដ៏កាចសាហាវទាំងនេះ។


គួរបញ្ជាក់ថា ថ្មីៗនេះខ្យល់ព្យុះកំបុតត្បូងឈ្មោះ Helene បានឆក់យកជីវិតមនុស្សប្រមាណ ២៣០ នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋមួយចំនួន ខណៈពេលដែលព្យុះឈ្មោះ Milton កម្រិតទី ៣ បានបោកបក់លើឆ្នេរសមុទ្រនៃរដ្ឋ Florida ជាមួយនឹងល្បឿនខ្យល់ប្រហែល ១៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ។
កាលពីខែធ្នូឆ្នាំមុន Taylor Swift ក៏បានបរិច្ចាគ ១ លានដុល្លារដែរ ទៅកាន់មូលនិធិសង្គ្រោះបន្ទាន់របស់រដ្ឋ Tennessee ដើម្បីជួយប្រជាជនដែលផ្ទះសម្បែង និងជីវភាពរស់នៅត្រូវបានបំផ្លាញដោយខ្យល់ព្យុះ ហើយនៅក្នុងខែមីនា ឆ្នាំ ២០២០ នាងក៏បានបរិច្ចាគ ១ លានដុល្លារសម្រាប់ជួយដល់អ្នករងគ្រោះដោយសារខ្យល់ព្យុះក្នុងរដ្ឋនេះដូចគ្នា។
លើសពីនេះ នាងក៏ធ្លាប់បានបរិច្ចាគប្រាក់ដល់អង្គការសប្បុរសធម៌កាត់បន្ថយភាពក្រីក្រផ្នែកស្បៀងអាហារក្នុងទីក្រុងនានាជាច្រើនដែរក្នុងពេលដែលនាងចេញទៅប្រគំតន្ត្រីទេសចរណ៍។
កាលពីពេលថ្មីៗនេះដែរ Taylor Swift ត្រូវបានទស្សនាវដ្ដី Forbes ចុះផ្សាយថាជាតារាចម្រៀងស្រីមានទ្រព្យច្រើនជាងគេលើពិភពលោក ពោលគឺរហូតដល់ ១៦០០ លានដុល្លារអាមេរិក ខណៈទ្រព្យសម្បត្តិរបស់នាងត្រូវបានគេប៉ាន់ប្រមាណថាកើនឡើងខ្ទង់ ៥០០ លានដុល្លារក្នុងរយៈពេល ១ឆ្នាំកន្លងមក ៕



























Account
Security
Favourite Content