ខាយ តារាចម្រៀង Original Song យកឃ្លាដែលធ្លាប់សាសងមកធ្វើជាភាសាស្នេហ៍ក្នុងបទចម្រៀងធ្វើឱ្យស្រីស្អាត មុន្នីនាថ ជាគូដណ្ដឹងញញឹមបិទមាត់លែងជិតតែម្ដង។

«បើជាសុបិន» ជាបទចម្រៀងតែងនិពន្ធ និងទំនុកច្រៀងដោយតារាចម្រៀងសក់វែងប្រាសស្មាខាយ ចេញកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ចំថ្ងៃបុណ្យនៃក្ដីស្រលាញ់។ ចម្រៀងបទនេះបានរួមបញ្ចូលនូវអារម្មណ៍មនោសញ្ចេតនា មានទាំងភាសាស្នេហ៍របស់យុវវ័យមួយគូដែលត្រៀមនឹងដើរលើផ្លូវជីវិតមួយរួមគ្នា ប៉ុន្តែមិនមានបំណងកាច់ផ្កាឱ្យឃ្លាតចាកចោលទងនោះឡើយ។



ខាយ បានបញ្ជាក់ប្រាប់ថា បទចម្រៀង «បើជាសុបិន» តែងឡើងសម្រាប់គូដណ្ដឹងរបស់លោក។ មួយវិញទៀតឃ្លាមួយចំនួនដែលយកមកប្រើក្នុងចម្រៀង គឺលោកបានយកពីឃ្លាដែលលោកធ្លាប់សាសងជាមួយគូដណ្ដឹង កាលអ្នកទាំងពីរទាក់ទងគ្នាដំបូងៗ។
ក្រោយស្ដាប់បទចម្រៀងដ៏សែនផ្អែមល្ហែមនេះចប់ មុន្នីនាថ បានសម្ដែងការពេញចិត្តជាខ្លាំងទាំងចង្វាក់ភ្លេង សំឡេង ជាពិសេសគឺឃ្លានៃភាសាស្នេហ៍នៅក្នុងបទចម្រៀងតែម្ដង។ «ស្រលាញ់ផ្កាចង់ថែទាំងផ្កា និងដើមឱ្យបានល្អ» ជាឃ្លាដែល នាថ ពេញចិត្តខ្លាំងរហូតលេចចេញស្នាមញញឹមថ្ពាល់ខួចទាំងសងខាងរបស់នាងថែមទៀតផង។
ខាយក៏បានបញ្ជាក់បន្ថែមពីលើឃ្លា «ស្រលាញ់ផ្កាមិនចង់កាច់តែចង់ថែទាំងផ្កា និងដើមឱ្យបានល្អ» គឺលោកចង់សំដៅទៅលើគ្រួសារ ព្រោះផ្កាដែលអាចរីកស្អាតទៅបានគឺដោយសារដើម និងឬស ដូច្នេះការឱ្យតម្លៃគ្រួសារជារឿងដែលសំខាន់បំផុតមិនអាចរំលងបាននោះទេ។ ជាក់ស្ដែង លោកក៏បានបង្ហាញឱ្យឃើញច្បាស់លាស់រវាងលោក និងស៊ិនឌី មុន្នីនាថ ដោយការរៀបចំនូវពិធីភ្ជាប់ពាក្យ មានចាស់ទុំទាំងសងខាងដឹងឮកាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ស្នេហារវាងតារាចម្រៀង ខាយ និង មុន្នីនាថ បានបង្ហាញឱ្យឃើញថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងគឺសំខាន់បំផុត។ ស្រលាញ់ត្រូវឱ្យតម្លៃ និងហ៊ានលះបង់ ដើម្បីគ្នាទើបអាចរក្សាទំនាក់ទំនងបានយូរអង្វែង៕
វីដេអូ Asking for love : https://www.facebook.com/kaixaudio/videos/260409680482002






















































Account
Security
Favourite Content