យោងតាមប្រភពព័ត៌មានកូរ៉េ Spotv News បានឲ្យដឹងថា លោក Lee Soo Man ដែលជាស្ថាបនិករបស់ផលិតកម្មយក្ស SM Entertainment បានលក់ភាគហ៊ុនដែលខ្លួនមានសេសសល់ទាំងអស់ក្នុង SM ទៅឲ្យផលិតកម្ម HYBE។

ប្រភពដដែលបានឲ្យដឹងថា HYBE បានទិញយកភាគហ៊ុនបន្ថែមចំនួន ៨៦៨ ៩៤៨ ឬស្មើ ៣,៦៨ ភាគរយនៃផលិតកម្ម SM Entertainment។ ការទិញយកគឺក្នុងតម្លៃ ១០៤ ពាន់លានវ៉ុន ឬប្រហាក់ប្រហែល ៧៨ លានដុល្លារអាមេរិក។
ជាមួយគ្នាដែរ លោក Lee Soo Man លក់ភាគហ៊ុន SM ទាំងអស់របស់ខ្លួនត្រូវបានគេលើកឡើងថា ក្នុងគោលបំណងកាត់ផ្ដាច់ទំនាក់ទំនងជាផ្លូវការជាមួយគ្នារវាងលោក និងផលិតកម្ម SM។ កាលបរិច្ឆេទសម្រាប់ការទិញយកជាផ្លូវការគឺនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៤។

បកត្រឡប់ទៅកាលពីដើមឆ្នាំ ២០២៣ HYBE បានទិញភាគហ៊ុនប្រមាណ ១៤,៨ ភាគរយពី Lee SooMan ក្នុងតម្លៃ ៤២២ ពាន់លានវ៉ុន ឬប្រហាក់ប្រហែលជាង ៣១៧ លានដុល្លារអាមេរិក។ ប៉ុន្ដែដោយសារភាពចម្រូងចម្រាស និងការប្ដឹងផ្ដល់រវាងផលិតកម្ម HYBE និង Kakao Entertainment ដែលសុទ្ធតែចង់ទិញភាគហ៊ុនចូលគ្រប់គ្រងផលិតកម្ម SM ធ្វើឲ្យ HYBE សុខចិត្ដដកថយ និងព្រមលក់ភាគហ៊ុនមួយចំនួនដែលខ្លួនទិញពីលោក Lee SooMan ទៅឲ្យខាង Kakao Entertainment។
គួរបញ្ជាក់ថា ការទិញយកភាគហ៊ុនរបស់លោក Lee SooMan ធ្វើឲ្យផលិតកម្ម HYBE នឹងមានភាគហ៊ុនរបស់ SM ក្នុងដៃប្រមាណ ១២,៦ ភាគរយ ខណៈ Kakao ជាម្ចាស់ភាគហ៊ុនធំ ៣៩,៨៧ ភាគរយ៕
























































Account
Security
Favourite Content