យោងតាមការបង្ហោះឱ្យដឹងរបស់គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានឱ្យដឹងថា រូបនាង និងតារាចម្រៀងក្នុងទ្រនំថោន ២ រូបទៀត រួមមាន ម៉ៅ ហាជី និងកញ្ញា រតនៈ ពិសី ត្រូវបានស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ផ្តល់ទិដ្ឋាការ (វីសា) ដើម្បីចេញទៅច្រៀង សម្តែងនៅឯទឹកដីអឺរ៉ុបមួយនោះ នាចុងខែកញ្ញាខាងមុខនេះ។



ក្នុងនោះគណនីហ្វេសប៊ុក Ly Ranette របស់អ្នកស្រី លី សុខុន ដែលគេស្គាល់ថា ជាអ្នកធានាតារាសម្តែងទៅសម្តែងនៅបារាំង បានបង្ហោះ poster មួយសន្លឹក បញ្ជាក់ឱ្យដឹងថា តារាចម្រៀងជួរមុខ ៣ រូបក្នុងផលិតកម្មថោន (Town Production) នឹងត្រូវច្រៀងសម្តែងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ នៅ Restaurant CHINE MASSENA (TIKOK) ប្រទេសបារាំង។ ដូច្នេះ ពុកម៉ែបងប្អូនខ្មែរកំពុងរស់នៅទីនោះ កុំភ្លេចមកចូលរួមរាំលេងកម្សាន្ត និងទទួលយកភាពសប្បាយរីករាយជាមួយសិល្បករខ្មែរ ដែលធ្វើដំណើរឆ្លងទ្វីបទៅសម្តែងឱ្យពុកម៉ែបងប្អូនបានទស្សនាកម្សាន្ត។

គេនៅពុំទាន់ដឹងថា តើតារាចម្រៀងទាំង ៣ រូបនេះ នឹងត្រូវចេញទៅច្រៀងសម្តែងបន្តនៅទីតាំងណាបន្ទាប់ទៀតឡើយ មានតែរង់ចាំការ update ជាមុនសិន។ យ៉ាងណាមិញ គ្រាន់តែទទួលបានទិដ្ឋាការ (វីសា) ពីស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ភ្លាម សុវត្ថិឌី ធារីកា ប្រញាប់ចែកចាយដំណឹងល្អនេះឱ្យពុកម៉ែបងប្អូនបានដឹង និងបានបង្ហាញអារម្មណ៍រំភើប ដែលនាងនឹងបានធ្វើដំណើរទៅសម្តែងដល់ទ្វីបអ៊ឺរ៉ុបឆាប់ៗនេះ៕

























Account
Security
Favourite Content