ពីតារា Tik Tok មានឈ្មោះបោះសំឡេងម្នាក់ កំលោះសង្ហាកូនកាត់ខ្មែរ-ស្វីស រីប៊ើ ភារីន បានវិវត្តន៍ខ្លួនចូលវិស័យភាពយន្តដោយជោគជ័យ ដោយលោកក្តោបបានតំណែងតួអង្គសំខាន់ៗក្នុងរឿងដុំ-ភាគរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់។ ក្នុងចំណោមរឿងទាំងនោះ ភារីន មានឱកាសសម្តែងទាំងប្រភេទរឿងសម័យទំនើប និងរឿងបុរាណព្រមគ្នាតែម្តង។

កំលោះកូនកាត់ខ្មែរ-ស្វីស ទទួលស្គាល់ថា ចាប់តាំងពីប្រឡូកអាជីពជាតារាសម្តែង លោកបានរៀនសូត្ររឿងរ៉ាវថ្មីៗជាច្រើន ដែលរឿងខ្លះពុំធ្លាប់សូម្បីឆ្លងកាត់ពីមុនមកឡើយ។ លោកបន្តថា ជាតារាសម្តែងមិនងាយស្រួលដូចអ្វីដែលលោកអ្នកមើលឃើញឡើយ មិនថាការសម្តែងរឿងបុរាណ ឬសម័យ សុទ្ធសឹងតែមានផលលំបាករៀងៗខ្លួន។ តួយ៉ាង អ្នកសម្តែងត្រូវប្រើប្រាស់កម្លាំងកាយកម្លាំងចិត្ត ខួរក្បាល ភាពឆ្លាតវ័យ ថែមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែងទៀត។


សម្រាប់លោកក្នុងនាមជាតារាសម្តែងចំនូលថ្មី លោកពេញចិត្តការសម្តែងរឿងបុរាណជាងរឿងសម័យថ្មី ទោះបីជាការសម្តែងរឿងបុរាណមានភាពលំបាកច្រើនទាំងការស្លៀកពាក់ ការប្រើប្រាស់ពាក្យពេចន៍ និងកត្តាផ្សេងៗទៀតជាដើម។ អ្វីដែលជាកម្លាំងជំរុញចិត្តខ្លាំងនោះ គឺគ្រប់ពេលសម្តែងរឿងបុរាណលោករមែងទទួលបានពាក្យលើកសរសើរពីហ្វេនៗ និងពុកម៉ែបងប្អូនរស់នៅតាមបណ្តាខេត្ត។
ភារីន ថា ពីមុនលោកសម្បូរហ្វេនៗជាយុវវ័យ ប៉ុន្តែពេលនេះបែរជាមានហ្វេនៗជាមនុស្សចាស់ ព្រោះតែការសម្តែងក្នុងរឿងបុរាណ។ ទោះជាយ៉ាងនេះក្តី លោកក៏មិនបោះបង់ការសម្តែងរឿងសម័យនោះដែរ ព្រោះលោកយល់ថា ក្នុងនាមជាតារាសម្តែងយើងត្រូវចេះឱ្យគ្រប់ទម្រង់ទើបជារឿងល្អ ព្រោះភាពច្រំដែលជាសត្រូវរបស់អ្នកសិល្បៈ។



ឆ្លៀតឱកាសនេះ តារា Tik Tok កូនកាត់ខ្មែរ-ស្វីស រីប៊ើ ភារីន ក៏សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដែលបានផ្តល់ឱកាសឱ្យតារា Tik Tok ដូចរូបលោកមានឱកាសបានបញ្ចេញសមត្ថភាព រហូតអាចក្លាយជាតារាសម្តែងម្នាក់ដូចសព្វថ្ងៃ។ បុគ្គលសំខាន់ម្នាក់ទៀតដែលលោកចង់អរគុណនោះគឺ តារាសម្តែងឆ្នើម ខាត់ វ៉ៃហាំង ព្រោះលោកជាអ្នកជួយបង្ហាត់បង្រៀនការសម្តែង និងជួយចង្អុលបង្ហាញចំណុចខ្វះខាតរបស់លោកពេលដែលលោកចាប់ផ្តើមសម្តែងរឿងបុរាណដំបូងៗ។
ប្រសិនមានឱកាស ភារីន ចង់សម្តែងខ្សែភាពយន្តខ្នាតធំ និងចូលរួមថតភាពយន្តជាមួយផលិតករបរទេស ព្រោះលោកតែងមានកូនចិត្តចង់នាំយកវិស័យភាពយន្តខ្មែរទៅទីផ្សារអន្តរជាតិ។ ដើម្បីសម្រេចក្តីស្រមៃនោះ យើងជាកូនខ្មែរគួរតែជួយគាំទ្រផលិតផលជាតិជាមុនសិន ទើបលោកសំណូមពរឱ្យប្រជាជនខ្មែរចូលរួមគាំទ្រភាពយន្តខ្មែរឱ្យបានច្រើនកុះករ ព្រោះលោកមើលឃើញថា គុណភាពភាពយន្តខ្មែរពេលនេះល្អមិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ៕






















































Account
Security
Favourite Content