២០ ឆ្នាំក្រោយបញ្ចប់ការដឹកនាំរឿងដំបូងរបស់ខ្លួន ដែលថតនៅកម្ពុជា លោក Matt Dillon និងសហការីរបស់ខ្លួនបានត្រលប់មកទឹកដីកម្ពុជាវិញដោយក្តីនឹករលឹក និងចែករំលែកបទពិសោធន៍ក្នុងការផលិតភាពយន្តរបស់ខ្លួន។
បើតាមការបង្ហោះរបស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានឱ្យដឹង Matt Dillon បានចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈរបស់គាត់តាមរយៈសិក្ខាសាលា Filmmaking Masterclass រួមជាមួយអ្នកដឹកនាំការថតរូប Jim Denault និងការីកាមេរ៉ា John Pirozzi ដែលមានការសម្របសម្រួលដោយផលិតករភាពយន្តខ្មែរ-បារាំង ជូ ដាវី និងអ្នកនិពន្ធ យ៉ាន រស្មី។

រូបភាព៖ CIFF / BOPHANA CENTER
មកដល់កម្ពុជាលើកនេះ តារាហូលីវូដ រូបនេះបានទៅទស្សនាទីតាំងជាច្រើនដូចជា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (សសរ) ស៊ីណេហាប់ មជ្ឈមណ្ឌលបុប្ផាណា ហើយខណៈពេលនេះលោកកំពុងតែមានវត្តមាននៅខេត្តកំពត។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង “ទីក្រុងខ្មោច” នៅរាជធានីភ្នំពេញជាមួយនឹងសមិទ្ធករ និងតារាសម្តែងហូលីវូដ លោក Matt នឹងនាំខ្សែភាពយន្តមួយនេះទៅខេត្តកំពត ដែលជាទីតាំងនៃការផលិតទស្សនីយភាពនានាក្នុងខ្សែភាពយន្តរបស់លោកកន្លងមក។
ថ្ងៃពុធ ទី១២ ខែកក្កដានេះ រឿង «ទីក្រុងខ្មោច» នឹងត្រូវបានយកទៅចាក់បញ្ចាំងម្តងទៀតក្រោមវត្តមានរបស់ Matt Dillon ផ្ទាល់ រួមជាមួយនឹងការពិភាក្សាអំពីខ្សែភាពយន្តបន្ថែមទៀត ដែលមានវត្តមានរបស់តារាសម្តែងកញ្ញា រ៉េតសារីតាផងដែរ។
ការចាក់បញ្ចាំងនេះនឹងធ្វើឡើងនៅមាត់ព្រែក ក្រុងកំពត ចាប់ពីម៉ោង ៦យប់ ដែលអនុញ្ញាត្តឱ្យចូលរួមបានស៊េរីដោយគ្រាន់តែយក កន្ទេល ឬកម្រាលអង្គុយផ្ទាល់ខ្លួនមក៕


























Account
Security
Favourite Content