«Yeezy Shoes» ជាម៉ាកស្បែកជើងដ៏ល្បីល្បាញដែលក្រុមហ៊ុន Adidas សហការជាមួយតារាចម្រៀងរ៉េបអាមេរិក Kanye West បានផ្អាកការលក់របស់ខ្លួនតាំងពីខែតុលា ឆ្នាំមុនមកម្ល៉េះដោយសារ ការផ្តាច់កុងត្រាភ្លាមៗជាមួយតារារ៉េបរូបនេះ។
ស្បែកជើងដែលលក់មិនអស់ទៅតាមការកំណត់ ដោយសារផ្តាច់ការសហការទាំងនោះ ស្រាប់តែថ្មីៗនេះត្រូវបាន ក្រុមហ៊ុនសម្លៀកបំពាក់អាល្លឺម៉ង់កែច្នៃវិធីដាក់លក់ស្បែកជើងនោះឡើងវិញ និងទទួលបានការបញ្ជាទិញរហូតដល់៤លានគូ ទទួលបានទឹកប្រាក់ខ្ទង់ ៥៦៥លានដុល្លារ ក្នុងរយៈត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ។

គួរជម្រាបថា ក្រុមហ៊ុន Adidas បានបញ្ឈប់ការលក់ស្បែកជើង Yeezy ក្រោយបញ្ចប់កុងត្រាភ្លាមៗជាមួយ Kanye West កាលពីខែតុលា បន្ទាប់ពីតារារូបនេះបញ្ចេញមតិ លើបណ្តាញសង្គមប្រឆាំងនឹងសាសនា ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សជាច្រើន។
យ៉ាងណាមិញ ជុំវិញចំណូលដែលបានមកពីការលក់ស្បែកជើងប៉ាត់តាខាងលើ ក្រុមហ៊ុន Adidas បាននិយាយកាលពីខែឧសភាថា ខ្លួននឹងបរិច្ចាគប្រាក់ចំណូលមួយចំនួន ដែលបានមកពីការលក់ទៅឲ្យអង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រកាន់សាសនា និងការរើសអើងជាតិសាសន៍។ ប្រភពបានឲ្យដឹងថា ចំនួនដែលនឹងត្រូវបរិច្ចាគដល់អង្គការសប្បុរសធម៌ កំពុងដំណើរការ ដោយបន្ថែមថា ក្រុមហ៊ុនបានជ្រើសរើសអង្គការសប្បុរសធម៌ចំនួន៥ នៅសហរដ្ឋអាមេរិក និងប្រទេសចិនជាជំហានដំបូង៕




















































Account
Security
Favourite Content