ផ្អែកតាមការចុះផ្សាយរបស់ Variety បានឱ្យដឹងថា ផលិតកម្ម Warner Bros. បានចាយប្រាក់ប្រមាណ ១៥០លានដុល្លារសម្រាប់ការធ្វើទីផ្សារលើភាពយន្ត “Barbie” ដែលការចំណាយនេះគឺអស់ច្រើនជាងដើមទុនផលិតដែលចាយអស់ ១៤៥លានដុល្លារទៅទៀត។

ការធ្វើទីផ្សារទាំងនេះមានច្រើនរូបភាព ចាប់ពីការបង្កើតវិបសាយដែលអ្នកគាំទ្រអាចចូលបង្កើត Poster ផ្ទាល់ខ្លួនបាន ការផលិតផ្ទះដូចផ្ទះក្នុងក្ដីស្រមៃរបស់តុក្កតា Barbie សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការផ្សព្វផ្សាយ ការសហការជាមួយតារាល្បីៗ ក្រុមហ៊ុនធានារ៉ាប់រង រហូតដល់ការសហការជាមួយ Burger King ដើម្បីធ្វើបឺហ្គឺពណ៌ផ្កាឈូកជាដើម។
លោក Josh Goldstine ប្រធានផ្នែកទីផ្សារសកលរបស់ Warner Bros បានបន្ថែមថាក្រុមហ៊ុនជាច្រើនបានចូលរួមក្នុង Barbie Trend តាមរយៈការបញ្ចេញផលិតផលពណ៌ផ្កាឈូកៗមិនថាស្បែកជើង កាបូប តង្កៀបកៀបសក់ ម្ហូបអាហារ របស់លេង សម្ភារៈហ្គេម និងសម្ភារៈសម្រាប់សត្វចិញ្ចឹមក៏មាន។

ចំណែកលោក Moshe Isaacian ជាអ្នកយុទ្ធសាស្រ្តម៉ាកយីហោ (Brand strategist) បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ “យុទ្ធសាស្រ្តសម្រាប់រឿង Barbie គឺធ្វើយ៉ាងណាឱ្យមនុស្សទូទាំងពិភពលោកមានអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងពិភព Barbie។ ក្រុមទីផ្សារធ្វើការងារនេះបានល្អខ្លាំងណាស់។ ពួកគេធ្វើឱ្យអ្វីៗក្នុងរឿងលេចចេញមកក្នុងជីវិតពិត ហើយទីបំផុតគ្រប់គ្នាក៏បានដឹងអំពីការចេញបញ្ចាំងភាពយន្ត”។
យុទ្ធសាស្រ្តទីផ្សារនេះពិតជានាំផលចំណេញយ៉ាងទាន់ចិត្តភ្លាមៗដោយក្រោយចេញបញ្ចាំង ភាពយន្តនេះក៏បានក្លាយជាភាពយន្តដែលរកចំណូលនៅសប្ដាហ៍ដំបូងបានខ្ពស់ជាងគេនៅអាមេរិកសម្រាប់ឆ្នាំ២០២៣នេះ។ ផ្អែកតាម The Hollywood Reporter កាលពីចុងសប្ដាហ៍កន្លងទៅ “Barbie” អាចរកចំណូលបាន ១៥៥លានដុល្លារពីការបញ្ចាំងនៅអាមេរិក ហើយបើគិតទាំងចំណូលទូទាំងពិភពលោកគឺ ៣៣៧លានដុល្លារ។

ចំណូលយ៉ាងច្រើននេះ ធ្វើឱ្យភាពយន្តដែលជាស្នាដៃដឹកនាំរបស់ផលិតករស្រី Greta Gerwig អាចកាន់កាប់កំណត់ត្រាជាច្រើនដូចជា៖ ជាភាពយន្តដឹកនាំដោយអ្នកដឹកនាំស្រីដែលអាចរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុត និងជាភាពយន្តរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុតប្រចាំឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដោយអាចវ៉ាដាច់ភាពយន្តធំៗផ្សេងៗទៀតដែលចេញក្នុងឆ្នាំនេះដូចជា The Super Mario, Spider-Man: Across the Spider-Verse និង Guardians of the Galaxy វគ្គ៣ ជាដើម។
លើសពីនេះទៀត ភាពយន្តនេះក៏ជាស្នាដៃដែលអាចរកចំណូលនៅសប្ដាហ៍ដំបូងបានខ្ពស់បំផុតរបស់តារាសម្ដែង Margot Robbie និង Ryan Gosling ផងដែរ ៕




























Account
Security
Favourite Content