ឆ្នាំ២០២៣នេះមានហេតុការណ៍ជាច្រើនកើតឡើងក្នុងវិស័យខេប៉ុបប៉ុន្តែរឿងធំមួយនោះគឺរឿង សមាជិកក្រុមចម្រៀងថ្មី FIFTY FIFTY ម្ចាស់បទចម្រៀងល្បី “Cupid” បានសម្រេចចិត្តប្ដឹងផលិតកម្មរបស់ខ្លួន។ ប្រសិនបើគ្មានបញ្ហាពាក់ព័ន្ធការគ្រប់គ្រង ក្រុមចម្រៀងថ្មីនេះអាចមានឱកាសធ្វើឱ្យផលិតកម្មរបស់ពួកគេក្លាយជាផលិតកម្មធំបាននាពេលអនាគត។ និយាយពីរឿងនេះហើយ ធ្វើឱ្យយើងនឹកដល់ក្រុមចម្រៀងខ្លាំងៗក្នុងវិស័យខេប៉ុបដែលអាចទទួលជោគជ័យរហូតអាចនាំផលិតកម្មរបស់ខ្លួនក្លាយជាផលិតកម្មដែលល្បី ហើយផលិតកម្មខ្លះក៏បានក្លាយជាបងធំក្នុងវិស័យថែមទៀត។ ចង់ដឹងថាមានផលិតកម្មអ្វីខ្លះ សូមមកតាមដានជាមួយ AMS តែម្ដង!
១. SM Entertainment


ដំបូងនេះយើងនិយាយពីផលិតកម្មធំៗសិន ដោយចាប់ផ្ដើមពី SM Entertainment ដែលតែងអះអាងថាខ្លួនជាផលិតកម្មលេខ១ក្នុងវិស័យខេប៉ុប។ បើទោះបីក្នុងឆ្នាំនេះ SM បានជួបរឿងរ៉ាវផ្សេងៗជាច្រើន ប៉ុន្តែយ៉ាងណាផលិតកម្មនេះនៅតែជាផលិតកម្មមួយដែលមានគេស្គាល់ច្រើនបំផុតក្នុងវិស័យខេប៉ុប។ ហើយបើនិយាយពីក្រុមដែលធ្វើឱ្យ SM អាចប្រែក្លាយជាផលិតកម្មធំនោះគឺក្រុមចម្រៀងបុរស HOT។ បើទោះបីក្រុមនេះមិនមែនជាក្រុមដំបូងរបស់ SM ប៉ុន្តែ HOT គឺជាក្រុមដំបូងដែលបានបង្ហាញខ្លួនក្នុងលក្ខណៈជាក្រុមអាយដល និងអាចនិយាយបានថាជាក្រុមខេប៉ុបដំបូងៗគេតែម្ដង។ ដោយសារអត្ថន័យចម្រៀងចាក់ដោតអារម្មណ៍យុវវ័យ រួមទាំងមុខមាត់សង្ហាឆក់យកបេះដូងស្រីៗទូទាំងប្រទេស ធ្វើឱ្យពេលនោះ HOT គឺជាក្រុមដែលទទួលបានជោគជ័យបំផុតនៅកូរ៉េខាងត្បូង ដោយអាចលក់អាល់ប៊ុមបានលើស ១លានឈុតជាប់ៗគ្នាច្រើនអាល់ប៊ុម និងនាំឱ្យ SM អាចរីកចម្រើនធំឡើងៗក្នុងរយៈពេលដ៏ខ្លី។ ក្រោយមកពួកគេក៏បានបង្កើតក្រុមចម្រៀងគុណភាពៗជាច្រើនមកដល់បច្ចុប្បន្ន។ ប៉ុន្តែបើគ្មាន HOT នៅថ្ងៃនោះ SM ឬអាចនិយាយថាវិស័យខេប៉ុបទាំងមូល ក៏ប្រហែលមិនមែនដូចសព្វថ្ងៃនេះក៏ថាបាន។
២. YG Entertainment

ផលិតកម្មធំមួយទៀតដែលមិនអាចរំលងបាននោះគឺ YG Entertainment ដែលជាទ្រនំរបស់ក្រុមចម្រៀងល្បីលំដាប់ពិភពលោក BLACKPINK និងក្រុមចម្រៀងជំនាន់ថ្មីកំពុងពេញនិយម Treasure។ ប៉ុន្តែមុននឹងបានក្លាយជាផលិតកម្មដែលមានអគារធំអស្ចារ្យដូចបច្ចុប្បន្ន ដើមឡើយ YG ត្រូវបានគេស្គាល់ក្នុងនាមជាផលិតកម្មលំដាប់មធ្យមដែលពោរពេញទៅដោយតារាហ៊ីបហប់ រហូតដល់មានការ Debut ក្រុមចម្រៀងបុរសសមាជិក ៥នាក់មួយមានឈ្មោះថា BIGBANG។ បើទោះបីត្រូវបានបង្កើតឡើងជាក្រុមអាយដលដែលមានទាំងការរាំនិងការច្រៀង ប៉ុន្តែស្ទីលបទចម្រៀង និងស្ទីលរបស់សមាជិកក៏នៅតែមានលក្ខណៈហ៊ីបហប់ពេញទំហឹង ហើយក្រោយមកស្ទីលពួកគេក៏បានក្លាយជាស្ទីលប្រចាំត្រកូលរបស់ YG រហូតមកដល់បច្ចុប្បន្ន។ តាមរយៈភាពជោគជ័យរបស់ BIGBANG បានធ្វើឱ្យ YG ក្លាយជាផលិតកម្មធំមួយក្នុងចំណោមផលិតកម្ម ធំទាំង ៣នៃវិស័យខេប៉ុបភ្លាមៗ ហើយក្រុម BIGBANG ផ្ទាល់ក៏បានគ្រងតំណែងជាក្រុមកំពូលរបស់ខេប៉ុបរហូតដល់ជាង១០ឆ្នាំ ជាមួយក្រុម 2NE1 មុននឹងផ្ទេរតំណែងឱ្យ BLACKPINK ជាអ្នកបន្តវេននៅឆ្នាំ២០១៦។ ត្បិតថាគួរឱ្យស្ដាយបន្តិច ដែលសមាជិក BIGBANG គ្មានឱកាសប្រើបន្ទប់ហាត់សមរបស់អគារថ្មីតាមដែលពួកគេធ្លាប់ស្រមៃ ប៉ុន្តែដូចអ្វីដែល Yang Hyun-suk ធ្លាប់និយាយអីចឹង គឺ YG មិនមែនអ្នកសាង BIGBANG នោះទេ ប៉ុន្តែ BIGBANG ទេដែលជាអ្នកកសាង YG។
៣. HYBE

ផលិតកម្មមួយទៀតដែលមិនអាចបំភ្លេចបានគឺផលិតកម្មធំបំផុតក្នុងវិស័យខេប៉ុបនាពេលបច្ចុប្បន្ន HYBE Corporation ឬពីមុនមកត្រូវបានគេស្គាល់ក្រោមឈ្មោះ Big Hit Entertainment។ ដោយផលិតកម្មនេះក៏បានចាប់ផ្ដើមពីចំណុចតូចៗទៅដែរ គឺដំបូងឡើយពួកគេជាអ្នកទទួលខុសត្រូវចាត់ចែងការងាររបស់ក្រុម 2AM រួមជាមួយផលិតកម្ម JYP មុននឹងទទួលបរាជ័យធ្ងន់កជាមួយក្រុម GLAM ដែលជាក្រុមចម្រៀងនារីដំបូងរបស់ពួកគេ។ ក្រោយមកផលិតករ Bang Si-hyuk ដែលជាស្ថាបនិកក្រុមហ៊ុនរួមជាមួយក្រុមការងារតែជាង១០នាក់របស់គាត់ក៏បានធ្វើការរួបរួមក្មេងប្រុស ៧នាក់ដែលរំពឹងថានឹងក្លាយជាក្ដីសង្ឃឹមថ្មីរបស់ផលិតកម្ម ហើយក្រុមនោះគឺ Bangtan Sonyeondan ឬគ្រប់គ្នាស្គាល់តាមរយៈឈ្មោះកាត់ BTS នោះឯង។ ចំពោះភាពជោគជ័យរបស់ក្រុមនេះ អេតមីនមិនបាច់រៀបរាប់ច្រើននោះទេ ព្រោះប្រិយមិត្តខេប៉ុបបានដឹងគ្រប់ៗគ្នាហើយ ថាពួកគេបានផ្លាស់ប្ដូរ Big Hits ពីផលិតកម្មតូចតាចឱ្យក្លាយជាផលិតកម្មធំបំផុតនិងបានទិញយកផលិតកម្មផ្សេងៗមកធ្វើជាបុត្រសម្ព័ន្ធរបស់ខ្លួនយ៉ាងច្រើន ធ្វើឱ្យការិយាល័យជួលតូចមួយរបស់ពួកគេដែលធ្លាប់មានបុគ្គលិកតែប៉ុន្មាននាក់ ប្រែក្លាយជាអគារដ៏ធំថ្មីកណ្ដាលក្រុងដែលមានបុគ្គលិករាប់ពាន់នាក់ និងផលិតបានក្រុមចម្រៀងលំដាប់ Top ក្នុងវិស័យខេប៉ុបបន្តបន្ទាប់ជាច្រើន។ បើគិតត្រលប់ទៅការចាប់ផ្ដើមវិញ វាពិតជាមិនគួរឱ្យជឿពិតមែនថាគ្រប់យ៉ាងនេះអាចកើតឡើងបានតាមរយៈកម្លាំងរបស់ក្មេងប្រុស៧នាក់និងក្រុមការងារតែប៉ុន្មាននាក់ប៉ុណ្ណោះ។
៤. Pledis Entertainment


និយាយពី HYBE រួចហើយ យើងងាកមកមើលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE មួយគឺ Pledis Entertainment ដែលបើទោះបីជាមានឈ្មោះមិនសូវល្អពាក់ព័ន្ធការគ្រប់គ្រង ប៉ុន្តែសិល្បករមកពីផលិតកម្មមួយនេះក៏សុទ្ធតែជាតារាមានគុណភាព ថែមទាំងជាទ្រនំរបស់ SEVENTEEN ដែលក្រុមកំពូលមួយនាពេលបច្ចុប្បន្នថែមទៀត។ តែបើត្រលប់ទៅកាលឆ្នាំ២០០៧ ក្រៅពីមានតារាចម្រៀងស្រីល្បីឈ្មោះ Son Dombi ផលិតកម្ម Pledis ស្ទើរតែជាផលិតកម្មដែលគ្មានប្រព័ន្ធគ្រប់គ្រងអ្វីទាំងអស់ ពោលគឺមានតែបន្ទប់វាលៗសម្រាប់តារាហាត់សមប៉ុណ្ណោះ រហូតដល់មានការចូលមករបស់តារាស្រីឈ្មោះ Kahi។ ជាសិល្បករដែលមានបទពិសោធន៍ជាច្រើនទាំងជាអ្នករាំ និងជាសមាជិកក្រុមចម្រៀង Kahi បានចូលផលិតកម្ម Pledis និងបានជ្រើសរើសសមាជិកក្រុមដោយខ្លួនឯងដើម្បី Debut ជាក្រុមចម្រៀងថ្មីមានឈ្មោះថា After School ហើយក៏បានក្លាយជាក្រុមលំដាប់ Top មួយរបស់ខេប៉ុបក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែបន្ទាប់ពី Kahi ចាកចេញពីក្រុម ការងាររបស់ក្រុម After School ក៏ធ្លាក់ចុះ ហើយការគ្រប់គ្រងតារាចម្រៀងផ្សេងៗក្នុងផលិតកម្មក៏ហាក់ដូចជាមានបញ្ហា។ ប៉ុន្តែជាសំណាងល្អ ពួកគេនៅមានក្រុម SEVENTEEN ដែលអាចកសាងកេរ្តិ៍ឈ្មោះកាន់តែល្បីទៅៗមិនឈប់ រហូតដល់ Pledis ត្រូវបាន Big Hits ទិញយក ធ្វើឱ្យពួកគេក្លាយជាផលិតកម្មធំមួយដែរនៅពេលបច្ចុប្បន្ន។ ប៉ុន្តែប្រសិនបើ Kahi មិនបានសម្រេចចិត្តដើរចូលផលិតកម្មនៅពេលនោះ គ្រប់យ៉ាងនៅពេលនេះប្រហែលជាមិនអាចកើតឡើងឡើយក៏ថាបាន។
៥. RBW (Rainbowbridge World)

និយាយពីផលិតកម្មធំៗរួចហើយ យើងមកនិយាយអំពីផលិតកម្មលំដាប់មធ្យមវិញម្ដង ដោយចាប់ផ្ដើមពី RBW ដែលរយៈពេលពីរបីឆ្នាំចុងក្រោយ ផលិតកម្មមួយនេះបានដើរទិញផលិតកម្មតូចៗមកធ្វើបុត្រសម្ព័ន្ធរបស់ខ្លួនជាហូរហែ មានជាអាទិ៍ដូចជាផលិតកម្ម WM Entertainment, Urban Work និងសូម្បីតែផលិតកម្ម DSP Media ដែលធ្លាប់ជាគូប្រជែងរបស់ SM Entertainment ថែមទៀត។ ត្រលប់ទៅឆ្នាំ២០១០ ផលិតកម្មមួយនេះគឺគ្រាន់តែជាក្រុមហ៊ុនតូចមួយដែលមានតែតារាទោល និងអ្នកចម្រៀងគូប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១៤ ទើបពួកគេបាន Debut ក្រុមចម្រៀងដំបូងដែលមានសមាជិក ៤នាក់ មានឈ្មោះថា Mamamoo។ ក្រុមចម្រៀងនេះបានមកជាមួយរូបភាពខុសពីក្រុមខេប៉ុបផ្សេងៗ ដោយមានស្ទីលប្រចាំខ្លួន និងទេពកោសល្យក្នុងការច្រៀងលើសពីក្រុមខេប៉ុបទូទៅយ៉ាងខ្លាំង ធ្វើឱ្យមនុស្សជាច្រើនចាត់ទុកពួកគេថាជា Artist។ ក្រោយចេញអាល់ប៊ុមពីមួយទៅមួយ កេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែល្បីទៅៗរហូតក្លាយជាក្រុមកំពូលមួយក្នុងចំណោមក្រុមកំពូលទាំង ៥នៃជំនាន់ទី៣។ តាមរយៈភាពជោគជ័យរបស់ពួកគេ ក៏បានធ្វើឱ្យ RBW មានប្រាក់ចំណូលច្រើនគ្រប់គ្រាន់នឹងប្រមូលទិញផលិតកម្មតូចៗមកធ្វើជាបុត្រសម្ព័ន្ធរបស់ខ្លួន។
កាលពីឆ្នាំ២០២២ RBW ក៏បានធ្វើជាអ្នករៀបចំការវិលត្រលប់មកវិញរបស់អតីតកំពូលក្រុមចម្រៀងស្រី KARA ថែមទៀតផង។ បើទោះជាបច្ចុប្បន្ន សមាជិក Mamamoo ពាក់កណ្ដាលមិនបានបន្តិកិច្ចសន្យាជាមួយផលិតកម្មនេះតទៀត ប៉ុន្តែនៅពេលដែលនិយាយដល់ RBW គ្រប់គ្នានឹងនឹកឃើញឈ្មោះ Mamamoo មុនគេ។
៦. Woollim Entertainment

ផលិតកម្មតូចមួយទៀតដែលអេតមីនចង់លើកមកនិយាយដែរ គឺ Wollim Entertainment ដែលទោះបីជាបច្ចុប្បន្នតារារបស់ពួកគេមិនសូវជាល្បីល្បាញខ្លាំង ប៉ុន្តែផលិតកម្មនេះប្រហែលជាមិនអាចកើតឡើងនិងបន្តដល់បច្ចុប្បន្នឡើយប្រសិនបើគ្មានភាពជោគជ័យពីក្រុមចម្រៀងបុរសឈ្មោះ Infinite។ ពីការ Debut ដែលទទួលបានការគាំទ្រតិចតួច មកដល់ចំណុចមួយ CEO ផលិតកម្មក៏បានសម្រេចចិត្តលក់ផ្ទះខ្លួនឯងដើម្បីវិនិយោគសម្រាប់ការ Comeback របស់ពួកគេដែលអាចជាការ Comeback លើកចុងក្រោយបើសិនជានៅតែមិនជោគជ័យ។ តែជាសំណាងល្អ ដែលបទ “Be Mine” បានទទួលជោគជ័យយ៉ាងល្អប្រសើរ និងធ្វើឱ្យ Woollim អាចកសាងខ្លួនមកវិញបានយ៉ាងឆាប់រហ័ស។ បន្តមកទៀត Infinite ក៏បន្តបញ្ចេញបទចម្រៀងល្បីៗមកទៀតដូចជាបទ “The Chaser” ដែលបទនេះបានទទួលជោគជ័យយ៉ាងខ្លាំងជាកម្រិតអន្តរជាតិ ដោយខាង Billboard បានចាត់ទុកបទនេះជាបទចម្រៀងខេប៉ុបល្អបំផុតប្រចាំឆ្នាំ២០១២ ហើយទស្សនាវដ្ដី Rolling Stone ក៏បានចាត់ទុកបទនេះជាបទពីក្រុមចម្រៀងបុរសល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន សមាជិក Infinite ទាំងអស់បានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម Woollim ហើយ និងបានចេញមកបើកផលិតកម្មខ្លួនឯងតែម្ដងដោយត្រៀមធ្វើការ Comeback ជាថ្មីក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែពួកគេនៅតែមិនបំភ្លេចគុណទ្រនំចាស់ និងនៅតែមានទំនាក់ទំនងល្អជាមួយ CEO Woollim ដូចដើម។
៧. CUBE

ត្រលប់ទៅឆ្នាំ២០០៩ CUBE Entertainment ត្រូវបានចាត់ទុកថាជាផលិតកម្មមួយដែលចាប់ផ្ដើមភ្លាមក៏ទទួលបានជោគជ័យខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយក្រុមចម្រៀង២ក្រុមដំបូង ដែលពួកគេបាន Debut នៅឆ្នាំនោះគឺ 4minute និង Beast។ តាមរយៈភាពជោគជ័យក្នុងរយៈពេលដ៏ខ្លីពីក្រុមទាំងពីរនៅពេលនោះ ក៏ធ្វើឱ្យមនុស្សជាច្រើនហៅ CUBE ថាជា Big 4 រួមជាមួយ SM, JYP និង YG តែម្ដង។ តែបើក្រឡេកមើលបច្ចុប្បន្ន អ្នកគាំទ្រខេប៉ុបប្រាកដជាដឹងហើយថាស្ថានភាពផលិតកម្មនេះធ្លាក់ចុះបែបណា។ តែសំណាងល្អដែលផលិតកម្មនេះនៅមានក្រុមចម្រៀងលំដាប់ Top ដូចជា G(I-dle) ជាបង្គោល។ យ៉ាងណាក៏ដោយមិនថាមានអ្វីកើតឡើងបន្ទាប់ពីនេះ អ្នកគាំទ្រជាច្រើននឹងនៅតែមិនភ្លេចពីពេលវេលាដ៏រុងរឿងរបស់ CUBE កាលពីជាង១០ឆ្នាំមុននោះឡើយ។
៨. Starship Entertainment

ផលិតកម្មបន្ទាប់នេះគឺជាផលិតកម្មលំដាប់មធ្យមដែលកំពុងវិវត្តខ្លួនក្លាយជាផលិតកម្មធំបណ្ដើរៗហើយ នោះគឺ Starship Entertainment។ បច្ចុប្បន្ន IVE ដែលជាសិល្បកររបស់ពួកគេគឺជាក្រុមលំដាប់ Top មួយរបស់ខេប៉ុប ប៉ុន្តែបើនិយាយពីក្រុមដែលជាអ្នកកសាងគ្រឹះឱ្យ Starship អាចដើរមកដល់ថ្ងៃនេះបានគឺក្រុមចម្រៀងស្រីមានសមាជិក ៤នាក់ដែលមានឈ្មោះថា Sistar។ បើទោះជាពេល Debut ពួកគេមិនសូវទទួលបានការចាប់អារម្មណ៍ច្រើនភ្លាមៗដូចក្រុមដទៃ ប៉ុន្តែតាមរយៈចំណុចខ្លាំងរបស់ពួកគេគឺភាពសិចស៊ី និងស្នាដៃចម្រៀងដែលចេញមកគឺសុទ្ធតែជាបទដែលមានគុណភាពទាក់ចិត្តអ្នកស្ដាប់បានទាំងអស់ ធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកើនឡើងច្រើនឡើងៗរហូតក្លាយជាម្ចាស់រហស្សនាម Summer Queen និងក្លាយជាកំពូលសិល្បករឌីជីថលដែលអាចសាងចំណូលយ៉ាងមហាសាល រហូតធ្វើឱ្យ Starship អាចផ្លាស់ការិយាល័យមកអគារធំថ្មី ដោយមិនចាំបាច់ជួលអគាររួមជាមួយក្រុមហ៊ុនផ្សេងៗបន្តទៀត។ បើទោះជាបច្ចុប្បន្ន សមាជិកក្រុមនេះបានចែកផ្លូវគ្នាអស់ហើយ ប៉ុន្តែបទចម្រៀងរបស់ពួកគេនៅតែត្រូវបានគេចាក់ស្ដាប់មិនធុញទ្រាន់។
៩. KQ Entertainment

ងាកមកមើលផលិតកម្មបង្កើតថ្មីៗវិញម្ដង គឺផលិតកម្ម KQ Entertainment ដែលបានទទួលជោគជ័យខ្លាំងភ្លាមៗជាមួយការ Debut ក្រុមដំបូងមានឈ្មោះថា ATEEZ។ ក្រុមចម្រៀងបុរសមួយនេះបានចំណាយពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះដើម្បីនាំខ្លួនឯងទៅរកភាពល្បីល្បាញលំដាប់ពិភពលោក និងបានក្លាយជាក្រុម Boy Group ដ៏ល្បីបំផុតមួយនៅយុគបច្ចុប្បន្ន ដោយអាចលក់អាល់ប៊ុមមួយៗបានលើស ១លានឈុត ដែលករណីបែបនេះស្ទើរតែមិនធ្លាប់កើតមានឡើយសម្រាប់ផលិតកម្មដែលទើបបង្កើតថ្មី។ ចុងក្រោយនេះពួកគេក៏បាន Debut ក្រុមបុរសថ្មីមួយទៀតឈ្មោះថា Xikers ដែលបានក្លាយជាក្រុមចម្រៀងថ្មីមួយដែលកំពុងល្បីបំផុតនៅឆ្នាំ២០២៣។ អាចនិយាយបានថាពេលនេះ KQ កំពុងស្ថិតក្នុងដំណាក់កាលរុងរឿងយ៉ាងពិតប្រាកដ ៕






















































Account
Security
Favourite Content