ក្រុមចម្រៀងខេប៉ុប BTS បានបង្ហាញភាពជោគជ័យលំដាប់សាកលោករបស់ពួកគេម្ដងទៀត ដោយបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងបញ្ជីសិល្បករមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេលើ Spotify ជាមួយការស្ដាប់ចម្រៀងសរុប ៦៥,៤ ពាន់លានដង គិតរួមបញ្ចូលទាំងបទចម្រៀងជាក្រុម និងបទទោលរបស់សមាជិកម្នាក់ៗ។

ចំណាត់ថ្នាក់នេះធ្វើឱ្យពួកគេក្លាយជាសិល្បករខេប៉ុបតែមួយគត់ដែលបានជាប់ក្នុងចំណាត់ថ្នាក់ Top Five ខណៈចំណាត់ថ្នាក់លេខ១ដល់លេខ៤គឺសុទ្ធសឹងជាកំពូលតារាអន្តរជាតិដូចជា Drake, Taylor Swift, Bad Bunny និង The Weeknd។
ក្នុងនោះបទចម្រៀងពេញនិយមបំផុតមួយចំនួនរបស់ពួកគេនៅលើ Spotify មានដូចជាបទ Dynamite, បទ Fake Love, បទ Butter, បទ My Universe និងបទជាច្រើនទៀត ព្រមទាំងបទទោលរបស់សមាជិកម្នាក់ៗដូចជាបទ Seven របស់ Jungkook, បទ FRI(END)S របស់ V, និងបទ Daechwita របស់ Suga ជាដើម។ លើសពីនេះ បទចម្រៀងរបស់ក្រុមចម្រៀងប្រុសមួយនេះក៏ទទួលបានការទស្សនាយ៉ាងច្រើនដែរនៅលើ YouTube តួយ៉ាងបទ Dynamite មានការចូលទស្សនា ១៨០០ លានដង។

បង្ហាញមុខដំបូងក្នុងឆ្នាំ២០១៣ ជាមួយសមាជិក ៧ នាក់រួមមាន RM, Suga, Jin, Jimin, Jungkook, V និង J-hope ក្រុម BTS បានបន្តវិវត្តខ្លួនឥតឈប់ឈររហូតក្លាយជាសិល្បករល្បីលំដាប់ពិភពលោក ដោយមានបទចម្រៀងជាច្រើនបានជាប់ចំណាត់ថ្នាក់ Top ក្នុងតារាង Billboard និងបានក្លាយជាក្រុមខេប៉ុបដំបូងក្នុងប្រវត្តិសាស្ត្រដែលមានឈ្មោះប្រកួតពានរង្វាន់ Grammy។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពួកគេទើបតែបានប្រារព្ធខួប ១១ ឆ្នាំនៃការបង្ហាញខ្លួនផ្លូវការ ខណៈបច្ចុប្បន្នសមាជិកចំនួន ៦ នាក់ក្នុងចំណោម ៧នាក់គឺកំពុងបំពេញកាតព្វកិច្ចយោធា ៕






















































Account
Security
Favourite Content