កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សមាជិកក្រុមតារាចម្រៀងនារី Itzy បួននាក់បានចូលរួមក្នុងកម្មវិធី Choi Hwa Jung Power Time របស់ SBS PowerFM ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី “BORN TO BE”។

នៅក្នុងអំឡុងពេលសម្ភាសតារាស្រី Choi Hwa Jung បានសម្ដែងភាពភ្ញាក់ផ្អើលនៅពេលជួប Itzy ម្ដងទៀតដោយសារវាមានរយៈពេល ៣ ឆ្នាំទៅហើយ បន្ទាប់ពីពួកនាងបានបង្ហាញខ្លួនចុងក្រោយនៅក្នុងកម្មវិធីមួយនេះ។ ជាពិសេសនាងបានកត់សម្គាល់ឃើញថា Yuna បានក្លាយទៅជាមនុស្សធំពេញវ័យព្រោះកាលពី ៣ ឆ្នាំមុននាងមើលទៅហាក់ដូចជាក្មេងស្រីតូចនៅឡើយ។

ទន្ទឹមនឹងនោះ Yuna ត្រូវបានគេសួរថាតើសមាជិកទាំងអស់បានមើលថែនាងជាពិសេស ឬដែរទេដោយសារនាងជាកូនពៅ។ ជាការឆ្លើយតប Yuna បាននិយាយថាមិនមែនដោយសារតែខ្លួនជាសមាជិកក្មេងជាងគេ ហើយត្រូវតម្រូវឱ្យសមាជិកដែលមានអាយុច្រើនជាងតាមមើលថែជាពិសេសឡើយ មានន័យថាសមាជិកម្នាក់ៗគឺមានសិទ្ធិស្មើៗគ្នាទាំងអស់។ នាងក៏បានបន្ថែមថានៅពេលនេះពួកគេបានក្លាយជាមនុស្សពេញវ័យគ្រប់គ្នាមែន ហើយអាយុក៏មិនមែនសំខាន់ខ្លាំងណាស់ដែរនៅក្នុងក្រុម។ ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងបួនទៀតគឺជាបងស្រីរបស់ខ្លួនជានិច្ចព្រោះនាងបានរស់នៅជាមួយក្រុម Itzy តាំងពីក្មេង។

បន្ទាប់ពីនោះ ក្រុម Itzy ក៏បានបង្ហើបថាបច្ចុប្បន្ននេះពួកនាងបានផ្ដោតនៅលើកាលវិភាគនៃការប្រគុំតន្ដ្រី ហើយក៏ត្រូវមានរួមបញ្ចូលជាមួយគំនិតរបស់សមាជិកទាំងអស់ផងដែរ។ ប្រសិនបើសួរតើសមាជិកណាម្នាក់មានគំនិតល្អជាងគេ Yuna បានឆ្លើយថានាងមិនមែនជាសមាជិកដែលមានគំនិតល្អនោះទេ ហើយនាងគិតថាគំនិតជាច្រើនរបស់នាងក៏មិនអាចទៅរួចបានដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏ Yuna នៅតែបង្ហាញពីភាពស្និទ្ធស្នាលរបស់សមាជិកទាំងអស់ដោយនិយាយថាមិនមានអ្វីដែលពួកគេមិនអាចនិយាយគ្នាបាននោះទេ ហើយពួកគេក៏មិននិយាយអ្វីដែលធ្វើឱ្យប៉ះពាល់ចំណងមិត្តភាព និងលទ្ធផលរបស់ក្រុមទាំងមូលនោះដែរ។
ដោយសារតែការបើកចិត្តទូលាយរបស់ក្រុម Itzy ក៏ដូចជាការគិតខ្លាំងទៅដល់អារម្មណ៍របស់សមាជិកទាំងអស់បានធ្វើឱ្យក្មេងស្រីទាំង ៥ នាក់នេះអាចរក្សាចំណងមិត្តភាពរស់នៅជាមួយអស់រយៈពេល ៥ ឆ្នាំដោយមិនមានជម្លោះទាស់ទែងគ្នាបណ្ដាលឱ្យក្រុមមានភាពរអាក់រអួលនោះដែរ ៕

























































Account
Security
Favourite Content