កាលពីខែ មិថុនា ឆ្នាំ ២០២៣ មេក្រុមរបស់ក្រុមចម្រៀងល្បី SHINee បានប្រកាសផ្អាកសកម្មភាពពីសិល្បៈមួយរយៈដោយសារបញ្ហាសុខភាព ដោយរូបលោកហាក់ស្រក់គីឡូខុសធម្មតារហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង។


ទាក់ទិននឹងបញ្ហាសុខភាព Onew ក៏បានចេញមកសុំទោសដល់អ្នកគាំទ្រផងដែរ ព្រោះលោកបានធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភខ្លាំង បញ្ហាសុខភាពរបស់លោកមិនមែនជាបញ្ហាធ្ងន់ធ្ងរដែលមិនអាចព្យាបាលជាសះស្បើយឡើយ គ្រាន់តែវាត្រូវការពេលវេលាប៉ុណ្ណោះ។ លោកក៏បានសន្យានឹងត្រឡប់មកវិញនៅពេលសុខភាពរបស់លោកមានភាពប្រសើរឡើងវិញ។
ជាមួយគ្នាដែរ បន្ទាប់ពីបាត់មុខគ្មានដំណឹងអស់រយៈជិត ៥ ខែ ទីបំផុតអ្នកគាំទ្រក៏បានប្រទះឃើញ Onew នៅខាងក្រៅក្នុងស្ថានភាពល្អប្រសើរជាងមុន ទឹកមុខរបស់លោកហាក់មានភាពស្រស់ស្រាយជាងមុនច្រើន។ ជាពិសេស ថែមទាំងបានថតរូបជាមួយអ្នកគាំទ្រជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាតថែមទៀតផង។ លោកហាក់មានកម្លាំងកំហែង និងមើលទៅមានសាច់ជាងមុនបើប្រៀបធៀបទៅកាលពី ៥ ខែមុន។



ការបង្ហាញវត្ដមានរបស់លោកជាសាធារណៈបែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សប្បាយរីករាយ និងជឿជាក់ លោកនឹងអាចវិលត្រឡប់ចូលមកសិល្បៈក្នុងពេលឆាប់វិញ។
គួរបញ្ជាក់ថា បើទោះជាខ្លួនកំពុងមានបញ្ហាសុខភាព ប៉ុន្ដែរូបលោកនៅតែក្រើនរំឮកដល់អ្នកក្បែរខ្លួនជារឿយៗ ព្រមទាំងអ្នកក្នុងអាជីពសិល្បៈឲ្យគិតពីសុខភាពរបស់ខ្លួន មិនថាតែសុខភាពផ្លូវកាយ ឬផ្លូវចិត្តឡើយ។ លោកសង្ឃឹមថា គ្រប់គ្នាអាចរស់នៅដោយសប្បាយរីករាយ។ សារទាំងអស់នេះ ពិតជាធ្វើឲ្យមហាជនរំជួលចិត្ត និងសង្ឃឹមថាលោកនឹងជួបតែរឿងល្អៗ ក្នុងជីវិត ៕


























Account
Security
Favourite Content