កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ សមាជិកទាំងអស់របស់ក្រុមតារាចម្រៀងជំនាន់ទី ៤ NMIXX បានចូលរួមក្នុងកម្មវិធី The Seasons រដូវកាលទី ៤ ដើម្បីផ្សព្វផ្សាយការវិលត្រលប់មកវិញជាមួយបទចម្រៀងថ្មី “DASH”។

នៅក្នុងកម្មវិធី Rain បាននិយាយថា Sullyoon បានប្រលងជាប់ជាសិក្ខាកាមនៅក្រុមហ៊ុនធំទាំង ៣ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង ៤ ក្នុងប្រទេសកូរ៉េខាងត្បូងគឺ SM Entertainment, JYP Entertainment និង YG Entertainment។ ប៉ុន្តែលោកឆ្ងល់ថាតើមានកត្តាអ្វីដែលជំរុញឱ្យនាងជ្រើសរើសផលិតកម្ម JYP Entertainment?


ក្រោយទទួលបានសំណួរហើយ នាងក៏បានឆ្លើយតបភ្លាមៗថាខ្លួនបានជ្រើសរើសផលិតកម្ម JYP Entertainment ដោយសារតែនាងជាអ្នកគាំទ្រផ្កាប់មុខរបស់ក្រុមតារាចម្រៀងនារី TWICE។ បន្ទាប់មកនាងបានសារភាពទាំងមានអារម្មណ៍អៀនថា Sana គឺជាអាយដលក្នុងចិត្តរបស់នាងទៀតផង។


ដូច្នេះ Rain បានចោទសួរថា តើមូលហេតុអ្វីទៅទើបធ្វើឱ្យនាងស្រឡាញ់ Sana សមាជិក TWICE ខ្លាំងយ៉ាងនេះ? Sullyoon ក៏បានឆ្លើយតបទាំងមិនស្ទាក់ស្ទើរថានាងចូលចិត្តគ្រប់យ៉ាងទាំងអស់របស់ Sana។ មិនត្រឹមប៉ុណ្ណេះ Lily ជាសមាជិកម្នាក់ទៀតរបស់ NMIXX បានបន្ថែមថា Sullyoon គឺជាមនុស្សផ្អែមល្ហែម ហើយនាងជាអ្នកគាំទ្រពិតៗរបស់ Sana សមាជិក TWICE មែន។

ក្រោយទទួលបានចម្លើយហើយធ្វើឱ្យ Rain ហាក់ចាប់អារម្មណ៍បន្តិចដែរ ហើយក៏ចាប់ផ្ដើមវិភាគនៅលើផ្ទៃមុខរបស់ Sullyoon ថានាងមើលទៅដូចជាការរួមបញ្ចូលរវាងសមាជិក ២ នាក់របស់ TWICE គឺ Sana និង Tzuyu តែម្ដង។ បន្ទាប់ពីទទួលបានពាក្យសរសើរពីរៀមច្បងបែបនេះហើយ Sullyoon ក៏បាននិយាយថានេះគឺជាពាក្យសរសើរដ៏ធំធេងសម្រាប់នាង ហើយក៏ថ្លែងអំណរគុណទៅដល់ Rain ផងដែរ៕

























Account
Security
Favourite Content