បើនិយាយដល់ក្រុមចម្រៀងបុរស BTS អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតស្ទើរទាំងអស់នៅទូទាំងពិភពលោកសុទ្ធតែបានទទួលស្គាល់នូវសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេ។ រហូតដល់ពេលនេះមិនថាសមាជិកភាគច្រើននៅក្នុងជួរយោធាក៏ដោយ ក៏ពួកគេនៅតែអាចបំបែកកំណត់ត្រា និងឈ្នះពានរង្វាន់បានជាបន្ដបន្ទាប់ដដែល។

ជាក់ស្ដែងថ្មីៗនេះគេហទំព័រ Billboard បានប្រកាសជាផ្លូវការថា BTS ជាក្រុមចម្រៀងបុរសកូរ៉េបានជាប់ចំណាត់ថ្នាក់ទី ១៩ ក្នុងបញ្ជី «តារាប៉ុបដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១» របស់ទស្សនាវដ្ដីអាមេរិក Billboard កាលពីថ្ងៃទី១០ ខែកញ្ញា។ នៅក្នុងអត្ថបទដែលបានចុះផ្សាយដោយផ្ទាល់ពី Billboard បានរៀបរាប់បន្ថែមថាក្រុមខេប៉ុបមួយនេះពិតជាបានបំបែករបាំងក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់ក្រុមខេប៉ុបជំនាន់ក្រោយ និងសិល្បករខេប៉ុបដទៃទៀត ខណៈដែលពួកគេអាចបង្កើតសហគមន៍មួយដែលបំផុសរាល់គំនិតវិជ្ជមាន ក្ដីស្រឡាញ់ និងការរក្សាទំនាក់ទំនងផងដែរមិនថាក្នុងនាមជាសិល្បករទោល ឬជាក្រុមចម្រៀងនោះទេ។



មិនត្រឹមប៉ុណ្ណេះ Billboard ក៏បានឱ្យដឹងថាមិនមានក្រុមខេប៉ុប ឬក្រុមចម្រៀងទូទៅណាមួយដែលអាចធ្វើបានដូចក្រុម BTS នៅក្នុងសតវត្សរ៍នេះនោះទេដោយមានន័យថាពេលនេះកំពូលក្រុមខេប៉ុបបុរសមួយនេះគឺបានឈានដល់កម្រិត Beatles តែម្ដង។ ភាពជោគជ័យរបស់ពួកគេគឺស្ដែងតាមរយៈការឈរជើងនៅលើតារាង Billboard ដោយរួមមានបទចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាង Billboard Hot 100 ចំនួនប្រាំមួយ និងអាល់ប៊ុមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាង Billboard Hot 200 ចំនួនប្រាំមួយផងដែរ។ មិនត្រឹមតែបទចម្រៀងប៉ុណ្ណោះទេ សូម្បីតែវីដេអូចម្រៀង និងក្បាច់រាំនីមួយៗរបស់សមាជិកទាំងអស់ក៏ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយសារមានអត្ថន័យផ្សេងគ្នា និងការរួមបញ្ចូលគ្នានូវទម្រង់សិល្បៈប្លែកគ្នាទៅតាមកាលៈទេសៈទៀតផង។

ជាពិសេសទំនាក់ទំនងរវាងកំពូលក្រុមចម្រៀងបុរសមួយនេះជាមួយនឹងអ្នកគាំទ្រក៏ត្រូវបានគេលើកយកមកសរសើរមិនដាច់ពីមាត់ដែរ។ ក្នុងនោះគេពិតជាបានទទួលស្គាល់ថាអ្នកគាំទ្រ ARMY និង BTS មានសមត្ថភាពក្នុងការបត់បែន និងរួមបញ្ចូលគ្នាដែលនេះជាគុណសម្បត្តិធំជួយឱ្យក្រុមទាំងមូលមានភាពលេចធ្លោផងដែរ។ គួរបញ្ជាក់ដែរថា មុននេះ Billboard បានបង្ហាញអំពីចំណាត់ថ្នាក់ «តារាប៉ុបដ៏អស្ចារ្យនៃសតវត្សរ៍ទី ២១» ចាប់ពីចំណាត់ថ្នាក់ទី២៥មក រួមមាន Katy Perry ជាប់ចំណាត់ថ្នាក់ទី ២៥, Ed Sheeran ជាប់ចំណាត់ថ្នាក់ទី ២៤, Bad Bunny ជាប់ចំណាត់ថ្នាក់ទី ២៣, One Direction ជាប់ចំណាត់ថ្នាក់ទី ២២, Lil Wayne ជាប់ចំណាត់ថ្នាក់ទី ២១ និង Bruno Mars ជាប់ចំណាត់ថ្នាក់ទី ២០ ខណៈចំណាត់ថ្នាក់បន្ទាប់ៗទៀតនឹងត្រូវប្រកាសនៅពេលក្រោយចំនួន ២ ចំណាត់ថ្នាក់ក្នុងមួយសប្ដាហ៍ ៕



























Account
Security
Favourite Content