និយតករចិនបានដាក់ស្នើច្បាប់ដែលនឹងកំណត់អាយុ ក្មេងក្រោមអាយុ ១៨ ឆ្នាំអាចប្រើប្រាស់ទូរស័ព្ទដៃត្រឹមពីរម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
រដ្ឋបាលនិយតករអ៊ីនធឺណិតរបស់ចិន(CAC) ដែលជាអ្នកឃ្លាំមើលសកម្មភាពអនឡាញក្នុងប្រទេសចិន បានឱ្យដឹងថា វិធានការនេះគឺធ្វើឡើងក្នុងគោលបំណង ធ្វើយ៉ាងណាឱ្យបរិយាកាសអ៊ីនធឺណិតមានសុវត្ថិភាព និងល្អសម្រាប់អនីតិជន។

នៅក្រោមការរឹតបន្តឹងនេះ អ្នកផ្គត់ផ្គង់ទូរស័ព្ទដៃទំនើបនឹងទទួលបន្ទុកភ្ជាប់នូវមុខងារ minor mode ឬកម្មវិធីមុខងារអនីតិជន ដែលរារាំងអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំពីការចូលប្រើអ៊ីនធឺណិតចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹក។
ជាមួយគ្នានេះ និយតករអ៊ីនធើណេតរបស់ប្រទេសចិនក៏បាននិយាយថា អ្នកផ្តល់សេវាអ៊ីនធើណេតក៏នឹងត្រូវកំណត់ពេលវេលានៅក្រោមកំណែទម្រង់ដែលបានស្នើឡើងនេះដែរ ដោយបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនភាគច្រើនបានធ្លាក់ចុះ។
ប្រព័ន្ធថ្មីនេះនឹងកំណត់ ម៉ោងលេងរបស់ក្មេងទៅតាមលំដាប់អាយុ ដោយក្មេងក្រោមអាយុ ៨ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អតិបរមា ឬត្រឹម ៤០នាទីក្នុងមួយថ្ងៃ។ ក្មេងដែលមានអាយុលើសពី ៨ឆ្នាំ ប៉ុន្តែអាយុក្រោម ១៦ ឆ្នាំអាចប្រើទូរស័ព្ទរបស់ពួកគេមិនឱ្យលើសពី ១ម៉ោងក្នុងមួយថ្ងៃ ចំណែកឯក្មេងអាយុ ១៦ និង១៧ឆ្នាំ ត្រូវបាន អនុញ្ញាតឱ្យប្រើប្រាស់បានដល់ ២ម៉ោង៕




















































Account
Security
Favourite Content