សម្រាប់អ្នកមានសុបិនចង់ក្លាយជាតារា K-pop នេះអាចជាដំណឹងដ៏ល្អ ដោយផលិតកម្ម SM Entertainment នៅដើមសប្ដាហ៍នេះ បានប្រកាសបើកការប្រលងជ្រើសរើសតារាសម្រាប់ក្រុមចម្រៀងស្រីថ្មីរបស់ខ្លួនជាលើកដំបូងដែលបេក្ខជនទូទាំងពិភពលោកអាចចូលរួមដាក់ពាក្យប្រកួតប្រជែង។



ផលិតកម្មដែលជាបងធំមួយក្នុងវិស័យខេប៉ុបនិងជាទ្រនំក្រុមល្បីៗដូចជា aespa, Shinee, Super Junior, EXO, NCT និង Girls’ Generation បានរៀបចំកម្មវិធីប្រលងមានឈ្មោះថា “2024 SM New Girl Group Audition” ដែលនឹងបើកទទួលពាក្យអនឡាញពីពេលនេះរហូតដល់ថ្ងៃទី ២២ ខែមិថុនា ដោយបេក្ខនារីពីគ្រប់ទិសទីជុំវិញពិភពលោកដែលកើតនៅចន្លោះឆ្នាំ ២០០៥ និង ២០១១ ត្រូវបានបើកសិទ្ធិចូលរួមបាន។
ក្នុងការប្រលងជុំទី ១ បេក្ខជនត្រូវបំពេញពាក្យណែនាំខ្លួន ដោយចែករំលែកឈ្មោះ អាយុ ចំណូលចិត្ត និងទេពកោសល្យរបស់ពួកគេ។ លើសពីនេះ បេក្ខជនក៏ត្រូវនិយាយផងដែរអំពីបទពិសោធន៍នៃការប្រលងពីមុនៗ និងរយៈពេលដែលពួកគេបានទទួលការបណ្តុះបណ្តាលផ្នែកច្រៀង និងរាំ។ ការផាត់មុខ និងប្រើ Filter នឹងមិនត្រូវបានអនុញ្ញាតឡើយ ហើយអ្នកដាក់ពាក្យក៏ត្រូវថតវីដេអូខ្លួនឯងច្រៀង និងរាំភ្ជាប់ជាមួយផងដែរ ដោយជ្រើសរើសបទចម្រៀងដែលក្រុមហ៊ុនបានកំណត់ដូចខាងក្រោម៖
- សម្រាប់ផ្នែកសំលេង បេក្ខជនត្រូវជ្រើសរើសបទចម្រៀងមួយបទក្នុងចំណោមបទAtlantis Princess និង Merry-Chri របស់ BoA, បទ All About You របស់ Taeyeon, បទ Bad Boy របស់ Red Velvet, បទ When This Rain Stops របស់ Wendy, បទ Spicy និងបទ Better Things របស់ aespa។
- សម្រាប់ផ្នែករាំ បេក្ខជនត្រូវជ្រើសរើសបទ១ក្នុងចំណោមបទ Better របស់ BoA, បទ Into The New World របស់ Girls’ Generation, បទ Feel The Rhythm របស់ Red Velvet និងបទ Illusion របស់ aespa។
អ្នកដែលឆ្លងផុតជុំទីមួយនឹងត្រូវអញ្ជើញឱ្យទៅប្រលងជុំទីពីរដោយផ្ទាល់ ហើយអ្នកជាប់ដល់វគ្គចុងក្រោយនឹងមានឱកាសបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងស្រីថ្មីរបស់ SM ។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ទំព័រInstagram ផ្លូវការរបស់កម្មវិធីនិងធ្វើការដាក់ពាក្យតាម Link មួយនេះ ៕




















































Account
Security
Favourite Content