កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ គណនី X ផ្លូវការរបស់កម្មវិធីប្រគល់ពានរង្វាន់តន្ត្រីអឺរ៉ុប MTV EMAs បានប្រកាសពីការសម្រេចចិត្តរំសាយចោលនូវការប្រារព្ធកម្មវិធីឆ្នាំនេះដោយសារការប្រែប្រួលព្រឹត្តិការណ៍ពិភពលោក។ ការសម្រេចចិត្តរំសាយកម្មវិធីមួយនេះគឺដើម្បីធានានូវសុវត្ថិភាពរបស់បុគ្គលិករាប់ពាន់នាក់ ដៃគូសហការ សិល្បករ និងអ្នកគាំទ្រដែលធ្វើដំណើរមកពីគ្រប់ទិសទី។

សេចក្ដីថ្លែងការណ៍បន្តថា “MTV EMAs គឺជាការប្រារព្ធពិធីប្រចាំឆ្នាំនៃតន្រ្តីសកល មានន័យនេះជាកម្មវិធីអបអរ សប្បាយជាមួយគ្នារវាងសិល្បករ និងអ្នកគាំទ្រ។ ប៉ុន្តែក្នុងពេលនេះ ព្រឹត្តិការណ៍បំផ្លិចបំផ្លាញនៅអ៊ីស្រាអែល និងហ្គាហ្សានៅតែមិនទាន់បញ្ចប់ និងមានមនុស្សរាប់ពាន់នាក់នៅតែបន្តបាត់បង់ជីវិត ដូច្នេះហើយវាមិនមែនជាពេលដែលយើងត្រូវអបអរនោះទេ វាគឺជាពេលកាន់ទុក្ខ”។

គួរបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ EMAs ឆ្នាំ ២០២៣ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះនៅទីក្រុងប៉ារីស ហើយ Jungkook សមាជិកកូនពៅរបស់ BTS ក៏នឹងគ្រោងឡើងសម្ដែងផងដែរ ខណៈអ្នកដែលមានឈ្មោះប្រកួតប្រជែងពានរង្វាន់ច្រើនជាងគេគឺតារាចម្រៀង Taylor Swift។

ជាមួយគ្នា MTV EMAs ក៏បានបញ្ជាក់ដែរថាបើទោះជាការប្រារព្ធកម្មវិធីត្រូវបានរំសាយចោលពិតមែន ប៉ុន្តែការបោះឆ្នោតឱ្យសិល្បករដែលខ្លួនស្រឡាញ់នៅតែបន្ត ហើយសិល្បករក៏នឹងទទួលបានពានរង្វាន់ដូចធម្មតាដែរ។ ដូច្នេះ MTV EMAs នឹងត្រលប់មកវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ៕


























Account
Security
Favourite Content